ជាតិ
សង្គមជាតិ
ស្ថាប័ន​លក់​សំបុត្រ​ចូល​អង្គរ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​សម្ពោ​ធ​ជា​ផ្លូវការ
01, Mar 2016 , 6:06 pm        
រូបភាព
សៀមរាប៖ គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល បានដាក់​សម្ពោ​ធ​ជា​ផ្លូវការ​ហើយ​នៅ​រសៀល​ថ្ងៃទី១ មិនា​នេះ។ គ្រឹះស្ថាន​អង្គរ មាន​ស្នាក់ការ​នៅ​រង្វង់​មូល​ផ្លូវ៦០ម៉ែត្រ ជាប់​នឹង​សារមន្ទីរ​សព្វ​ទស្ស​អង្គរ ខាងត្បូង​សាលាខេត្ត​សៀមរាប។



យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៦ លោក លី សែ ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​អង្គរ។ ចំណែក​សមាសភាព​ក្រុមប្រឹក្សាភិបាល​មាន ៦រូប ក្នុងនោះ​រួមមាន លោក ឈន សុភាព តំណាង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន លោក សុង តុង​ហាប់ តំណាង​ពី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន និង​មាន​សមាជិក៤រូប មាន​លោក បួន លឹម​ហេង តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ុន ទឹម តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក សុខ សង្វា តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក លី សំរឹទ្ធ តំណាង​ពីសា​លា​ខេត្តសៀមរាប។

បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចូលរួម​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ​នៅ​រសៀល​ថ្ងៃនេះ ក្រៅពី​សមាសភាព​ខាងលើ ក្រសួង​សេដ្ឋកិច្ច​បាន​តែងតែ​លោក ណ​ម ពិសិដ្ឋ ជា​មន្ត្រី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​នៅ​គ្រឹះស្ថាន​អង្គរ​នេះ​ផងដែរ។

សូមបញ្ជាក់ថា ការរៀបចំ និង​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ បាន​ប្រើពេល​ជាង ៣ខែ រាប់​ចាប់ពី​លោកនាយក​រដ្ឋមន្ត្រី បាន​សម្រេចយក​សិទ្ធិ​គ្រប់គ្រង​នេះ​ពី​ក្រុមហ៊ុន​សុខាអូតែល​រួចមក។ តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចាប់ពី​ដើមឆ្នាំ២០១៦មក មាន​មន្ត្រី​ពី​ក្រសួង​សេដ្ឋកិច្ច២រូប និង​ទេសចរណ៍២រូប ដែល​បានដាក់​អម​ឲ្យ​ធ្វើការ​នឹង​ក្រុមហ៊ុន​សុខាអូតែល ចំពោះ​ដំណើរការ​ការលក់​សំបុត្រ​នេះ។ ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នាពេល​កន្លងមក បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នកនយោបាយ ចំពោះ​ការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នកមាន​សិទ្ធិ​គ្រប់គ្រង​នៅ​តំបន់​មួយ​នេះ៕


Tag:
 គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com