អត្ថបទពាណិជ្ជកម្ម
១៦​ថ្ងៃ នៃ​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​ស្ដីពី​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​
20, Dec 2016 , 2:28 pm        
រូបភាព
​រដ្ឋាភិបាល អង្គការ និង​ក្រុម​អ្នករៀបចំ​យុទ្ធនាការ​នានា​នៅ​ទូទាំង​ពិភពលោក ទើបតែ​បញ្ចប់​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ស្ដីពី​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ។ ក្នុង​រយៈពេល ១៦​ថ្ងៃ នៃ​ព្រឹត្តិការណ៍ និង​សកម្មភាព​ផ្សេងៗ​ត្រូវបាន​រៀបចំឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅតែ​កើតមានឡើង​ក្នុងចំណោម​ស្ត្រី​ជាច្រើនរូប ដូច្នេះ ក្រសួង​កិច្ចការនារី បាន​ដឹកនាំ​យុទ្ធនាការ​នេះ ដើម្បី​បញ្ចប់​នូវ​រាល់​អំពើហិង្សា​ទាំងឡាយ​ដែល​កើតមាន​ចំពោះ​ស្ត្រី និង​ក្មេងស្រី ដោយ​ក្រសួង​កិច្ចការនារី បានរៀបចំ​ជា​ខ្សែ​វីដេអូ​អប់​រំជា​សាធារណៈ ពិសេស​មួយ ដើម្បី​ឆ្លុះបញ្ចាំង​ពី​បញ្ហា​នានា​ដែល​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា​កំពុងតែ​ប្រឈម ។​



​មន្ត្រី​មួយរូប​នៃ​ក្រសួង​កិច្ចការនារី បានឱ្យដឹងថា កត្តា​ដែល​បង្ក​ឱ្យ​កើតមាន​អំពើហិង្សា​ទៅលើ​ស្ត្រី គឺ​ភាគច្រើន​កើតឡើង​ដោយសារតែ​ការប្រើប្រាស់​ពាក្យសម្តី ជាពិសេស​គឺ​បុរស​ជា​អ្នកប្រព្រឹត្ត​។​

​លោកជំទាវ ញាណ សុចិ​ត្រា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម បាន​មានប្រសាសន៍ថា​ដោយសារតែ​សង្គម​នៅ​កម្ពុជា​យើង ផ្នត់គំនិត​ខ្មែរ​យើង ច្រើន​ឲ្យ​តម្លៃ​ទៅលើ​បុរស​ជាធំ ។ អ៊ីចឹង ផ្នត់គំនិត​សង្គម​ហ្នឹង តែង​គិតថា​ស្ត្រី​គួរតែ​ជា​អ្នក​ត្រូវ​យកចិត្តទុកដាក់​ជាមួយនឹង​បុរស ហើយ​បុរស​ជា​អ្នកមាន​សិទ្ធិ មានអំណាច​នៅក្នុង​ក្រុមគ្រួសារ ។​ការប្រើប្រាស់​ការផ្សព្វផ្សាយ​បញ្ហា​អំពើហិង្សា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​នៅតាម​កញ្ចក់​ទូរទស្សន៍​នេះ គឺ​វា​បាន​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​សង្គម​។​គាត់​អាច​ចម្លង​យក​អ្វីដែល​គាត់​បាន​មើលឃើញ​ពី​កញ្ចក់​ទូរទស្សន៍ យកមកអនុវត្ត​នៅក្នុង​ជីវិត​រស់នៅ​របស់គាត់ ។ ក្នុង​ឆ្នាំ​២០១៥ អង្គការ​មូលនិធិ​អាស៊ី បានធ្វើការ​ស្រាវជ្រាវ​មួយ​ដោយ​ប្រមូលយក​នូវ​ទិន្នន័យ​ដែល​ទាក់ទង​ជាមួយនឹង​អំពើហិង្សា​ទៅលើ​ដៃគូ​ស្និទ្ធស្នាល​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី​បាន​បន្តទៀតថា យើង​នឹង​សហការគ្នា​ក្នុងការ​បង្កើត​នូវ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​ករណី​អំពើហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​នៅក្នុង​ទូរទស្សន៍​នៅ​កម្ពុជា ។​

​បណ្ឌិត ស សិលា អ្នកជំនាញ​ស្រាវជ្រាវ​នៃ​អង្គការ​មូលនិធិ​អាស៊ី បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​មើល​ទូរទស្សន៍​មាន​ទំនោរ​ក្នុងការ​ក្លាយជា​អ្នក​ដែល​ទទួលរង​គ្រោះ​នូវ​អំពើហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​របស់ខ្លួន ខ្ពស់ជាង​អ្នក​ដែល​មិន​មើល​ទូរទស្សន៍​រហូតដល់​១៧៨ ភាគរយ​។ ហើយ​ឆ្នាំ​២០១៦ មូលនិធិ​អាស៊ី​បានធ្វើការ​ស្រាវជ្រាវ​មួយទៀត​ដែលមាន​រយៈពេល​៦​ខែ ដោយ​ត្រួតពិនិត្យ​កម្មវិធី​ទូរទស្សន៍​ចំនួន​៥​។ លោក​បាន​បន្ត​ទៀ​រត​ថា​ប្រហែល​៣០ ភាគរយ​នៃ​កម្មវិធី​ទូរទស្សន៍​ដែល​ចាក់ផ្សាយ​នៅ​ប៉ុស្តិ៍​ទាំង​៥​ដែល​យើង​បានធ្វើការ​ត្រួតពិនិត្យ​នេះ គឺ​ផ្ទុក​ទៅដោយ​ខ្លឹមសារ​អំពើហិង្សា​ទៅលើ​ស្ត្រី មិន​ថា​ផ្លូវកាយ ផ្លូវចិត្ត ឬក៏​ផ្លូវភេទ​ទេ​។ ដោយបាន​ចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ វិទ្យាស្ថាន​បើកទូលាយ​បាន​ផលិត​វី​ឌី​អូ​មួយ ដើម្បី​អប់រំ​ពី​ការបង្ហាញ​អំពើហិង្សា​លើ​ស្ត្រី​ក្នុង​កញ្ចក់​ទូរទស្សន៍​ដែលមាន​ផលប៉ះពាល់​តិចតួច​បំផុត​។​

​កញ្ញា ណ​យ ឆ​វិ​ន មន្ត្រី​កម្មវិធី​វិទ្យាស្ថាន​បាន​មាន​ប្រសា​ស៍​ថា​ការបើក​ទូលាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវតែ​ផលិត ត្រូវតែ​បង្កើត​កម្មវិធី ផ្សេងៗ ដែល​បង្ហាញ​អំពី​សារ​អប់រំ​ទៅដល់​ប្រជាពលរដ្ឋ ។ ទោះបីជា​ក្នុង​ហ្នឹង​វា​មាន​ខ្លឹមសារ​ហិង្សា​នៅក្នុង​ហ្នឹង​ក៏ដោយ ប៉ុន្តែ យើង​ក៏​ត្រូវតែ​បង្ហាញថា ឈុត​ឆាក​ទាំង​អស់វា​គ្រាន់តែ​ជា​ឈុត​ឆាក​សម្ដែង វា​គ្រាន់តែ​ជាការ​អប់រំ​មួយ​ដល់​ប្រជាពលរដ្ឋ ។ វា​មិនមែន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចម្លង ឬ​យកតម្រាប់​តាម​ហិង្សា​នោះទេ ។​
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com