អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​សាកលវិទ្យាល័យ​កូរ៉េ បានរៀបចំ​សន្និសីទ​អន្តរជាតិ​ លើ​ប្រធានបទ “​យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភ្ជាប់​-Bridging State Strategy (BSS)”
20, Dec 2016 , 4:01 pm        
រូបភាព
​កាលពី​ថ្មីៗ​នេះ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ (UP)  និង​សាកលវិទ្យាល័យ​កូរ៉េ (KU)  បានរៀបចំ​សន្និសីទ​អន្តរជាតិ ស្តីអំពី គម្រោង​ស្រាវជ្រាវ​រួម​លើ​ប្រធានបទ ”​យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភ្ជាប់​-Bridging State Strategy (BSS)” ដោយ​ការស្រាវជ្រាវ​ឆ្នាំនេះ ផ្តោត​សំខាន់​ទៅលើ “​ការបង្កើត​ផែនទី​ចង្អុល​ផ្លូវ ឆ្ពោះទៅ​ការកសាង​កញ្ចុំ​ឧស្សាហកម្ម លើ​វិស័យ​ស្នូល​មួយចំនួន ក្នុង​ខេត្តកំពង់ស្ពឺ​"  ដែល​ប្រព្រឹត្តទៅ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដើម្បី​ធ្វើការ​ចែករំលែក និង​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ ជូន​ដល់​ស្ថាប័ន​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើត​គោលនយោបាយ​និង​ការស្រាវជ្រាវ សហគមន៍​អ្នកស្រាវជ្រាវ​និង​អប់រំ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ។ គម្រោង​ស្រាវជ្រាវ​រួម​នេះ ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ហៅ​កាត់​ថា KOICA និង​សហការ​គាំទ្រ​ដោយ   សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) និង ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ (CARD)​។​

​នៅក្នុង​សន្និសីទ​អន្តរជាតិ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី ពី​សំណាក់ ឯកឧត្តម Won-Jin Kim ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក​បណ្ឌិត យន់ គា តំណាង​ដ៏​ខ្ព​ង​ខ្ពស់​របស់​ឯកឧត្តម ហ៊ុន មា​នី ប្រធាន​គណៈកម្មការ​អចិ​ន្ត្រៃ​នៃ​គណកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក Jeong Yun Gil នាយក​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ និង បណ្ឌិត R. Anbin Ezhilan សាកល​វិ​ធ្យា​ធិ​ការរង នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ព្រមទាំង​មានការ​ចូលរួម​ជា​កិត្តិយស ពី​ក្រុម​អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ   សិស្ស​និស្សិត និង​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នានា​។



​សូមបញ្ជាក់ថា គម្រោង​ស្រាវជ្រាវ​រួម ”​យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភ្ជាប់​” នេះ បានផ្តល់​ឱកាស​ស្រាវជ្រាវ ដល់​ក្រុម​អ្នកស្រាវជ្រាវ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព​ស្រាវជ្រាវ​របស់ខ្លួន និង ដើម្បី​ចូលរួម​ផលិត​ឯកសារ​មូលដ្ឋាន សម្រាប់​គាំទ្រ​ដល់​ការបង្កើត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​គោលបំណង​ដើម្បី​សិក្សា​ស្រាវជ្រាវ ដោយ​ផ្តោតលើ​ការផ្តួចផ្តើម​គំនិត យុទ្ធសាស្ត្រ ចក្ខុវិស័យ ព្រមទាំង​គោលនយោបាយ ដែល​អាច​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​វប្បធម៌ នៅក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​រួម​នេះ បានបង្ហាញ​អោយឃើញ​ពីស​ក្កា​នុព​ល​របស់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ស្ថិតនៅ​ទីតាំង​យុទ្ធសាស្ត្រ ដែល​ដើរតួនាទី​ជា​ស្ពាន​ត​ភ្ជាប់​ក្នុងប្រទេស​នានា​ក្នុ​តំបន់ ដូចជា អនុតំបន់​ទន្លេមេគង្គ​(GSM) ប្រទេស អ​ស៊ាន​CLMV តំបន់​អាស៊ីអាគ្នេយ៍​។ លើសពីនេះទៅទៀត​ប្រទេស​កម្ពុជា ក៏​អាចមាន​ក្លាយជា​ប្រទេសមួយ​ដ៍​សំខាន់​ក្នុង​ការតភ្ជាប់​ប្រទេស​មហាអំនាច​សេដ្ឋកិច្ច​ទាំងពីរ ពោលគឺ​ចិន និង​អាមេរិក​ផងដែរ​។ ក្រៅពីនោះ ការស្រាវជ្រាវ​នោះ​ក៏បាន​ផ្តោតលើ​ការវិភាគ​កត្តា​ភូមិសាស្ត្រ​សេដ្ឋកិច្ច ការបង្កើត​រចនាសម្ព័ន្ធ​ICT ឧស្សាហូបនីយកម្ម ទេសចរណ៍ និង​វប្បធម៌ ដែល​ធ្វើឡើង​ដោយ​ការ​សហការគ្នា រវាង​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​កូរ៉េ និង​ជនជាតិខ្មែរ​ដែល​មានប​ទ​ពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​ពាក់ព័ន្ធ ។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com