អត្ថបទពាណិជ្ជកម្ម
​សិស្សានុសិស្ស AIS & Aii ៤៦​នាក់​ ​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​ជប៉ុន​ដោយ​ជោគជ័យ​
28, Feb 2017 , 11:58 am        
រូបភាព
ដោយ:
​ក្រោយពី​បានធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៥​ថ្ងៃ រាប់​ចាប់តាំងពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងមក​ថ្មីៗ​នេះ សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​៤៦​នាក់ រួម​នឹង​គណៈប្រតិភូ​ដឹកនាំ​បាន​វិល​ត្រឡប់មកវិញ​ដោយ​ជោគជ័យ​ជាមួយនឹង​បទពិសោធ និង​ចំណេះដឹង​ថ្មីៗ​ដ៏​សម្បូរបែប​។​

​ថ្លែង​នាឱកាស​វិលត្រឡប់​មកវិញ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យុវ​សិស្ស ហ៊ុយ កុសល រៀន​ថ្នាក់​ទី​១០ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេទុង បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នោះ ពួកគេ​បាន​ទៅ​ទស្សនា និង​សិក្សា​រៀនសូត្រ​ពី​វប្បធម៌​ខ្លះៗ​នៃ​តំបន់​មួយចំនួន​ក្នុងប្រទេស​ជប៉ុន ដូចជា​ភាព​ស៊ី​វិ​ល័យ​របស់​ក្រុង Tokyo, ផ្សារ​ទំនើប Shinjuku, វិមាន​រដ្ឋបាល​ក្រុង​តូ​ក្យូ Metropolitan, មជ្ឈមណ្ឌល​កម្សាន្ដ kabukicho, សួន​កម្សាន្ត​គ្មាន​ដែន​កំណត់ Tokyo Disneyland, សាកលវិទ្យាល័យ Chiba, រមណីយដ្ឋាន Hakone, ឧទ្យាន​សន្តិភាព Peace Park, ភូមិ​បុរាណ Sohino Hakkai ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ទេសភាព​នៅ​តំបន់ភ្នំ Fuji ជាដើម​។ ថ្លែង​ដោយ​ទឹកមុខ​រីករាយ​នោះ យុវ​សិស្ស​រូបនេះ​បន្តថា ខ្លួន​ពិតជា​មាន​អារម្មណ៍​ប្លែក ប្លែក​ដោយហេតុថា​ប្រជាជន​នៅ​ទីនោះ​មាន​វប្បធម៌ និង​របៀបរបប​ខុស​ឆ្ងាយ​ពី​កម្ពុជា​យើង​ច្រើនណាស់ ដោយ​ប្រជាជន​ជប៉ុន​គេ​ចូលចិត្ត​ធ្វើ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​លឿន​រហ័ស ដំណើរ​ហាក់​ប្រញាប់ប្រញាល់ និង​គោរព​ពេលវេលា​បានល្អ​។ លើសពីនោះ     បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ ឥរិយាបថ របៀប​ទំនាក់ទំនង និង​ចរាចរណ៍​ជាដើម គឺ​សុទ្ធតែ​រៀបចំ​បានល្អ​គួរឱ្យ​ចង់​រស់នៅ​។



​ស្រដៀង​គ្នា​នេះដែរ យុវតី សុជាតិ សិស្ស​ថ្នាក់​ទី​១២ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេទុង ដែរនោះ បាន​បញ្ចេញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា ប្រជាជន​នៅ​ទីនោះ​រួសរាយ​រាក់ទាក់ គោរព​រាប់អាន​ភ្ញៀវ​អន្តរជាតិ ហើយ​ឱ្យ​តម្លៃ​យើង​ដោយ​មិន​រើសអើង​ពណ៌​សម្បុរ ឬ​ជាតិ​សាសន៍​អ្វី​ឡើយ​។ យ៉ាងណាក៏ដោយ សិស្ស​ថ្នាក់​ទី​១២​រូបនេះ​ក៏​លើកឡើង​ផងដែរ​ថា ខ្លួន​និង​មិត្តភក្តិ ព្រមទាំង​ថ្នាក់ដឹកនាំ មាន​ផលវិបាក​តិចតួច​ក្នុងការ​បរិភោគ​អាហារ និង​កត្តា​អាកាសធាតុ​។​


​សូម​ជម្រាបជូន​ថា ជុំវិញ​ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​នេះ អ្នកស្រី ចាប ស្រី​ឃួន ចាងហ្វាង​ម​ត្តេ​យ្យ និង​បឋមសិក្សា នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ទួលគោក និង​ជា​អ្នកដឹកនាំ​សិស្សានុសិស្ស​ក្នុងឱកាស​ទស្សនកិច្ច​សិក្សា​នោះបាន​ឱ្យដឹងថា សាលារៀន​បង្កើតឱ្យមាន​ដំណើរ​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស​បែបនេះ​ឡើង គឺ​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​ឈ្វេងយល់​ពី​ការសិក្សា​របស់​សិស្ស និង​និស្សិត​នៅតាម​គ្រឹះស្ថាន​អប់រំ​នានា​នៃ​ប្រទេស​ជប៉ុន​, ចេះ​ផ្សារភ្ជាប់​ការសិក្សា និង​កំណត់​គោលដៅ​បន្ដ​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​, សិក្សា​ឈ្វេងយល់​ពី​ជីវភាព​រស់នៅ របាយ​ប្រជាជន អាកាសធាតុ វប្បធម៌ និង​អរិយធម៌ វប្បធម៌​, ទស្សនា​រមណីយដ្ឋាន និង​សិក្សា​ពី​តំបន់​ទេសចរណ៍​ដ៏​ល្បីៗ​, ស្គាល់​ពី​ភូមិសាស្ត្រ​នៃ​តំបន់​មួយចំនួន​ក្នុង​ក្រុង​តូ​ក្យូ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន​, រឹតចំណង​មិត្តភាពរ​វាង​សិស្ស​រួម​ថ្នាក់ និង​មិត្ត​រួម​សាលារៀន និង​ជាពិសេស​ចង់​បង្កើន​ភាពក្លាហាន ការសហការ ការដឹកនាំ ភាពម្ចាស់ការ សាមគ្គីភាព ទំនាក់ទំនង​ក្នុង​ក្រុម ទំនាក់ទំនង​ជាមួយ​ម​ហា​ជន​ដល់​សិស្ស​របស់ខ្លួន​ជាដើម​។ ពិសេស​ដើម្បី​ជំ​រុញឱ្យ​សិស្សានុសិស្ស​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធ​ទូលំទូលាយ​ជាស​កល ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ​នៅក្នុង​ពិភពលោក ក៏ដូចជា​បណ្ដុះ​ទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ចាប់អារម្មណ៍​ការសិក្សា​នៅ​បរទេស​ផងដែរ​។​



​គួរ​រម្លឹក​ជូន​ដែរ​ថា វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែ​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស​បែបនេះ​ក្នុង​មួយឆ្នាំ​សិក្សា​ម្ដង សម្រាប់​សិស្សានុសិស្ស​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ ពោលគឺ​ចាប់ពី​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ ហើយ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​បរទេស​លើក​ទី​៥​ហើយ ដែល​កន្លងមក វិទ្យាស្ថាន និង​សាលារៀន មួយ​នេះ​ធ្លាប់​បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​កូរ៉េខាងត្បូង​៕

​(អត្ថបទសាលា)

© រក្សាសិទ្ធិដោយ thmeythmey.com