អត្ថបទពាណិជ្ជកម្ម
Star Auto សម្ពោធ​អគារ​ថ្មី​តម្លៃ ៩​លាន​ដុល្លារ​ដាក់តាំង​លក់​រថយន្ត Mercedes-Benz
01, Mar 2017 , 10:27 am        
រូបភាព
​ក្រុមហ៊ុន ស្តារ អូ​តូ ខូ​អិ​ល​ធី​ឌី (Star Auto Cambodia) នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ បាន​សម្ពោធ​អគារ​តាំង​លក់ និង​ជួសជុល​រថយន្ត​មើ​ក​សឺ​ដេ​ស​-​បេន​ស៍ (Mercedes-Benz) ដែល​ចំណាយ​ទឹកប្រាក់​ជាង ៩​លាន​ដុល្លារ​។ ជាមួយ​អគារ​ដ៏​ទំនើប​របស់ខ្លួន ក្រុមហ៊ុន Star Auto ជឿជាក់ថា​នឹង​ទទួលបាន​កំណើន​លក់​រថយន្ត​ខ្ពស់​នៅ​ឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់​។​

​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ថែទាំ​ជួសជុល​រថយន្ត​ប្រណីត Mercedes-Benz នេះ មាន​ទីតាំងនៅ​ទីក្រុង​រណប ING City តាម​បណ្ដោយ​មហាវិថី សម្តេច ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) កែង​មហាវិថី​ព្រឹទ្ធាចារ្យ​ឧកញ៉ា ហ៊ុន នាង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្បែរ​សាលារៀន​អន្តរជាតិ​ភ្នំពេញ ISPP ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។ អគារ​ថ្មី​របស់​ក្រុមហ៊ុន Star Auto ត្រូវបាន​ចំណាយ​ទឹកប្រាក់​សាងសង់ និង​បំពាក់​គ្រឿង​បរិក្ខា​ទំនើប​ចំនួន​ជាង ៩​លាន​ដុល្លារ លើ​ផ្ទៃដី ៥០០០​ម៉ែត្រការ៉េ​។​



​ក្រុមហ៊ុន Star Auto ត្រូវបាន​កាន់កាប់​ភាគហ៊ុន ១០០​ភាគរយ ដោយ​វិនិយោគិន​បរទេស និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Lei Shing Hong Limited ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង ។ Star Auto ទទួល​សិទ្ធ​ផ្ដា​ប់​មុខ​ចែកចាយ​រថយន្ត​ម៉ាក Mercedes-Benz នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៥ មក ដែល​រថយន្ត​ទាំងនេះ​ត្រូវបាន​នាំចូល​ពី​រោងចក្រ​ដើម Daimler AG ប្រទេស​អាឡឺម៉ង់​។ ក្រុមហ៊ុន​នេះ មាន​លក់​រថយន្ត​ស្ព័​រ រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ខ្នាត​ខ្ពស់ SUV រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹកទំនិញ​ម៉ាក  Mercedes-Benz ។ ក្រុមហ៊ុន​ក៏មាន​ផ្ដល់​សេវាកម្ម​ជួសជុល ថែទាំ និង​ប្ដូរ​គ្រឿងបន្លាស់​រថយន្ត លំដាប់ថ្នាក់​ពិភពលោក​។​



​លោក James Zemke អគ្គនាយក​ក្រុមហ៊ុន Star Auto បាន​ថ្លែងថា ក្រុមហ៊ុន​របស់លោក​ពិត​ជា​រីករាយ​នឹង​ការ​នាំចូល​រថយន្ត​ប្រណីត​មក​ទីផ្សារ​កម្ពុជា ហើយ​លោក​បាន​មើលឃើញ​ពី​ឱកាស​ជោគជ័យ​នៃ​ការលក់​នៅ​ទីផ្សារ​មួយ​នេះ​។ លោក​ប្រាប់ថា ទោះបី​កម្ពុជា​ជាទី​ផ្សារ​មួយ​តូច តែមាន​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ជាមួយ​ការកើនឡើង​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​ជា​រៀងរាល់ឆ្នាំ​។​លោក James Zemke បន្តថា ក្រុមហ៊ុន​គ្រោង​លក់​រថយន្ត​ប្រណីត​របស់ខ្លួន​ឲ្យ​ដល់​ចំនួន​ជាង ១០០​គ្រឿងក្នុង​មួយឆ្នាំ​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់ ដែលជា​ការកើនឡើង​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កន្លងទៅ ដែល​ក្រុមហ៊ុន​បញ្ចេញ​រថយន្ត​ទៅ​ទីផ្សារ​បាន​ជាង ២០​គ្រឿង​។​



​ក្រុមហ៊ុន Star Auto Cambodia នឹង​បើក​លក់​រថយន្ត​ម៉ាក Mercedes-Benz ជា​ផ្លូវការ​នៅក្នុង​អគារ​ថ្មី​របស់ខ្លួន ចាប់ពី​ដើមខែ​មីនា​ឆ្នាំនេះ​។ អតិថិជន​មាន​ជម្រើស​ក្នុង​ការទិញ​បង់ថ្លៃ ឬ​បង់​រំ​លួស​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com