ជាតិ
អត្ថបទពាណិជ្ជកម្ម
​ការប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ ម៉េង​លី ជេ​. គួច លើក​ទី​៥
02, Mar 2017 , 10:10 am        
រូបភាព
​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ គណៈ​គ្រប់គ្រង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​បើក​កម្មវិធី​ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ ម៉េង​លី ជេ​. គួច លើក​ទី​៥  នៅ​សាលសន្និសីទ ផល គួច នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ទួលគោក​។

​ជុំវិញ​ការប្រកួត​នេះ នាយក​ចាងហ្វាង និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ លោក ឡុង ពិសី បាន​ថ្លែង​នាឱកាស​នោះ​ថា ការបង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បីឱ្យ​សិស្សានុសិស្ស​មានឱកាស​ប​ញ្ចេ​ញ​សមត្ថភាព ភាពរហ័សរហួន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ភាពឈ្លាសវៃ​។ មួយទៀត​សោត គឺ​ក៏​ដើម្បី​បង្កើន​ភាពក្លាហាន តស៊ូ ហ៊ាន ព្រមទាំង​ប្រឹងប្រែង ស្វាធ្យាយ​រៀនសូត្រ​បន្ថែមទៀត​ដែរ និង​កាន់តែ​ពូកែ​ជាង​មុន​លើ​មុខវិជ្ជា​ភូមិវិទ្យា និង​ផែនដីវិទ្យា ព្រមទាំង​បង្កើន​ចំណេះដឹង​លើ​ភូមិសាស្ត្រ​ជាតិ​កាន់តែ​ទូលំទូលាយ​។  មិនតែប៉ុណ្ណោះ​សិស្ស​នឹង​ទទួលបាន​ចំណេះដឹង​តាមរយៈ​សំណួរ​រាប់ពាន់​ក្នុង​រយៈពេល​ដ៏​ខ្លី នាឱកាស​ប្រកួតប្រជែង​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ​នេះ ពោល​ក្នុង​រយៈពេល​តែ​មួយខែ​ប៉ុណ្ណោះ​សិស្សានុសិស្ស​បាន​សិក្សា​ឈ្វេងយល់ និង​ចងចាំ​មេរៀន​ភូមិវិទ្យា និង​ផែនដីវិទ្យា  រហូតដល់​ជាង​១.០០០ សំណួរ​បាន​យ៉ាង​ច្បាស់លាស់​។



​នាយក​ចាងហ្វាង​រូបនោះ បាន​អះអាង​មកកាន់​អ្នកសារព័ត៌មាន​យើង​បន្ថែមថា សាលា​តែង​បំផុស និង​បង្កើតឱ្យមាន​កម្មវិធី​ប្រកួត​ចំណេះដឹង​យ៉ាង​សន្ធឹកសន្ធាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺ​ក្នុង​សុច្ឆន្ទៈ​ហ្វឹកហ្វឺន​សិស្ស​របស់ខ្លួន​ឱ្យមាន​សមត្ថភាព​ខ្ពស់​អាចឈរជើង​ប្រកួតប្រជែង​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​បាន​។ “​ការប្រកួត​ចំណេះដឹង​នានា គឺ​តែងមាន​ជាប់​និង​ធ្លាក់ ប៉ុន្តែ​ទោះបី​ធ្លាក់​ក៏បាន​បង្ហាញ​នូវ​គន្លឹះ និង​បទពិសោធ​ល្អៗ ដើម្បី​ឈោង​ចាប់យក​ជ័យជម្នះ​នៅ​ឱកាស​ក្រោយៗ​ទៀត​ដែរ​។ ដូច្នេះ​អ្នក​ដែល​ទទួលលទ្ធផល​ពុំ​គាប់ប្រសើរ សូមកុំ​អស់សង្ឃឹម និង​បាក់​ទឹកចិត្ត​ឡើយ ផ្ទុយទៅវិញ​ត្រូវ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​បន្ថែមទៀត ព្រោះ​ជោគជ័យ​ពុំមែន​កើតឡើង​ដោយ​ភ័ព្វ​ព្រេងវាសនា​ឡើយ ផ្ទុយទៅវិញ​គឺ​បានមកពី​ការទទូច​ខំប្រឹងប្រែង​របស់​យើង​ប៉ុណ្ណោះ​។ មានន័យថា សំណាង​រមែង​កើតឡើង​ចំពោះ​អ្នក​ដែល​ទុកចិត្ត​លើ​ខ្លួនឯង មាន​សេចក្ដី​ព្យាយាម​ល្អ និង​បន្ត​ប្រឹងប្រែង​រៀនសូត្រ​”​។ នេះ​ជា​ដំបូន្មាន​បន្ថែម​របស់​នា​យក​ចាងហ្វាង​រូបនោះ​ផ្ដល់​ដល់​បេក្ខជន និង​សិស្សានុសិស្ស​ដែល​ចូលរួម​នាឱកាស​នោះ​។​

​គួរ​រម្លឹក​ជូន​ថា បន្ទាប់ពី​បាន​ហែល​ឆ្លង​ការប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ ម៉េង​លី ជេ​. គួច លើក​ទី​៥ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ យ៉ាង​លំបាកលំបិន​ផុត​ទៅ គណៈកម្មការ​បាន​រក​ឃើញ​បេក្ខជន​ដែល​ពូកែ​ផ្នែក​ចំណេះដឹង​នេះ​ចំនួន​៥៦​រូប ក្នុងចំណោម​២១៧​នាក់ ដែល​មកពី​តាម​បណ្ដា​សាខា​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង​។ បេក្ខជន​ជើង​ខ្លាំង និង​មាន​សមត្ថភាព​ខ្ពស់​ជាប់​វគ្គ​ជម្រុះ​ជុំ​ទី​១​នោះ បាន​ឈាន​ជើង​បន្ត​យ៉ាង​ស្វិតស្វាញ​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ប៉ុន្តែ​ក្នុងចំណោម​៥៦​រូបនោះ មាន​បេក្ខជន​ចំនួន​២៣​រូប ត្រូវអស់​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​សូម​ជម្រាបជូន​ថា បេក្ខជន​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ គឺមាន​ចំនួន​ត្រឹមតែ​៣៤​រូប​តែប៉ុណ្ណោះ​។ ជើង​ខ្លាំង​ទាំង​៣៤​រូប​នោះបាន​ប្រកួត​គ្នា​យ៉ាង​កក្រើក និង​ស្វិតស្វាញ​ជាទីបំផុត​អស់​រយៈពេល​ប្រហែល​ជាង​៤​ម៉ោង ហើយ​ជា​លទ្ធផល គណៈកម្មការ​បាន​វែកមុខ​ជើង​ខ្លាំង​ពិតប្រាកដ​ត្រឹមតែ​៣​រូប​ប៉ុណ្ណោះ​ដែល​ទទួលបាន​ជ័យលាភី​។ ក្នុងចំណោម​បេក្ខជន​ទាំង​៣​រូបនោះ គឺ​ជ័យលាភី​លេខ​១ បាន​ទៅលើ​យុវ​សិស្ស យ៉ាង ស៊ុន​ម៉េង រីឯ​លេខ​២ បាន​ទៅលើ​យុវតី ម៉ាក់ ហេង​គង្គារ និង​លេខ​៣ បាន​ទៅលើ​បេក្ខជន ងី វីរៈ​សូ​ឡា​។​



​ថ្លែង​នាឱកាស​លើក​ពាន​ជា​បេក្ខជន​ជ័យលាភី​លេខ​១ យុវ​សិស្ស យ៉ាង ស៊ុន​ម៉េង បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ការប្រកួត​ចំណេះដឹង​ផ្នែក​ភូមិសាស្ត្រ​ជាតិ​នេះ គឺមាន​សារៈសំខាន់​ចំពោះ​រូបគេ ក៏ដូចជា​សិស្សានុសិស្ស និង​យុវជន​ឯទៀត​ដែរ ព្រោះ​បាន​បណ្ដុះ​នូវ​វប្បធម៌​នៃ​ការអាន ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម ពោល​បណ្ដុះ​ទម្លាប់​ល្អជា​វិជ្ជមាន​ក្នុងការ​ក្រេប​រសវិជ្ជា​។ ម្ចាស់​ជ័យលាភី​រូបនោះ​អះអាង​បន្ថែមថា លទ្ធផល​ល្អ​បែបនេះ គឺ​ពុំមែន​កើត​ដោយ​ចៃដន្យ​ឡើយ​។ មិន​ចៃដន្យ ក៏​ព្រោះនេះ​ជា​សមិទ្ធផល​ស្ដែង​ចេញពី​ការប្រឹងប្រែង​រៀនសូត្រ និង​តស៊ូ​ជម្នះ​រាល់​ភាព​ខ្ជិលច្រអូស​របស់ខ្លួន​យ៉ាងពិត​ប្រាកដ​។​

​មិនគួរ​នឹង​ភ្លេច​បញ្ជាក់ជូន​ទេ​ថា ចំពោះ​ជ័យលាភី​លេខ​១ គឺ​ទទួលបាន​អាហារូបករណ៍​សិក្សា​ឥត​បង់ថ្លៃ​១០០% នៅ​សាលារៀន អន្ដរទ្វីប អាមេរិកាំង អមដោយ​មេដាយមាស បណ្ណ​សរសើរ និង​វត្ថុ​អនុស្សាវរីយ៍​។ ដោយឡែក​ជ័យលាភី​លេខ​២ ទទួលបាន​អាហារូបករណ៍​សិក្សា​៧៥% អមដោយ​មេដាយប្រាក់ បណ្ណ​សរសើរ និង​វត្ថុ​អនុស្សាវរីយ៍​។ ចំណែក​លេខ​៣ ទទួលបាន​អាហារូបករណ៍​សិក្សា​៥០% អមដោយ​មេដាយ​សំរឹទ្ធិ  បណ្ណ​សរសើរ និង​វត្ថុ​អនុស្សា​រី​យ៍​ដូចគ្នា​៕

(អត្ថបទសាលា)

© រក្សាសិទ្ធិដោយ thmeythmey.com