ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​គ្រូបង្រៀន​អន​ឡាញ​
03, May 2017 , 12:00 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​គ្រូបង្រៀន Online លើក​ទី​២  ដោយ​ជ្រើសរើស​គ្រូបង្រៀន​មុខវិជ្ជា ភាសា​ខ្មែរ គណិតវិទ្យា អង់គ្លេស រូបវិទ្យា គីមីវិទ្យា កុំព្យូទ័រ ម​គ្គុ​ទេស​ទេសចរណ៍ និង​សហគ្រិនភាព​។ ការបង្រៀន​តាម​អន​ឡាញ​នេះ ជួយ​ដល់​សិស្សានុសិស្ស​ដែល​បញ្ចប់​ថ្នាក់​ទី​៦ ហើយ​បោះបង់​ការសិក្សា​នៅ​ថ្នាក់​បឋមភូមិ​។



​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ អង្គការ​យូណេស្កូ​កម្ពុជា បាន​បង្កើត​កម្មវិធីសិក្សា អន​ឡាញ សម្រាប់​យុវជន​បញ្ចប់​ថ្នាក់​ទី​៦ ដែល​បោះបង់​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​។ កម្មវិធី​បង្រៀន​អន​ឡាញ (Online) នេះ ជ្រើសរើស​គ្រូបង្រៀន​ចំនួន​៩​នាក់ ដែល​អាច​បង្រៀន​សិស្ស​ពី​កម្រិត​ថ្នាក់​ទី​៧-​ទី​៩​។ មុខវិជ្ជា​ដែល​ត្រូវ​ជ្រើសរើស
រួមមាន ភាសា​ខ្មែរ គណិតវិទ្យា អង់គ្លេស រូបវិទ្យា គីមីវិទ្យា កុំព្យូទ័រ ម​គ្គុ​ទេស​ទេសចរណ៍ និង​សហគ្រិនភាព​។​

​លក្ខខណ្ឌ​នៃ​ការជ្រើសរើស សម្រាប់​គ្រូបង្រៀន​ដែលមាន​ចំណាប់អារម្មណ៍​បង្រៀន អន​ឡាញ (Online) ត្រូវមាន​ចំណេះដឹង​ឯកទេស​ច្បាស់លាស់ មាន​ជំនាញ​គរុកោសល្យ​មាន​ទំនាក់ទំនង​ល្អ និង​ចេះ​ពី​របៀប​ធ្វើ​កិច្ច​តែងការ​បង្រៀន និង​ប្រើប្រាស់​សម្ភារ​បង្រៀន​។ ជាពិសេស មាន​ជំនាញ​ធ្វើ​បទ​បង្ហាញ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​មានបទពិសោធន៍​បង្រៀន​យ៉ាងតិច​៣​ឆ្នាំ​។ ម្យ៉ាងទៀត មិន​តម្រូវ​ថា គ្រូបង្រៀន​ទាំងអស់ ត្រូវតែ​បញ្ចប់​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​បណ្ឌិត មកពី​វិស័យ​រដ្ឋ និង​ឯកជន​នោះទេ​។​

​សម្រាប់​របៀប​ដាក់ពាក្យ បេក្ខជន​ជា​គ្រូបង្រៀន ត្រូវ​ថត​ជា​វីដេអូ​ខ្លី រយៈពេល​១០​នាទី អំពី​សកម្មភាព​បង្រៀន​លើ​មុខវិជ្ជា​ឯកទេស​ណាមួយ​ខាងលើ​។ បន្ទាប់មក​ផ្ញើ​វីដេអូ​ឃ្លី​ប​នោះ តាមរយៈ​អ៊ី​ម៉ែ​ល [email protected]​។​

​គួរ​បញ្ជាក់ថា គ្រូបង្រៀន​អន​ឡាញ​ទាំងអស់ នឹង​ទទួល​ប្រាក់​លើកទឹកចិត្ត​តាម​ម៉ោង​បង្រៀន​ជាក់ស្តែង​។ សម្រាប់​កាលបរិច្ឆេទ ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៧៕


Tag:
 ក្រសួង​អប់រំ​
  គ្រូបង្រៀន​
  អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com