ជាតិ
ឯកឧត្តម កឹម សុខា​៖ ការបង្ក​ជម្លោះ មិនមែនជា​ជំហរ​របស់​បក្សប្រឆាំង​ឡើយ
08, Aug 2017 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបង្ក​ជម្លោះ មិនមែន​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២0១៧​នេះ​។



​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម កឹម សុខា មិន​គាំទ្រ​សោះឡើយ ចំពោះ​ទង្វើ​ទាំងឡាយណា ដែល​បង្ក​ឲ្យ​អ្នកដទៃ​ឈឺចាប់ ដូចជា​ការជេរប្រមាថ និង​ការ​មួល​កាច់ ជាដើម​។ ឯកឧត្តម​ក កឹម សុខា ក៏​មិន​គាំទ្រ​ផងដែរ ចំពោះ​ការប្រើ​អំពើហិង្សា ការគំរាមកំហែង ការបំបែកបំបាក់ និង​ការធ្វើ​ទុក​បុក​ម្នេញ​ដាក់គ្នា​ទៅវិញទៅមក​។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ល្មម​ដល់ពេល​ហើយ ដែល​អ្នកនយោបាយ​ខ្មែរ ត្រូវ​បោះបង់ចោល​នូវ​អំពើ​អវិជ្ជមាន​ទាំងនេះ ដើម្បី​ឈានទៅ​ការកសាង​សង្គម​ខ្មែរ ឲ្យ​មាន​សុខដុមរមនា​ទាំងអស់គ្នា​ឡើងវិញ​»​។​

​វា មិនមែនជា​លើកទីមួយ​នោះទេ ដែល​មេដឹកនាំ​បក្សប្រឆាំង បានប្រកាស​ពី​គោលជំហរ​អហិង្សា និង​មិន​យក​ខ្មែរ​ណា ធ្វើជា​សត្រូវ​។ តាមពិតទៅ សារ​នយោបាយ​បែបនេះ ត្រូវបាន​មេដឹកនាំ​បក្សប្រឆាំង ប្រើប្រាស់​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ក្នុង​ឆ្នាំ​២0១៣ មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ មេដឹកនាំ​បក្សប្រឆាំង ក៏​នៅតែ​បន្ត​ប្រើ​សារ​នយោបាយ​បែបនេះ​ដដែល និង​តែង​ដាស់តឿន​អ្នកគាំទ្រ រួមទាំង​មន្ត្រី​របស់ខ្លួន​ឲ្យ​អត់ធ្មត់  ហើយ​ខិតខំ​ឆ្ពោះទៅមុខ ដើម្បី​ឈានទៅរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត នា​ឆ្នាំ​២0១៨៕


Tag:
 ​កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com