អន្តរជាតិ
ប្រធាន​អាស៊ាន ឌូ​ទើ​តេ អញ្ជើញ​នាយករដ្ឋមន្ត្រី​កា​ដា​ណា ទ្រូ​ដូ មក​ចូលរួម​«​កិច្ចប្រជុំ​អាស៊ី​បូព៌ា​» ខែវិច្ឆិកា​
08, Aug 2017 , 10:59 pm        
រូបភាព
 នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) ទំនងជា​នឹង​អញ្ជើញ​មក​ចូលរួម​ជា​ភ្ងៀ​វ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ដែល​នឹងត្រូវ​រៀបចំឡើង​វិច្ឆិកា​ខាងមុខ តប​តាម​ការអញ្ជើញ​របស់​ប្រធាន​អាស៊ាន​ប្តូរ​វេន​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte)​។ ក្រោម​ការដឹកនាំ​របស់​លោក ចា​ស្ទី​ន ទ្រូ​ដូ កាណាដា​មាន​គោលនយោបាយ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ​ក្នុង​តំបន់ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​អាស៊ាន​ផង​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ចុង​សប្តាហ៍​កន្លងទៅ​ថា ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) បាន​ផ្ញើលិខិត​ផ្លូវការ​ទៅ​នាយករដ្ឋមន្ត្រី​កាណាដា​ដើម្បី​អញ្ជើញលោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ 

​លោក Robespierre Bolivar បានបញ្ជាក់​ដូច្នេះ​៖« ហ្វីលីពីន​បានប្រកាស​ពី​ការផ្ញើ​លិខិតអញ្ជើញ​ផ្លូវការ​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ ដើម្បី​អញ្ជើញលោក​នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ខែវិច្ឆិកា ក្នុងនាម​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​»​។

​តាមពិតទៅ កាណាដា​បន្ត​ស្វះ​ស្វែងរក​ឱកាស​ដើម្បី​ក្លាយជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក តាំងពី​យូរ​មកហើយ ហើយ​ហ្វីលីពីន​យល់ថា វា​ជា​ពេល​ល្អ​ដែល​ត្រូវ​អញ្ជើញ​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​នៅខាងមុខ​ផង​។ ក្រៅពី កាណាដា លោក ឌូ​ទើ​តេ ក៏បាន​អញ្ជើញ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk មក​ចូលរួម​កិច្ចប្រជុំ​ខាងលើ​ក្នុងនាម​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​ដែរ​។​

​ត្រឡប់មកវិញ បើសិនជា​លោក ចា​ស្ទី​ន ទ្រូ​ដូ អញ្ជើញ​មក​ចូលរួម​តប​តាម​ការអញ្ជើញ​របស់លោក ឌូ​ទើ​តេ មែន វា​នឹង​ក្លាយជា​ទស្សនកិច្ច​លើក​ទី​ពីរ​របស់លោក​មកកាន់​ប្រទេស​ហ្វីលីពីន​ហើយ​។ ទស្សនកិច្ច​លើកដំបូង​ធ្វើឡើង​នៅ​ចុងឆ្នាំ ២០១៥ នៅពេលដែល​លោក​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APE) នៅ​ហ្វីលីពីន​។ 

-​កាណាដា​ប្តេជ្ញា​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​

​តាមពិតទៅ​ឆ្នាំ ២០១៧ ជា​ឆ្នាំ​ពិសេស​សម្រាប់​ទំនាក់ទំនង​រវាង​អាស៊ាន និង កាណាដា ព្រោះ​វា​ត្រូវជា​ខួប​លើក​ទី ៥០​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន​ផង ហើយ​វា​ក៏​ជា​ខួប​លើក​ទី ៤០​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​អាស៊ាន​និង​កាណ​ដា​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ កាណាដា ក្រោម​ការដឹកនាំ របស់លោក ចា​ស្ទី​ន ទ្រូ​ដូ ក៏មាន​គោលនយោបាយ​ការបរទេស​កំណត់​យក​តំបន់​អាស៊ាន​ជា​តំបន់​អាទិភាព​ផងដែរ​។ លោក មាន​គោលបំណង ផ្សាភ្ជាប់​ទំនាក់ទំនងរ​វាង​កាណាដា ជាមួយ​អាស៊ាន​ដែល​ត្រូវបាន​បង្កើតឡើង​កន្លង​មក​ឲ្យ​កាន់តែ​ប្រសើរ​និង​ស៊ីជម្រៅ គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​មាន​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​ការទូត​ជាដើម​៕

​សប្តាហ៍​នេះ គេ​ឃើញ​មាន​វត្តមាន​លោកស្រី​រដ្ឋមន្ត្រីការបរទេស​កាណាដា Chrystia Freeland នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែរ ដោយ​ស្រី​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​សន្តិសុខ​តំបន់​អាស៊ាន (ARF)​។  ក្នុង​វេទិកា​សន្តិសុខ​ប្រចាំ​ឆ្នាំនេះ លោកស្រី​ប្រមុខ​ការទូត​កាណាដា បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​កាណាដា ក្នុងការ​ចូលរួម​រក្សា​សន្តិសុខ សន្តិភាព​និង ស្ថិរភាព នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។  គម្រោង​ផ្តល់ជំនួយ​អភិវឌ្ឍ និង​សន្តិសុខ​ចំនួន ១២ ត្រូវបាន​ប្រកាស​ដោយរ​ដ្ឋ​មន្ត្រី​ការបរទេស​កា​ណា​ដា បន្ថែម​លើ​ជំនួយ​មនុស្សធម៌ និង អប់រំ​ដែលមាន​ទំហំ​ប្រហែល ២០​លាន​ដុល្លារ​នោះ​។

​បន្ថែម​ពីនេះ​លោកស្រី​ក៏បាន​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ជាមួយ​សម​ភាគី​តំណាង​ប្រទេស ២៦ ផ្សេងទៀត​ដែលមាន​វត្តមាន​ក្នុង​វេទិកា​តំបន់​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ រួមទាំង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម និង​មនោគមន៍វិជ្ជា​ជ្រុលនិយម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​៕


Tag:
 ​កាណាដា​
  អាស៊ាន​
  កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​
  Justin Trudeau
© រក្សាសិទ្ធិដោយ thmeythmey.com