ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ ព្រមាន​ចាត់​វិធាន​លើ​តារាចម្រៀង​រ៉េ​ប​ណា ដែល​ប្រើពាក្យ​អសុរោះ និង​គ្មាន​សីលធម៌​
02, Feb 2019 , 11:35 am        
រូបភាព
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 ភ្នំពេញ​៖ ថ្មីៗ​នេះ​តារាចម្រៀង​រ៉េ​ប (Rap) មួយចំនួន បាន​ប្រើប្រាស់​ជំនាញ​សិល្បៈ​របស់ខ្លួន ជា​ឈ្នាន់​ក្នុងការ​រិះគន់ ឬ​វាយប្រហារ​គ្នា ដោយ​ប្រើពាក្យ​មិន​សមរម្យ​។ បញ្ហា​ទាំងនោះ​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់ទុក​សកម្មភាព​នេះ​ថា ជា​ទង្វើ​ផ្គើន និង​ជាការ​បំផ្លាញ​វប្បធម៌​ជាតិ​។ ក្រសួង​វប្បធម៌ ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ក្រុម​តារាចម្រៀង​រ៉េ​ប ដែល​ប្រើប្រាស់​ពាក្យសម្តី​គ្មាន​សីលធម៌​ក្នុង​បទ​ចម្រៀង​។​


​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ថៃ នរៈ​សត្យា បាន​និយាយថា ក្រសួង​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​តារា​មួយចំនួន ដែល​បានធ្វើឱ្យ​សិល្បៈ មាន​ឱនភាព ឬ​បាត់​តម្លៃ​ជាច្រើន​មកហើយ​។ ប៉ុន្តែ​តារា​មួយចំនួន នៅតែ​ផ្គើន ហើយ​មិន​ព្រម​ភ្ញាក់រឭក​ពី​ទង្វើ​របស់ខ្លួន​។​
 
​លោក ថៃ នរៈ​សត្យា ព្រមាន​ថា សកម្មភាព​ផ្គើន​ដដែលៗ​នេះ ហាក់​បង្ខំ​ឱ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បង្កើត​ច្បាប់​តឹងរ៉ឹង គ្រប់គ្រង​លើ​សកម្មភាព​តារាចម្រៀង​រ៉េ​ប និង​បទ​ចម្រៀង​ណា​ធ្វើ​ឲ្យ​ធ្លាក់ចុះ​តម្លៃ​ខ្មែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​កន្លងមក​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​យល់យោគ​គាត់​ច្រើន​។ យើង​មិន​ចង់ឱ្យមាន​ពាក្យ​ថា ក្រសួង​គាបសង្កត់ ឬ​ធ្វើ​តឹងរ៉ឹង រហូត​សិល្បករ​គ្មាន​សេរីភាព​។ តែ​ពួកគាត់​នៅតែ​ផ្គើន នៅតែ​បំផ្លាញ​វប្បធម៌​ជាតិ ដូច​ចង់ឱ្យ​ក្រសួង​បង្កើត​ច្បាប់​គ្រប់គ្រង​ពួកគាត់​។ យើង​មិន​ចង់​ធ្វើ​បែប​ហ្នឹង​ទេ​។ យើង​ចង់ឱ្យ​គាត់​មាន​ស្មារតី​ភ្ញាក់រឭក​ដោយ​ខ្លួនឯង តែ​នៅតែ​ដដែល​»​។​
 
​លោក ថៃ នរ​សត្យា បន្ថែមថា អ្នកសិល្បៈ​គឺជា​បុគ្គល​សាធារណៈ ជា​ជន​គំនូរ​ក្នុងសង្គម ក៏​ជា​អ្នក​លើកស្ទួយ​សិល្បៈ​វប្បធម៌​ដែរ មិនមែនជា​អ្នក​បំផ្លាញ​វប្បធម៌​ឡើយ​។ លោក​បន្ថែមថា តារា​ដែល​បង្ហាញ​គំរូ​មិនល្អ​ដល់​សង្គម បានធ្វើឱ្យ​តម្លៃ និង​កិត្តិយស​របស់ខ្លួន​ធ្លាក់ចុះ​។​
 
​បើតាម​លោក ថៃ នរៈ​សត្យា ក្រសួង​នឹងធ្វើ​លិខិត​មួយ ជូនទៅ​រដ្ឋមន្ត្រី​សាមី​ដើម្បី​ចាត់ការ​រឿង​តារាចម្រៀង​រ៉េ​ប​និពន្ធ​បទ​ចម្រៀង​ជេរ​គ្នា​ទៅវិញទៅមក និង​ទំនុក​ចម្រៀង​គ្មាន​ក្រមសីលធម៌​។  សូមបញ្ជាក់ថា ថ្មីៗ​នេះ​មាន​តារាចម្រៀង​រ៉េ​ប​មួយចំនួន បាន​និពន្ធ​ទំនុកច្រៀង​ជេរ​គ្នា និង​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក ដោយ​ប្រើពាក្យ​អសុរោះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​។ ការ​ច្រៀង​រ៉េ​ប​ឌឺដង​ដាក់គ្នា​នេះ កើតឡើង​ដោយសារ​ជម្លោះ​បុគ្គល​ផ្ទាល់ខ្លួន​៕
 
 

Tag:
 ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​
  សិល្បៈ ចម្រៀង​
  ចម្រៀង​រ៉េ​ប​
© រក្សាសិទ្ធិដោយ thmeythmey.com