កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ឈ្នះពាន Bundesliga ៧ឆ្នាំជាប់គ្នា ខណៈ Robben, Ribery និង Rafinha ត្រូវលាអ្នកគាំទ្រ
× Bayern Munich ក្លាយជាម្ចាស់ជើងឯក Bundesliga របស់អាល្លឺម៉ង់៧រដូវកាលជាប់គ្នា ក្រោយជ័យជម្នះ ៥-១ លើភ្ញៀវ Eintracht Frankfurt នាសប្តាហ៍ចុងក្រោយ។ Borussia Dortmund ក៏បាន៣ពិន្ទុផងដែរ ក្រោយឈ្នះម្ចាស់ផ្ទះ Borussia Monchengladbach ២-០។ Bayern ឈ្នះជើងឯកកំពូលអាល្លឺម៉ង់លើកទី២៩ ដោយមានពិន្ទុសរុប៧៨ ខណៈ Dortmund តិចជាង២ពិន្ទុ។
Kingsley Coman រកបានគ្រាប់បើកឆាកនៅតង់ទីមួយឲ្យ Bayern ហើយ Sebastien Haller តាមស្មើនៅនាទី៥០សម្រាប់ Frankfurt។ ទីបំផុត Bayern រកបាន៤គ្រាប់បន្ថែមទៀត ដែលសម្រេចបានដោយ David Alaba, Renato Sanches, Franck Ribery និង Arjen Robben។
ជ័យជម្នះនៅកីឡដ្ឋាន Allianz Arena នេះ បានធ្វើឲ្យជ័យជម្នះ ២-០ របស់ Dortmund លើ Monchengladbach ដែលស៊ុតបញ្ចូលទីដោយ Jadon Sancho និង Marco Reus គ្រាន់តែជាលទ្ធផលបង្គ្រប់កិច្ចប៉ុណ្ណោះ។
ការប្រកួតនេះ ក៏ជាការបង្ហាញខ្លួនចុងក្រោយរបស់ខ្សែបម្រើស្លាបបារាំង Frank Ribery ខ្សែបម្រើហូឡង់ Arjen Robben និង ខ្សែការពារប្រេស៊ីល Rafinha ផងដែរ។ Ribery បានលេងឲ្យក្លិបតាំងពីឆ្នាំ២០០៧មក ដោយជួយឲ្យក្លិបឈ្នះជើងឯក Bundesliga ៩លើក។
Robben លេងឲ្យ Bayern ចាប់ពីឆ្នាំ២០០៩ ដោយឈ្នះ Bundesliga ៨លើក ខណៈ Rafinha មានវត្តមានតាំងពីឆ្នាំ២០១១ ដោយឈ្នះ Bundesliga ៧លើកជាប់ៗគ្នានេះ។ កីឡាករទាំងបីរួមចំណែកនាំ Bayern ឈ្នះពានជាច្រើនទៀត ជាពិសេស Champions League ១លើក Super Cup ១លើក និង FIFA Club World Cup ១លើក កាលពីឆ្នាំ២០១៣៕
© រក្សាសិទ្ធិដោយ thmeythmey.com