នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ក្នុងក្រុងបាងកក នៅថ្ងៃទី២៣ ខែមិថុនា នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចន្ទអូចា ប្រកាសថាប្រទេសតំបន់អាស៊ានរួមទាំងកម្ពុជាផងនឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣៤។
ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលំដាប់ពិភពលោក FIFA World Cup ទីបំផុតអាចនឹងត្រូវរៀបចំនៅតំបន់អាស៊ានជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពោលគឺនៅរយៈពេល១៥ឆ្នាំក្រោយ គិតចាប់ពីឆ្នាំ២០១៩នេះ។
ក្នុងចំណោមការប្រកួតកីឡានេះចំនួន២១លើកកន្លងមក ទ្វីបអាស៊ីទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះបានមួយលើកប៉ុណ្ណោះកាលពីឆ្នាំ២០០២ ដែលដឹកនាំដោយជប៉ុននិងកូរ៉េខាងត្បូង។ កាតាក៏នឹងក្លាយជាប្រទេសអាស៊ីទី៣ដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ផងដែរ។
«មេដឹកនាំក្នុងតំបន់បានគាំទ្រការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup ក្នុងឆ្នាំ ២០៣៤»។ លោក ប្រាយុទ្ធ និយាយបែបនេះក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់សន្និសីទលើកទី១ ឆ្នាំ២០១៩នេះ ដែលមានសមាជិកអាស៊ានទាំង១០ចូលរួម។
មេដឹកនាំថៃដែលទើបជាប់ឆ្នោតកាលពីថ្មីៗរូបនេះបន្ថែមថា៖«ខ្ញុំសូមអញ្ជើញប្រជាជនអាស៊ានឲ្យគាំសហព័ន្ធកីឡាបាល់ទាត់ក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួនដើម្បីសម្រេចក្តីសុបិននេះ»។
ប្រទេសតំបន់អាស៊ានទាំង១០ រួមមានកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងព្រុយណេ។ ហើយចំណោមទាំង១០ប្រទេសនេះ មានប្រជាជនសរុបជាង ៦៤០លាននាក់ដែលភាគច្រើនសុទ្ធតែចូលចិត្តលេងកីឡាបាល់ទាត់ បើទោះបីក្រុមជម្រើសជាតិរបស់ពួកគេមិនធ្លាប់ឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ក៏ដោយ។
មិនត្រឹមតែចង់ដឹកនាំ World Cup ឈុតធំឆ្នាំ២០៣៤នោះទេ តែមីយ៉ាន់ម៉ា និងថៃក៏ចាប់អារម្មណ៍រួមគ្នាដើម្បីធ្វើម្ចាស់ផ្ទះ World Cup អាយុក្រោម២១ឆ្នាំ នៅឆ្នាំ២០២១ទៀតផង។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កាលពីខែមុន ដោយក្នុងនោះ ឥណ្ឌូណេស៊ីក៏ពិចារណាដេញថ្លៃដែរ។
សូមបញ្ជាក់ថា World Cup ឆ្នាំ២០២២ កាតានឹងដឹកនាំធ្វើម្ចាស់ផ្ទះ មុនពេលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកត្រូវរៀបចំរួមគ្នានៅឆ្នាំ២០២៦។ យក្សចិន ដែលស្រេកឃ្លានក្នុងការធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោកដែរនោះ សង្ឃឹមថានឹងឈ្នះការដេញថ្លៃពីសំណាក់ស្ថាប័នក្បាលម៉ាស៊ីនកីឡាបាល់ទាត់ FIFA សម្រាប់ឆ្នាំ២០៣០៕