កីឡាអន្តរជាតិ
អន្តរជាតិ
ដូណាល់ ត្រាំ ប្រកែកគ្នាជាមួយសមាជិកជម្រើសជាតិអាមេរិកដែលកំពុងលេង World Cup នៅបារាំង
× ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានរិះគន់សហប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអាមេរិក Megan Rapinoe នៅលើបណ្តាញសង្គម Twitter ដោយប្រាប់ទៅកីឡាការិនីរូបនេះឲ្យចេះគោរព «ប្រទេសជាតិផង»។ ការលើកឡើងរបស់ត្រាំបែបនេះ គឺបន្ទាប់ Rapinoe ថានាងនឹងមិនទៅជាន់សេតវិមាននោះទេបើពួកគេឈ្នះពាន Women's World Cup ឆ្នាំ២០១៩ នៅបារាំង។
លោកត្រាំ ថែមទាំងនិយាយទៅកាន់ Rapinoe ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំដែលបានស៊ុតបាល់ប៉េណាល់ទីពីរគ្រាប់ឲ្យអាមេរិកយកឈ្នះអេស្ប៉ាញនៅវគ្គ១៦ក្រុមចុងក្រោយថានាងគួរតែ«ចាំឈ្នះពានជាមុនសិនទៅសឹមនិយាយបែបនេះ»។
ការឆ្លើយតមពីសំណាក់ប្រធានាធិបតីអាមេរិកបែបនេះ គឺនៅក្រោយពីកីឡាការនី Megan Rapinoe និយាយប្រាប់ក្រុមសារព័ត៌មានថា នាងនឹងមិនទៅជាន់សេតវិមានទេ បើសិនក្រុមជម្រើសជាតិរបស់នាងឈ្នះពាន World Cup ឆ្នាំ២០១៩ នេះ។
កីឡាការិនី Megan Rapinoe ដែលឆ្លើយឆ្លងជាមួយលោកដូណាល់ ត្រាំ
ឆ្លើយនឹងសំនួររបស់ទស្សនាវដ្ដីបាល់ទាត់ Eight by Eight ដែលសួរថាតើនាងរំភើបចិត្តទេនៅពេលបានទៅសេតវិមានបើអាមេរិកឈ្នះពានពិភពលោកនេះ? នាង Rapinoe បានច្រានចោលគំនិតបែបនេះ ដោយឆ្លើយថា៖«គេមិនអញ្ជើញក្រុមរបស់យើងទៅទេ ហើយខ្ញុំក៏មិនចង់ទៅចូលរួមក្នុងព្រឹត្តិការណ៍ណាមួយនៅទីនោះដែរ»។
មិត្តរួមក្រុមរបស់ Rapinoe នាង Ali Krieger ក៏បានគាំទ្រ និងឈរខាង Rapinoe ជានិច្ចដោយ មិនទៅកាន់សេតវិមាន បើទោះជាមានការអញ្ជើញណាមួយក៏ដោយ។ ខ្សែប្រយុទ្ធឆ្នើមរបសអាមេរិក Alex Morgan ថានាងនឹងមិនទទួលយកការអញ្ជើញពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដូចគ្នា។
ការលើកឡើងរបស់កីឡាការិនីអាមេរិកដូច្នេះ បានធ្វើឲ្យលោកត្រាំហាក់មានអារម្មណ៍មិនពេញចិត្តហើយថែមទាំងនិយាយពាក្យបញ្ចើបញ្ចើថាមិនទាន់ដឹងឈ្នះចាញ់នៅបារាំងផង មកនិយាយពីការអញ្ជើញក្រុមទៅសេតវិមានយ៉ាងមិច។
ស្របពេលនេះដែរ ក្រុមជម្រើសជាតិស្ត្រីអាមេរិកបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាបាល់ពិភពលោកឆ្នាំ២០១៩ ដោយត្រូវតតាំងជាមួយម្ចាស់ផ្ទះបារាំងតែម្តង៕
Tag:
បាល់ទាត់
ដូណាល់ ត្រាំ
World Cup Women
Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com