ខ្មែរ​ក្រហម
ជាតិ
DC-Cam នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​របប​ខ្មែរក្រហម​ដល់​គ្រូបង្រៀន
03, Sep 2013 , 10:21 am        
រូបភាព
ដោយ:
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam សហការ​ជាមួយ​ក្រសួង​អប់រំ​នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មួយ ស្ដីពី​របប​ខ្មែរក្រហម​លើក​ទី១០ ដល់​លោកគ្រូ អ្នកគ្រូ​ដែល​មកពី ឃុំ-សង្កាត់ផ្សេងៗគ្នា នៅឯ​សាលា​បណ្ដុះបណ្ដាល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម។នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង មួយ​របស់ DC-Cam ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ។


យោងតាម​សេចក្ដីជូនដំណឹង​នោះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នោះ​នឹងត្រូវ​ធ្វើ​ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១២ ខែសីហា​ខាងមុខនេះ ដែល​នឹងមាន​អ្នកចូលរួម​ចំនួន៥០នាក់​មកពី​ខេត្តកំពង់ចាម និង៥០នាក់​ទៀត​មកពី​ខេត្តក្រចេះ​ផងដែរ។

ចំពោះ​គោលបំណង​នៃ​ការបណ្ដុះបណ្ដាល​នេះ គឺ​ដើម្បី​ជា​ជំហាន​មួយ​និង​បន្ត​ទៅមុខទៀត ក្នុង​ការកសាង វប្បធម៌​នៃ​ការផ្សះផ្សារ​មួយ សន្តិភាព ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ​ជាដើម​នោះ។ ម្យ៉ាងទៀត​គឺ​ដើម្បី​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​របស់​ពួក​ខ្មែរក្រហម ដើម្បីឱ្យ​ប្រជាជន​កម្ពុជា ជាពិសេសក្មេងៗជំនាន់​ក្រោយ យល់ដឹង​ពី​បរិបទ​នយោបាយ​ជា​ផ្លូវការ​មួយ ឬក៏​ដើម្បី​ជាការ​ចែករំលែក​ជា​លក្ខណៈ​ឯកជន រវាង​ឪពុកម្តាយ​ទៅកាន់កូនៗរបស់​ពួកគាត់​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​DC-Cam បាន​បង្កើត​នូវ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​តាំងពី​ឆ្នាំ២០០៩មក​ម្លេះ ហើយ​មាន​លោកគ្រូ អ្នកគ្រូ​ជាង៣០០០នាក់​ហើយ​បានទទួល​នូវ​ការបណ្ដុះបណ្ដាល​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ៕






© រក្សាសិទ្ធិដោយ thmeythmey.com