អន្តរជាតិ
វៀតណាម ជា​គោលដៅ​បន្ទាប់ពី​ចិន​ក្នុង​បញ្ជី​ដំឡើង​ពន្ធ​របស់លោក ត្រាំ​?
30, Jul 2019 , 7:39 pm        
រូបភាព
តំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer ផ្ដល់សក្ខីកម្មនៅព្រឹទ្ធសភា។ រូបភាព Reuters
តំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer ផ្ដល់សក្ខីកម្មនៅព្រឹទ្ធសភា។ រូបភាព Reuters
​វៀតណាម អាក្រក់​ជាង​ចិន​ទៅទៀត​។ នេះ​ជាស​ម្ដី​នាពេល​កន្លងមក​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយ​សំដៅលើ​បរិយាកាស​រកស៊ី​នៅ​វៀតណាម​ដែល​មិន​អំណោយផល​ដល់​អាមេរិក​។ ការណ៍​នេះ ឲ្យ​មាន​ជញ្ជីងពាណិជ្ជកម្ម​ផ្អៀង​ខ្លាំង​ទៅខាង​វៀតណាម​។ នៅ​ថ្ងៃទី​២៩ ខែកក្កដា តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក បាន​ព្រមាន​ជាថ្មី​ឲ្យ​ក្រុង​ហាណូយ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​។ ដូច​ចិន​ដែរ ការដំឡើង​ពន្ធ អាចជា​អាវុធ​ដែល​លោក ត្រាំ អាច​ប្រើ បើ​នៅតែ​គ្មាន​ដំណោះស្រាយ​។​

 
​វៀតណាម ជា​គោលដៅ​បន្ទាប់ពី​ចិន​ក្នុង​បញ្ជី​ដំឡើង​ពន្ធ​របស់​អាមេរិក​? នេះ​ជា​សំណួរ​មួយ​ដែល​លេចឡើង​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ និយាយ​រិះគន់​វៀតណាម​ចំៗ​ថា ជា​ប្រទេស​ដែល​អាក្រក់​ជាង​ចិន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។ បន្ទាប់ពីនោះ អាមេរិក​ក៏​ចាប់ផ្ដើម​ទាមទារ​ឲ្យ​វៀតណាម មាន​ចំណាត់ការ​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម ដែល​សព្វថ្ងៃ​អាមេរិក​ជា​អ្នកខាតបង់​ច្រើនជាង​នោះ​។ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​។​
 
​តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer បាន​ទទូច​ឲ្យ​បង្កើន​ការ​នាំចូល​ទំនិញ​ពី​អាមេរិក ដោះស្រាយ​ការ​រឹតត្បិត​ទីផ្សារ និង​ត្រូវ​បើក​ទីផ្សារ​របស់ខ្លួន​ឲ្យ​បាន​ទូលាយ​។ ក្នុង​ចម្លើយ​ផ្ញើ​ទៅកាន់​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​អាមេរិក លោក Lighthizer បញ្ជាក់ទៀតថា ក្រុមហ៊ុន​អាមេរិក ជួប​របាំង​ពាណិជ្ជកម្ម​ដ៏​យុត្តិធម៌​នៅ​វៀតណាម​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Politico នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​
 
​ចម្លើយ​របស់​តំណាង​ចរចា​ពាណិជ្ជ​កម្មនេះ​ទាក់ទង​វៀតណាម​នេះ ធ្វើឡើង​តប​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា Mark Warner ដែល​បានកត់សម្គាល់​ពីស​ម្ដី​បែប​មិន​ពេញចិត្ត​របស់លោក ត្រាំ លើ​វៀតណាម​។ លោក Warner បារម្ភ​ថា គោលនយោបាយ​របស់លោក ត្រាំ ដែល​ចូលចិត្ត​ដំឡើង​ពន្ធ​លើ​ប្រទេស​ផ្សេង​ដែល​រកស៊ី​ចំណេញ​ពី​អាមេរិក អាច​នាំ​ឲ្យ​អាមេរិក​ឯកោ​ពី​ដៃគូ​ក្នុង​តំបន់​របស់ខ្លួន​ដូចជា​វៀតណាម និង​ឥណ្ឌា​ជាដើម​។ 
 
​តាមពិតទៅ តាំងពី​ឡើងកាន់តំណែង​មក ការដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម ជា​រឿង​ចម្បង​សម្រាប់​រដ្ឋបាល​លោក ត្រាំ ។ រឿងនេះ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នោះ ដ្បិត​ចិន​ជា​ប្រទេស​ដែល​អាមេរិក​រង​ឱនភាព​ពាណិជ្ជកម្ម​ច្រើនជាងគេ​បំផុត​។ 
 
​តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន Pictet Asset Management ក្នុងចំណោម​ប្រទេស​១០ ដែល​អាមេរិក​រង​ឱនភាព​ពាណិជ្ជកម្ម​ច្រើនជាងគេ ៥​ប្រទេស​នៅ​អាស៊ី​។ ចិន​នៅលើ​គេ ឯ​ទី​ពីរ​គឺ​ជប៉ុន និង​ទី​បី គឺ​វៀតណាម​តែម្ដង ហើយ​កូរ៉េខាងត្បូង​នៅ​លំដាប់​ទី​បួន និង​ម៉ាឡេស៊ី​នៅ​ចុងក្រោយ​គេ​។ បើ​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩​នេះ ឱនភាព​ពាណិជ្ជកម្មរ​បស់​អាមេរិក​ជាមួយ​វៀតណាម មាន​ដល់​ទៅជិត​២០​ពាន់​លាន​ដុល្លារ​ឯណោះ​៕  

Tag:
 វៀតណាម​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ឱនភាព​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com