ជាតិ
សង្គម​ស៊ីវិល៖ យើង​សោកស្តាយ​ដែល​គ.ជ.ប​ប្រកាស​លទ្ធផល​លឿន​ពេក
08, Sep 2013 , 5:19 pm        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គជប) បានកំណត់ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ថ្ងៃទី២៨ ខែកក្កដា ត្រូវបាន​ប្រកាស​ជា​រួចរាល់។ សង្គម​ស៊ីវិល​បាន​ហៅ​ការប្រកាស​លទ្ធផល​នេះ​ថា មាន​ភាព​ប្រញាប់ប្រញាល់ ពីព្រោះថា​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត ដែល​គណបក្សនយោបាយ​រកឃើញ នៅ​មិនទាន់​ដោះស្រាយ​រួចរាល់។


ការស្នើសុំ​ពន្យា​ពេល​ប្រកាស​លទ្ធផល​ពី​បក្សប្រឆាំង មិន​ទទួលបាន​ផល​នោះទេ។ គ.ជ.ប​នៅ តែ​អាច​ប្រកាស​លទ្ធផល​ផ្លូវការ ការបោះឆ្នោត​ថ្ងៃទី២៧ ខែកក្កដា​បាន បើទោះជា​មានការ​ស្នើ ឲ្យ​មានការ​ស៊ើបអង្កេត​ពី​លទ្ធផល​យ៉ាងណាក៏ដោយ។
 
គ្មានអ្វី​ផ្លាស់ប្តូរ​នោះទេ ចំពោះ​សំឡេងឆ្នោត​បឋម​និង​ផ្លូវការ គឺថា​គណបក្ស​ប្រជាជន​នៅតែ អាចដឹកនាំ​រដ្ឋាភិបាល ដោយ​ទទួលបាន​សំឡេង៦៨អាសនៈ ចំនែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន៥៥អាសនៈ។

ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​ការប្រកាស​លទ្ធផល នេះ​ថា វា​ហាក់​លឿន​ពេក​សម្រាប់​ការប្រកាស​ពី​លទ្ធផល​នេះ។ លោក​បន្តថា វា​នឹង ធ្វើ​ឲ្យ​គណបក្សនយោបាយ មិន​សប្បាយចិត្ត និង​នៅតែ​បន្ត​មានការ​សង្ស័យ​ច្រើន​ជុំវិញ​ការ បោះឆ្នោត។

លោក​ថ្លែងថា៖«ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង ចំពោះ​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ។ គ.ជ.ប​គួរ​ទុក​ឲ្យ​គណបក្សនយោបាយ អស់ចិត្តរៀងៗខ្លួន​សិន មុន​សម្រេច​ប្រកាស។ ខ្ញុំ​គិតថា​វា​មិន​ហួស ពេល​នោះទេ»។

លោក គល់ បញ្ញា​បន្តថា ទំនាស់​នយោបាយ​នៅតែ​បន្ត​អូសបន្លាយ ប្រសិន​ណា​ទស្សនៈ​របស់ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខុសគ្នា។ លោក​ថ្លែងថា៖«សម្រាប់​ខ្ញុំ គណបក្ស​ប្រជាជន គួរ​ឆ្លើយតប​តាម​សំណើរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការជួប​ថ្នាក់ដឹកនាំ​កំពូល​របស់​បក្ស​ទាំងពីរ ដើម្បី​បញ្ចប់​បញ្ហា​នេះ។ បើ​មិន​ដូច នោះទេ ខ្ញុំ​គិតថា វា​មិន​ងាយ​បញ្ចប់​ទេ»។

លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​អង្កេត​ការណ៍​ការបោះឆ្នោត យ៉ាងសកម្ម​នោះ ក៏បាន​បញ្ចេញយោបល់​ជុំវិញ​ការប្រកាស​លទ្ធផល​នេះ​ថា ការប្រកាស លទ្ធផល​នេះ គ.ជ.ប​បានធ្វើ​ត្រឹមត្រូវ ទៅតាម​ប្រតិទិន​ដែល​បានកំណត់។

ការមើលឃើញ​របស់លោក ព្រាប កុល មិន​ខុស​អ្វី​ពី​ទស្សនៈ​របស់លោក គល់ បញ្ញា​ប៉ុន្មាន នោះទេ គឺថា​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​នេះ វា​ហាក់​លឿន​ពេក ព្រោះថា​ភាពមិនប្រក្រតី ឫ​បណ្តឹង​ជាច្រើន​របស់​បក្សប្រឆាំង មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ។

លោក ព្រាប កុល​បាន​ថ្លែងថា៖«….ការធ្វើ​នេះ(ការប្រកាស​លទ្ធផល) ចំពេល​ទំនាស់​វិ​វេទ​របស់​បក្សនយោបាយ នៅ​មិនទាន់​ត្រឹមត្រូវ និង​មិនទាន់​ទទួលយកបាន​ពី​ភាគី​ទាំងសងខាង… ខ្ញុំ​បារម្ភ​ថា ការប្រកាស​លទ្ធផល​នេះ អាច​បន្តធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ មាន​ភាព​តានតឹង​មួយកម្រិត​ទៀត ព្រោះ​អាចមាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ដែល​មិន​យល់ស្រប ចំពោះ​លទ្ធផល​នេះ»។

បើទោះជា​លទ្ធផល​ផ្លូវការ​ត្រូវបាន​ប្រកាស​ក៏ពិតមែន ក៏ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល ជំនួប​ថ្នាក់ដឹកនាំ​កំពូល​ត្រូវតែ​ធ្វើ​ឡើងជា​ចាំបាច់។ ចាំបាច់ ដើម្បី​រិះរក​ផ្លូវ​មួយ​សម្រាប់​ដើរ និង​ភាគី​ទាំងសងខាង​ព្រម​ទទួល ដោយ​ភាពយុត្តិធម៌​បំផុត៕





© រក្សាសិទ្ធិដោយ thmeythmey.com