ជាតិ
អង្គការសហប្រជាជាតិ​បើក​ការប្រកួតប្រជែង​សម្រាប់​ឲ្យ​យុវជន​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
02, Aug 2019 , 7:59 pm        
រូបភាព
ក្រុមយុវជន និងអ្នករៀបចំកម្មវិធី ថតរូបជុំគ្នាក្រោយបញ្ចប់ការធ្វើបទបង្ហាញលើកទី១ អំពី «ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដល់ក្រុមយុវជន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ក្រុមយុវជន និងអ្នករៀបចំកម្មវិធី ថតរូបជុំគ្នាក្រោយបញ្ចប់ការធ្វើបទបង្ហាញលើកទី១ អំពី «ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដល់ក្រុមយុវជន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ស្រប​ពេលដែល​បញ្ហា​សិទ្ធិមនុស្ស​នៅតែ​ជា​កង្វល់​នៅក្នុង​ប្រទេស​កម្ពុជា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​(OHCHR) សហការ​ជាមួយ​អង្គការ​សមាគម​ចំនួន​៥​ផ្សេងទៀត​បានរៀបចំ​«​ការប្រកួត​ពានរង្វាន់​យុវជន​គាំទ្រ​សិទ្ធិមនុស្ស​»​ដើម្បី​បង្ហាញ​ការទទួលស្គាល់​ចំពោះ​យុវជន និង​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស តាមរយៈ​សកម្មភាព​ចូលរួម​ក្នុង​សហគមន៍ ឬ​សង្គម​របស់ខ្លួន​។

 
​លោក Mahmoud Garga អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​(OHCHR)​ប្រាប់ VOA តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ឬ​អ៊ីមែល​ថា គោលបំណង​នៃ​ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត និង​ទទួលស្គាល់​ការរួមចំណែក​របស់​យុវជន​ក្នុងការ​លើកកម្ពស់​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា និង​លើកកម្ពស់​ការយល់ដឹង​កាន់តែច្រើន​អំពី​សិទ្ធិ​ក្នុងការ​ចូលរួម​កិច្ចការ​សាធារណៈ​។​
 
​លោក​សរសេរ​តាមន័យ​ដើម​ថា​៖
 
«​យុវជន​កម្ពុជា​មានលទ្ធភាព​ទទួលបាន​នូវ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការអប់រំ​បន្ថែមទៀត ហើយ​យើង​បានឃើញ​គំនិត​ច្នៃប្រឌិត​មួយចំនួន​ពី​សំណាក់​យុវជន រាប់បញ្ចូល​ទាំង​ការចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកឡើង​ពី​ដំណោះស្រាយ និង​ការព្រួយបារម្ភ​លើ​បញ្ហា​សាធារណៈ​»​។​


យុវជនកំពុងអង្គុយស្តាប់មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ធ្វើបទបង្ហាញលើកទី១ អំពី «ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដល់ក្រុមយុវជន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​ការប្រកួត​ពានរង្វាន់​យុវជន​គាំទ្រ​សិទ្ធិមនុស្ស​នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ពី​ពេលនេះ​រហូតដល់​ថ្ងៃទី​៩​ខែសីហា​។ បេក្ខជន​ត្រូវ​ចូលរួម​ជា​ក្រុម និង​ត្រូវមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។ បេក្ខជន​ចូលរួម​ប្រកួត​ត្រូវ​មានគំនិត​ក្នុងការ​បង្កើតជា​សកម្ម​ភាព ឬ​យុទ្ធនា​ការដែល​កើត​មាននៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ជាមួយ ឬ​ជំរុញ​ឲ្យ​ស្ថាប័ន​នយោបាយ ស្ថាប័នរដ្ឋ​នានា ឬ​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​ថ្នាក់ជាតិ ដោះស្រាយ​បញ្ហា ដោះស្រាយ​ក្តីកង្វល់ ឬ​គោលនយោបាយ​នៅ​សហគមន៍ ឬ​ក្នុងសង្គម​របស់​ពួកគេ​។​
 
​ក្រុមការងារ​របស់​កា​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​នឹង​ជួយ​គាំទ្រ​ដល់​ក្រុមយុវជន​ដែល​ចូលរួម​ប្រកួតប្រជែង​ដើម្បី​បង្កើតជា​វីដេអូ​ខ្លី​។ វីដេអូ​នេះ​សម្រាប់​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មានការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ​។​
 
​លោ​កសៃ​ម៉ុ​ន វ៉ក​ឃឺ​រ (Simon Walker)​តំណាង​ការិយាល័យ​OHCHR​ប្រចាំ​កម្ពុជា លើកឡើងថា ជាទូទៅ​យុវជន​វ័យក្មេង​នៅ​កម្ពុជា​តែង​ជួប​ការលំបាក​ក្នុងការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ ដោយសារ​បរិបទ​សង្គម​។​
 
​លោ​កសៃ​ម៉ុ​ន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​«​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ធានាថា សំឡេង គំនិត និង​តម្រូវការ​របស់​ពួកគេ​ត្រូវ​បានឮ និង​ដោះស្រាយ​»​។​
 
​យុវជន​កម្ពុជា​អាយុ​ចាប់ពី​១៥​ទៅ​៣០​ឆ្នាំ មាន​ចំនួន​១​ភាគ​៣​នៃ​ប្រជាជន​សរុប​ប្រមាណ​ជា​១៦​លាន​នាក់​។ នេះ​បើតាម​តួលេខ​របស់​អង្គការសហប្រជាជាតិ​។ របាយការណ៍​ចេញ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​បាន​ធ្លាក់​ដុនដាប​ខ្លាំង​។ នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មានការ​អនុម័ត​ច្បាប់​មួយចំនួន​ដែលមាន​លក្ខណៈ​រឹតត្បិត ក្នុង​គោលបំណង​បំបិទ​សំឡេង​ជំទាស់​។ ក្រុម​អង្គការ​អន្តរជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ក្នុងអំឡុង​ឆ្នាំ​២០១៩​នេះ​ទាក់ទង​ទៅនឹង​ចំណាត់ការ​នានា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​ក្នុងប្រទេស​កម្ពុជា​។​
 
​កាលពី​ថ្ងៃទី​២០​ខែកក្កដា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានរៀបចំ​បទ​បង្ហាញ​មួយ​សម្រាប់​ដំណាក់កាល​ដំបូង​ដើម្បី​ពន្យល់​ក្រុមយុវជន​ដែលមាន​បំណង​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​នោះ​។​
 
​កញ្ញា​នាង រចនា ដែល​បាន​ចូលរួម​ស្តាប់​ការធ្វើ​បទ​បង្ហាញ​នោះ លើកឡើងថា កញ្ញា និង​ដៃគូ​ម្នាក់ទៀត​កំពុង​ត្រៀមខ្លួន​ចូលរួម​ក្នុង​ប្រកួតប្រជែង​នេះ​។​


កញ្ញា នាង រចនា ដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញលើកទី១ អំពី «ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដល់ក្រុមយុវជន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ទួល​ទំពូង កញ្ញា​វ័យ​១៧​ឆ្នាំ​រូបនេះ​ចង់​ចូលរួម​បង្ហាញ​សមត្ថភាព ខណៈដែល​នាង​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​
 
«​ខ្ញុំ​ចង់បង្ហាញ​សមត្ថភាព និង​ចំណេះដឹង​។ សកម្មភាព​ដែល​ខ្ញុំ​ធ្លាប់​ចូលរួម​កិច្ចការ​សង្គម​តាំងពី​ខ្ញុំ​នៅ​កុមារ រហូតដល់​ជា​យុវជន និយាយ​ទៅ​វា​ចូល​៦​ឆ្នាំ​ហើយ​។ អ៊ីចឹង​នេះ​គឺ​គោលបំណង​ចង់​លើកទឹកចិត្ត​យុវជន​ឲ្យ​មាន​ឆន្ទៈ​សម្រាប់​ការចូលរួម​ការងារ​ស​ង្គ​ម​»​។​
 
​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​ប្រាំ​ទៀត​បាន​ចូលរួម​រៀបចំ​ការប្រកួតប្រជែង​របស់​ក្រុមយុវជន​នេះ​។ ក្នុងនោះ​មាន សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា​(CIYA) អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា (CRC-Cambodia) អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​(CVS) សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​និង​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC)​។​
 
​លោ​កស ម៉ូ​រី អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ដែលជា​អង្គការ​ដៃគូ​ក្នុង​កម្មវិធី​នេះ លើកឡើងថា ស្ថានភាព​នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​នៅ​កម្ពុជា​បច្ចុប្បន្ន​កាន់តែ​មាន​ភាព​រឹតត្បិត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ផ្សេងៗ​ពី​ស្ថាប័នរដ្ឋ​។ លោក​បន្តថា កម្មវិធី​ប្រកួតប្រជែង​នេះ​នឹង​ជួយ​ឲ្យ​យុវជន​ដែលជា​ធនធានមនុស្ស​មា​ន​សក្តានុពល អាច​នាំយក​បញ្ហា​ផ្សេងៗ​ទៅដល់​អាជ្ញាធរ តាមរយៈ​សកម្មភាពរ​បស់​ពួកគេ​។​
 
​អនុប្រធាន​សមាគម​វ័យ​២៩​ឆ្នាំ​រូបនេះ​បញ្ជាក់ថា​៖
 
«​យុវជន​គឺជា​កម្លាំង​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុងសង្គម គាំទ្រ​យុវជន​ក្នុង​ការងារ​លើកកម្ពស់​សិទ្ធិមនុស្ស​នឹងមាន​ឥទ្ធិពល​ច្រើន​ក្នុងការ​ដាក់​នូវ​ធាតុ​ចូល​ទាំងឡាយ បញ្ហា​ប្រឈម​របស់​យុវជន ហើយ​អ្នកនយោបាយ​និង​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​ហ្នឹង​នឹង​ពិចារណា​ខ្ពស់​ចំពោះ​សំឡេង​របស់​យុវជន​»​។​
 
​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ស្វាគមន៍​ការរៀបចំ​កម្មវិធី​ប្រឡងប្រណាំង​នេះ​។ ប៉ុន្តែ​លោក​ទាញ​ចំណាប់អារម្មណ៍​ថា កុំ​ឲ្យ​ក្រុមយុវជន​ដើរ​ហួស​ព្រំដែន​ច្បាប់​។​
 
«​កម្មវិធី​នេះ​គឺ​ល្អ​ដែរ ក៏ប៉ុន្តែ​បើ​មានការ​ប្រើប្រាស់ ឬក៏​ការអនុវត្ត​បែបបទ ឬក៏​នីតិវិធី​អី​ដែល​វា​បំពាន​ទៅលើ​បែបបទ​រដ្ឋបាល ឬក៏​ផ្នែក​ច្បាប់​អី អាហ្នឹង​គឺ​វា​អាចមាន​ជា​បញ្ហា​ទៅវិញ​ទេ​»​។​
 
​ការប្រកួត​ពានរង្វាន់​យុវជន​គាំទ្រ​សិទ្ធិមនុស្ស​នេះ​ឧបត្ថម្ភ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​។​
 
​បើតាម​មន្ត្រី​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​(OHCHR) រហូតមកដល់​ពេលនេះ​មាន​យុវជន​ប្រមាណ​ជា​៣០​នាក់ បាន​ចូលរួម​ស្តាប់​ការណែនាំ​អំពី​ការប្រកួត​ពានរង្វាន់​យុវជន​គាំទ្រ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។ ក្រុមយុវជន​ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ​នឹង​ទទួលបាន​ពាន​វិញ្ញាបនបត្រ និង​រង្វាន់​ផ្សេងៗ​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com