កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង បារម្ភបញ្ហាភ្នែក ពេលប្រកួតការពារជើងឯកពិភពលោក
× កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកយុវជន និងស្ត្រីពិភពលោក 17th Juniors & Women Petanque World Championship នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ វីរកីឡាការិនី កែ ឡេង ស្ថិតក្នុងចំណោមកីឡាការិនីកម្ពុជាជាច្រើនទៀត ដែលត្រូវប្រជែងជាមួយកីឡាការិនីមកពីជាង៦០ប្រទេស ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិ។ ម្ចាស់មេដាយមាសពិភពលោកបីជំនាន់រូបនេះ មិនរំពឹងថា អាចការពារតំណែងជើងឯកពិភពលោកបាននោះទេ។
បញ្ហាសុខភាព និងភ្នែកបានក្លាយជាក្តីកង្វល់សម្រាប់វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ សម្រាប់ការប្រជែងដណ្តើមជើងឯកក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកយុវជននិងស្ត្រីពិភពលោកដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ បញ្ហានេះ ក៏បានធ្វើឲ្យកីឡាការិនីរូបនេះ បាត់បង់ទំនុកចិត្តក្នុងការពារតំណែងខ្លួនផងដែរ។
«យើងជាម្ចាស់ពាន ទោះបីមានការលំបាកយ៉ាងណា ក៏ខិតខំឲ្យអស់ពីសមត្ថភាព ហើយខ្ញុំក៏មិនទាន់គិតថា ខ្ញុំអាចរក្សាតំណែងបាន១០០ភាគរយដែរ។ ហេតុអ្វីខ្ញុំមិនច្បាស់ខ្លួនឯងក្នុងការរក្សាតំណែង ជាធម្មតាពី១ឆ្នាំទៅ១ឆ្នាំវ័យយើងកាន់តែចាស់ ហើយអ្វីដែលលំបាកបំផុតសម្រាប់ខ្ញុំសព្វថ្ងៃ គឺបញ្ហាសុខភាព និងភ្នែក ព្រោះមានពេលខ្លះភ្នែកខ្ញុំស្រវាំងម្តងម្កាល»។ វីរកីឡាការិនី កែ ឡេង លើកឡើងបែបនេះក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីពេលកន្លងទៅ។
តែយ៉ាងណាកីឡាការិនី ដែលចូលប្រឡូកក្នុងវិស័យកីឡាប៉េតង់តាំងពីឆ្នាំ១៩៩៧រូបនេះ បានអះអាងថា សមត្ថភាពរបស់អ្នកស្រីហាក់ពុំមានការប្រែប្រួលនោះឡើយ បើធៀបនឹងការចូលរួមប្រកួតកន្លងមក។ អ្នកស្រីអះអាងដូច្នេះថា៖«ពាក់ព័ន្ធសុខភាព និងសមត្ថភាព ដែលខ្ញុំខំប្រឹងហ្វឹកហាត់រាល់ថ្ងៃ គឺខ្ញុំយល់ខ្លួនឯងថា ខ្ញុំនៅពេញដូចដើម»។
សម្រាប់ការប្រកួត 17th Juniors & Women Petanque World Championship ម្ចាស់មេដាយមាសពិភពលោក៣លើកជាប់គ្នា(២០១៣, ២០១៥, ២០១៧)រូបនេះ នឹងលេងលើវិញ្ញាសាវាយយកពិន្ទុ(Shooting)និង៣នាក់ទល់៣នាក់។ ក្នុងចំណោមវិញ្ញាសាទាំងពីរអ្នកស្រី កែ ឡេង រំពឹងស្មើៗគ្នា ប៉ុន្តែមេដាយមាស៣លើកកន្លងមក អ្នកស្រី ឈ្នះលើវិញ្ញាសាវាយយកពិន្ទុ។
បច្ចុប្បន្នវីរកីឡាការិនី កែ ឡេង រួមជាមួយកីឡាការីនីនិងយុវជនដទៃទៀត កំពុងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នៅទីលានក្នុងពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងបច្ចេកទេស និងសមត្ថភាព សម្រាប់ត្រៀមការប្រកួតដ៏ធំលំដាប់ពិភពលោកមួយនេះ។ សម្រាប់អ្នកស្រី កែ ឡេង កីឡាករកីឡាការិនីដែលចូលរួមការប្រកួតនេះ គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា ពុំមានប្រទេសណាខ្សោយជាងប្រទេសណានោះទេ៕
Tag:
ប៉េតង់
កែ ឡេង
Patanque World Junior & Women Championship
© រក្សាសិទ្ធិដោយ thmeythmey.com