ខ្មែរ​ក្រហម
ជាតិ
បុគ្គលិក​ជាតិ​នៅ​សាលាក្ដី​ខ្មែរក្រហម​បន្ត​ព្យួរការងារ​ឈាន​ចូលដល់​សប្ដាហ៍​ទី២
09, Sep 2013 , 3:50 pm        
រូបភាព
ដោយ:
គិត​មក​ត្រឹម​ថ្ងៃទី៩ ខែកញ្ញា​នេះ​គឺ​ឈាន​ចូលដល់​សប្ដាហ៍​ទី២ហើយ ដែល​បុគ្គលិក​ជាង១៤០នាក់ ក្នុងចំណោម​បុគ្គលិក​ជាតិ​សរុប២៥០នាក់ នៅ​សាលាក្ដី​ខ្មែរក្រហម បាន​បន្ត​ព្យួរការងារ ដោយសារតែ​មិនទាន់មាន​ដំណោះស្រាយ​លើ​បញ្ហា​វិបត្តិ​ខ្វះ​ថវិកា​នៅឡើយ​នោះទេ។


អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេ​ត ភក្ត្រា បាន​ប្រាប់​គេហទំព័រថ្មីៗថា គិត​មកដល់ពេលនេះ​គឺ​មិនទាន់មាន​សញ្ញាណ​ជា​វិជ្ជមាន​ណាមួយ ស្ដីពី​ដំណោះស្រាយ​ទៅលើ​វិបត្តិ​ថវិកា​របស់​សាលាក្ដី​នេះ​នៅឡើយ​នោះទេ។

លោក​បន្តថា៖ «ទោះបីជា​មិនទាន់មាន​សញ្ញាណ​ជា​វិជ្ជមាន​ក៏ដោយ ក៏​កាលពីពេលថ្មីៗនេះ​គឺមាន​ការជួបប្រជុំ​ជាច្រើន​រវាង​មន្ត្រី​តុលាការ រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និង​ក្រុម​ប្រទេស​ម្ចាស់ជំនួយ ដើម្បី​ស្វែងរក​ដំណោះ​នានា​ទៅលើ​បញ្ហា​វិបត្តិ​ថវិកា​នេះ»។

មន្ត្រី​អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​នៅក្នុង​សារ​អេ​ឡិច​ត្រូ​និ​ចមួយ ដែល​បាន​ផ្ញើមក​កាន់​អ្នកសារព័ត៌មាន​នោះ ដោយបាន​លើកឡើងថា៖«យើង​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ថា ប្រសិនបើ​វិបត្តិ​ហិរញ្ញវត្ថុ​មិនទាន់​អាច​ដោះស្រាយបាន ការព្យួរ​ការងារ​នៅតែ​បន្ត នោះ​វា​នឹង​នាំ​ឲ្យ​មានការ​ពន្យារពេល​លើ ដំណើរការ​សវនាការ​ដែល​អង្គជំនុំជម្រះ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៦ ខែតុលា ខាងមុខ​ទាក់ទង​នឹង​ការធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការសួរដេញដោល​លើ​សំណុំរឿង ០០២/០១ ដែលមាន​ជនជាប់ចោទ​ពីរ​នាក់​គឺ នួន ជា និង​ខៀវ សំផន​នោះ​ផងដែរ»។

ម្យ៉ាងទៀត​បើ​បញ្ហា​វិបត្តិ​ថវិកា​អូសបន្លាយ​កាន់តែ​យូរ នោះ​ក៏​នាំ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​នៃ​ការចេញ​សាលក្រម​លើ​សំណុំរឿង ០០២ /០១ ដែល​អង្គជំនុំជម្រះ​សាលាដំបូង​មាន​ផែនការ​ក្នុងការ​ប្រកាស​នៅ​ដើម​ត្រីមាស​ទី២ ឆ្នាំ ២០១៤ ។

ទាក់ទង​នឹង​ការលាលែង​ពី​តំណែង​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក​អ៊ិន​ឌ្រូ ខេ​លី​ឯណោះ​វិញ លោក នេ​ត ភក្ត្រា​ក៏បាន​បញ្ជាក់​ផងដែរ​ថា៖«ការលាលែង​ចេញពី​តំណែង​របស់លោក​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​ថវិកា​របស់​តុលាការ​ទេ ប៉ុន្តែ​ដោយសារ មូលហេតុ​ផ្ទាល់ខ្លួន​របស់គាត់​តែប៉ុណ្ណោះ»។

លោក អ៊ិន​ឌ្រូ ខេ​លី បាន​សរសេរ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា៖«ខ្ញុំ​សង្ឃឹមថា​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​បន្ទាន់​មួយចំនួន ដែល​តុលាការ​កំពុងតែ​ប្រឈមមុខ នឹង​អាច​ដោះស្រាយបាន​ដើម្បី​ឲ្យ​សំណុំរឿង​អាច​បញ្ចប់​បាន​ត្រឹមត្រូវ​តាម គម្រោង​ផែនការ​របស់ខ្លួន និង​តាម​ពេលវេលា​សមស្រប»៕



© រក្សាសិទ្ធិដោយ thmeythmey.com