កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៩៩ ពោលគឺអំឡុងពេលវិបត្តិសេដ្ឋកិច្ច ប្រវត្តិសាស្ត្ររុស្ស៊ី បានប្រែមុខមាត់ថ្មីជារៀងរហូត ក្រោយពីអតីតប្រធានាធិបតីរុស្ស៊ី លោក បូរីស យែលស៊ីន (Boris Yeltsin) បានសម្រេចតែងតាំងលោក វ្ល៉ាឌីមៀ ពូទីន ជានាយករដ្ឋមន្ត្រីស្តីទី។ កាលនោះ លោក ពូទីន ពុំមានគុណសម្បត្តិអ្វីច្រើនដែលគេគិតទុកថា បុរសរូបនេះ អាចក្លាយជាមេដឹកនាំពិភពលោកឡើយ។
មុនមានមុខតំណែងធំក្នុងរដ្ឋបាលលោក យែលស៊ីន លោក ពូទីន ពុំសូវចេញមុខច្រើនឡើយលើឆាកនយោបាយរុស្ស៊ី ដ្បិតលោកមានតួនាទីត្រឹមតែជាទីប្រឹក្សាម្នាក់ឲ្យអភិបាលក្រុង St. Petersburg លោក Anatoly Sobchak។ ក្រោយមក លោកបានទៅកាន់រដ្ឋធានី មូស្គូ និងធ្វើការជាមន្ត្រីម្នាក់ក្នុងនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិប្រធានាធិបតី ដែលមិនទំនងសោះឡើយសម្រាប់ការហក់ទៅតោងការិយាល័យកំពូលជាតិបែបនេះ។
ប៉ុន្តែមិនទាន់ដល់៦ខែស្រួលបួលផងក្រោយក្លាយជានាយករដ្ឋមន្ត្រី លោក ពូទីន បានឡើងតំណែងមួយកម្រិតទៀតទៅជាប្រធានាធិបតីស្តីទី កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៩ បន្ទាប់ពីលោក Yeltsin លាលែងពីតំណែងដោយពុំមានអ្នកណាស្មានដល់។ ការប្រគល់អំណាចដោយឥតព្រាងទុកនេះហើយ បានជំរុញឲ្យលោកពូទីនក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតប្រចាំប្រទេសរុស្ស៊ី។
ជាក់ស្តែង ក្នុងខែសីហា ឆ្នាំ១៩៩៩ នៅពេលលោក ពូទីន បានក្លាយជានាយករដ្ឋមន្ត្រី ការស្ទង់មតិនៅទូទាំងប្រទេសមួយ ដែលបានធ្វើឡើងដោយមជ្ឍមណ្ឌលឯករាជ្យ Levada បង្ហាញថា អត្រាប្រជាប្រិយភាពរបស់លោកពូទីន ស្មើនឹង ៣១ភាគរយ។ ក្រោយមក ត្រឹមខែមករា ឆ្នាំ២០០០ ក្រោយចូលកាន់តំណែងជាប្រធានាធិបតី តួលេខ បានកើនឡើងដល់ ៨៤ភាគរយ។ ចាប់តាំងពីពេលនោះមក តួលេខ ពុំធ្លាក់ចុះក្រោម ៦០ភាគរយនោះឡើយ។
តើអ្វីជំរុញការហក់ឡើងនៃប្រជាប្រិយភាពរបស់លោក វ្ល៉ាឌីមៀ ពូទីន បែបនេះ?
កត្តាមួយដែលពន្យល់វាច្បាស់លាស់នោះគឺ ការប្រើធម៌ក្តៅរបស់លោកពូទីន ទប់ទល់ប្រឆាំងនឹងអំពើភេរវកម្មក្នុងស្រុក។ ក្នុងខែ កញ្ញា ឆ្នាំ១៩៩៩ ការបំផ្ទុះគ្រាប់បែកក្នុងលំនៅឋានពលរដ្ឋជាច្រើនករណី បានកើតឡើងនៅជុំវិញប្រទេសរុស្ស៊ី ដោយសម្លាប់មនុស្សជាង ៣០០នាក់។ ហេតុការណ៍នេះ លោក ពូទីន បានទម្លាក់កំហុសលើក្រុមឧទ្ទាមអ៊ីស្លាម Checen និងបានបញ្ជាឲ្យកងទ័ពជើងអាកាសរុស្ស៊ីទម្លាក់គ្រាប់បែកលើរដ្ឋធានីនៃសាធារណរដ្ឋ Chechnya (ស្ថិតជាផ្នែកមួយនៃសហព័ទ្ធរុស្ស៊ី) ដែលជាជម្រុករបស់ក្រុមឧទ្ទាមនេះ។
ជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែកនៅរុស្ស៊ី ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានអះអាងថា ការវាយប្រហារនេះ បង្កឡើងដោយក្រុមឧទ្ទាមអ៊ីស្លាម។ ប៉ុន្តែគូប្រជែងរបស់ពូទីន ឈ្មោះថា Boris Berezovsky និងអតីតចារបុរសរុស្ស៊ី Alexander Litvivenko បានប្រឌិតរឿងថា ភ្នាក់ងារសន្តិសុខរុស្ស៊ីទេតើ ដែលជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះនេះ ដើម្បីជាថ្នូរនឹងការប្រើប្រាស់កម្លាំងទ័ពក្នុង Chechnya ។
ក្រោយមក មហាសេដ្ឋី Berezovsky ត្រូវបានរកឃើញថាស្លាប់ក្នុងភូមិគ្រឹះរបស់លោកក្នុងចក្រភពអង់គ្លេស កាលឆ្នាំ២០១៣ ដែលរាយការណ៍ថាជាការធ្វើអត្តឃាត។ ចំណែកលោក Litvinenko បានស្លាប់ក្រោយត្រូវថ្នាំបំពុលក្នុងទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៦ ។ ឃាតកម្មនេះហើយដែលត្រូវបានអាជ្ញាធរស៊ើបអង្កេតអង់គ្លេសចាត់ទុកថាជាការបញ្ជារបស់លោក ពូទីន។ ទោះបីជាបែបនេះក្តី ការទម្លាក់គ្រាប់បែកនេះហើយ កំណត់ជោគវាសនាឆ្ពោះទៅក្តាប់តំណែងកំពូលរបស់ពូទីន ព្រោះថាវាជួយឲ្យប្រជាជាតិរុស្ស៊ីជឿជាក់ និងគាំទ្រការដឹកនាំលោក។
ម្យ៉ាងវិញទៀត ការបង្កើតរូបភាពថាលោក ពូទីន ជាបុរសសកម្ម ក៏ជាកត្តាធ្វើឲ្យលោកមានឈ្មោះបោះសំឡេងខ្លាំងក្លាផងដែរ។ ម្តងនោះ លោក ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុង Grozny រដ្ឋធានីនៃ Chechnya ដោយប្រើប្រាស់យន្តហោះចម្បាំង Su-27 ។ កាលនោះ សារព័ត៌មានក្រែមឡាំង បានចុះផ្សាយថា លោក ពូទីន ជាអ្នកបញ្ជាយន្តហោះនោះដោយខ្លួនឯងផ្ទាល់។ មែនទែនទៅ ការបង្កើតរូបភាពថា លោក ពូទីន ជាបុរសសកម្មបែបនេះ មានឥទ្ធិពលខ្លាំងទាំងក្នុងប្រទេសរុស្ស៊ី និងជុំវិញសាកលលោក ក្នុងរយៈពេល២ទសវត្សរ៍មកនេះ។
ក្រោយពីហេតុការណ៍វាយប្រហារនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៣ ហើយអាមេរិក បានប្រកាសសង្គ្រាមប្រឆាំងអំពើភេរវកម្ម លោក ពូទីន ជាមេដឹកនាំពិភពលោកទីមួយដែលហៅទូរសព្ទទៅកាន់លោកប្រធានាធិបតី ប៊ូស ។ កាលនោះ រដ្ឋាភិបាលរុស្ស៊ី បានយល់ស្របចំពោះវត្តមានយោធាអាមេរិកក្នុងតំបន់អាស៊ីកណ្តាលដើម្បីគាំទ្រការឈ្លានពានលើប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយមកទៀត ក្រុងមូស្គូ បានអនុញ្ញាតឲ្យកងទ័ពនិងឧបករណ៍យោធាអាមេរិកឆ្លងកាត់ដែនអាកាសរុស្ស៊ីឆ្ពោះទៅអាហ្វហ្គានីស្ថានថែមទៀតផង។
យ៉ាងណាមិញ មេដឹកនាំវិមានក្រេមឡាំងរូបនេះ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណងរបស់សហរដ្ឋអាមេរិក។ លោក ពូទីន បានរិះគន់លើការពង្រីកសម្ពន្ធភាពណាតូ និងប្រឆាំងនឹងគម្រោងរបស់ក្រុងវ៉ាស៊ីនតោនក្នុងការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលបាលីស្ទិក។ ហើយអ្វីដែលបង្កឲ្យមានការធ្លាក់ចុះរវាងទំនាក់ទំនងរុស្ស៊ីជាមួយនឹងពិភពលោក គឺនៅពេលដែលក្រុងមូស្គូបានលេបត្របាក់តំបន់ក្រែមមៀរ កាលពីឆ្នាំ២០១៤។ ជាលទ្ធផល រុស្ស៊ី រងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់អាមេរិក។ ទណ្ឌកម្មទាំងនោះ ប៉ះពាល់ធ្ងន់ធ្ងរលើហោប៉ៅប្រជាជនរុស្ស៊ីស្លូតត្រង់ ប៉ុន្តែវាមិនធ្វើឲ្យកិត្យានុភាពរបស់លោកពូទីនបាត់បង់ច្រើននោះទេ។
ដោយឡែក ផ្ទុយពីស្ថានភាពកាលពីឆ្នាំ១៩៩៩ ការក្តោបក្តាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីសំណាក់ក្រុងមូស្គូ មានតឹងរ៉ឹងខ្លាំងនាពេលបច្ចុប្បន្ន។ ការបង្ក្រាបជាបន្តបន្ទាប់លើសេរីភាពសារព័ត៌មានអំឡុងអាណត្តិលោកពូទីន មានន័យថា ការចុះផ្សាយព័ត៌មានរសើបពាក់ព័ន្ធនឹងគោលនយោបាយរបស់លោក សឹងតែគ្មានតែម្តង។
មកទល់ពេលនេះ គេពុំទាន់ឃើញមាន បេក្ខភាពនយោបាយណាមួយ លេចមុខសម្រាប់ស្នងតំណែងកំពូលនេះពីលោក ពូទីន នៅឡើយទេ។ តាមច្បាប់ លោកប្រធានាធីបតី ពូទីន ត្រូវលាលែងពីតំណែង ក្រោយពីលោកបញ្ចប់អាណត្តិបច្ចុប្បន្នលោក នាឆ្នាំ២០២៤ខាងមុខ។ ជាឧទាហរណ៍កាលពីឆ្នាំ២០០៨ លោក ពូទីន ធ្លាប់ប្រគល់តំណែងប្រធានាធីបតីឲ្យមនុស្សជំនិតលោក Dmitry Medvedev ដោយលោកទៅអង្គុយកៅអីជានាយករដ្ឋមន្ត្រី។
យ៉ាងណាមិញ អ្នកវិភាគជាច្រើន សង្ស័យថា លោក ពូទីន អាចបង្កើតផ្លូវមួយដើម្បីរក្សាកៅអីខ្លួនឯង ដូចគ្នាទៅនឹង ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលលុបចោលចំនួនកំណត់អាណត្តិកាន់តំណែង ឬដូច អតីតប្រធានាធីបតីកាហ្សាក់ស្ថាន Nursultan Nazarbayev ដែលចុះចេញពីតំណែងជាផ្លូវ តែបន្តក្តាប់អំណាចក្រៅសង្វៀននយោបាយដដែល៕