កីឡាអន្តរជាតិ
អន្តរជាតិ
Coutinho ចេញពី Barca ទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល រូបភាពពីវេបសាយ Bayern Munich
× FC Barcelona ទទួលបាន ៩លានដុល្លារអាមេរិក ក្រោយយល់ព្រមឲ្យខ្សែបម្រើ Philippe Coutinho ទៅ FC Bayern Munich ខ្ចីជើងក្នុងរយៈពេលមួយរដូវកាល។ នេះបើតាមការផ្សាយរបស់វេបសាយផ្លូវការរបស់ Bayern Munich នៅថ្ងៃទី១៩ ខែសីហានេះ។
ខ្សែបម្រើសញ្ជាតិប្រេស៊ីល វ័យ២៧ឆ្នាំនឹងស្នាក់នៅទឹកដីអាល្លឺម៉ង់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្រាប់លក្ខខណ្ឌខ្ចីជើងនេះ។ យ៉ាងណាក៏ដោយបើតាម Goal.com ម្ចាស់ជើងឯក Bundesliga អាចមានលក្ខខណ្ឌទិញយក Coutinho ដាច់តែម្តងនៅរដូវកាលបន្ទាប់ដែលមានតម្លៃរហូតដល់ ១៣៣លានដុល្លារអាមេរិក។
អតីតសមាជិក Liverpool រូបនេះ បានទៅពិនិត្យសុខភាពនៅទឹកដី Allianz Arena ដោយជោគជ័យហើយដើម្បីត្រៀមខ្លួនជួយ Bayern ប្រជែងពានធំៗដូចជាលីគកំពូលអាល្លឺម៉ង់ ជាពិសេសពានកំពូលអឺរ៉ុប Champions League តែម្តង។
«សម្រាប់ខ្ញុំការផ្លាស់ប្តូរនេះមានន័យថាជាការប្រកួតប្រជែងថ្មីនៅក្នុងប្រទេសថ្មី ជាមួយក្លិបល្អបំផុតមួយនៅអ៊ឺរ៉ុប។ ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថាអាចសម្រេចបានលទ្ធផលដ៏អស្ចារ្យរួមគ្នាមួយជាមួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំនៅទីនេះ»។ នេះជាការរៀបរាប់របស់ Coutinho សម្រាប់ក្លិបថ្មីរបស់គេ។
Coutinho ដែលត្រូវពាក់អាវលេខ១០ ក្លាយជាកីឡាករខ្ចីជើងទី២ បន្ទាប់ពី Bayern ខ្ចីបានខ្សែបម្រើសញ្ជាតិក្រូអាស៊ី Ivan Perišić ពី Inter Milan រដូវកាលនេះ៕
Tag:
Philippe Coutinho
Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com