កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងកាន់តែទៅមុខ ខណៈ៨ក្រុមអស់ឱកាសប្រជែងជើងឯកហើយ
× ក្រោយបន្តយកឈ្នះកំពង់ចាម ៥-០ នាជំនួបជើងទី២ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងបន្តគ្រប់គ្រងកំពូលតារាងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី២០ ដោយមាន៥២ពិន្ទុ និងមានឱកាសកាន់តែខ្ពស់ក្នុងការគ្រងជើងឯក ដ្បិតនៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះ។ វិសាខាបានធ្លាក់ទៅឈរលេខរៀងទី៣ ក្រោយបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយម្ចាស់ផ្ទះបឹងកេត រីឯអាស៊ីអឺរ៉ុប ក៏បញ្ចប់លទ្ធផលស្មើ ១-១ ជាមួយអង្គរថាយហ្គឺរផងដែរ។ ចំណែកភ្នំពេញក្រោនបន្តយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២។ គិតត្រឹមសប្តាហ៍ទី២០មានក្រុមចំនួន៨ហើយ ដែលអស់ឱកាសប្រជែងដណ្តើមពានរដូវកាលនេះ។
ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ត្រឹមសប្តាហ៍ទី២០ បន្ទាប់ពីពួកគេបន្តយកឈ្នះកំពង់ចាម ៥-០ នាជំនួបជើងទី២នៅល្ងាចថ្ងៃទី១៨ សីហា នៅកីឡដ្ឋានខេត្តស្វាយរៀង។ ជ័យជម្នះនេះ ជួយឲ្យពួកគេមានឱកាសកាន់តែខ្ពស់ក្នុងការគ្រងជើងឯក និងបន្តគ្រប់គ្រងកំពូលមាន៥២ពិន្ទុ ដែលមានគម្លាត៨ពិន្ទុពីគូប្រជែងណាហ្គាវើល និងវិសាខា ដែលមាន៤៤ពិន្ទុដូចគ្នា។ នៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះ ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនឹងបញ្ចប់ជាស្ថាពរ។ គ្រាប់បាល់ទាំង៥របស់ព្រះខ័នរាជស្វាយរៀងរកបាន៣គ្រាប់ដោយកីឡាករ Gisung Yeon និងរួមចំណែកម្នាក់១គ្រាប់ពីកីឡាករ ហូយ ផល្លីន និង Charles William Hew Machell។
ភ្នំពេញក្រោន អាស៊ីអឺរ៉ុប អគ្គស្នងការដ្ឋាននគរបាលជាតិ សូលទីឡូអង្គរ គីរីវង់សុខសែនជ័យ អគ្គិសនីកម្ពុជា កំពង់ចាម និងយុវជនអាយុក្រោម១៨បាទី សុទ្ធតែអស់ឱកាសប្រជែងដណ្តើមពាន បើគិតត្រឹមសប្តាហ៍ទី២០។ បច្ចុប្បន្នក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោនស្ថិតនៅលេខរៀងទី៧មាន៣២ពិន្ទុ ដោយមានគម្លាត២០ពិន្ទុពីក្រុមកំពូលតារាង ខណៈពួកគេនៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះ ដែលស្មើ១៨ពិន្ទុក្នុងករណីឈ្នះគ្រប់ការប្រកួត។ ប៉ុន្តែពួកគេនៅមានឱកាសប្រជែងដណ្តើមជើងឯករង។
ក្រុមវិសាខាដែលលេខរៀងទី២នៅសប្តាហ៍ទី១៩បានធ្លាក់ទៅឈរលេខរៀងទី៣នៅសប្តាហ៍ទី២០ ក្រោយពួកគេបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយបឹងកេត នាជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ គ្រាប់បាល់ទី១បានកើតឡើងត្រឹម២៦នាទីក្នុងតង់ទី១ ក្រោយកីឡាករ Oiboh Julius រកគ្រាប់បាល់នាំ ១-០ ឲ្យម្ចាស់ផ្ទះបឹងកេត តែកីឡាករ Da Cruz Guardlano Eliel រកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់វិសាខានៅនាទី៤៥។ នៅតង់ទី២មិនមានគ្រាប់បាល់បញ្ចូលទីកើតឡើងនោះទេ ដោយក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ បឹងកេតបានបន្តឈរលេខរៀងទី៤មាន៤១ពិន្ទុ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិមិនអាចសឹងសឹកបានឡើយ ដោយពួកគេបន្តចាញ់ភ្នំពេញក្រោនក្នុងលទ្ធផល ៣-២។ កីឡាករ Dzarma Bata, Mustafa Zazai និងកីឡាករ យ៉ើ ម៉ូស្លីម ជាអ្នកសម្រេចគ្រាប់បាល់ឲ្យភ្នំពេញក្រោន ខណៈពីរគ្រាប់របស់ប៉ូលិសរកបានដោយ Souza E Silva Matheus។ ចំណែកការប្រកួតនៅកីឡដ្ឋាន A.E.U Sports Park ម្ចាស់ផ្ទះអាស៊ីអឺរ៉ុបបានបញ្ចប់ក្នុងលទ្ធផលមួយដ៏ភ្ញាក់ផ្អើលនៅជើងទី២ គឺស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ ដែលពួកគេបានចាញ់ ៦-១ នៅជើងទី១។ កីឡាករ Coulibali Abdel Kader ជាអ្នករកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះ រីឯ Fernando Cozar Torres សម្រេចគ្រាប់បាល់ឲ្យក្រុមភ្ញៀវ៕
Tag:
ព្រះខ័នរាជស្វាយរៀង
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com