ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ សម្តេចនាយក​រដ្ឋមន្ត្រី​មិន​ចង់ឱ្យមាន​វិសមិតភាព​រវាង​ក្របខណ្ឌ​រដ្ឋ និង​ឯកជន​
23, Aug 2019 , 12:31 pm        
រូបភាព
រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
ដោយ: ថ្មីៗ
​ក្រោយ​សេចក្តីសម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឱ្យ​កងកម្លាំងប្រដាប់អាវុធ អាច​ទទួល​ងារ​ជា​ឧកញ៉ា​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​សេចក្តីសម្រេច​នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

 
«​សម្តេចនាយក​រដ្ឋមន្ត្រី​យល់ឃើញថា វា​មាន​វិសមិតភាព​រវាង​កងកម្លាំងប្រដាប់អាវុធ ដែលជា​ក្របខ័ណ្ឌ​រដ្ឋ និង ងារ​ជា​ឧកញ៉ា ដែលជា​វិស័យ​ឯកជន​»​។ នេះ​ជាការ​ពន្យល់​របស់លោក ឈឹម ផល​វរុណ ដែលជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្សកាន់អំណាច​មួយ​នេះ​ដែលមាន​សមាជិក​ឡើង​ដល់​ជាង​៨០០​នាក់​។​
 
​គណបក្ស​ប្រជាជន​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​នៅ​ថ្ងៃទី​២២​ខែកក្កដា ដែល​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​គឺ​សម្តេច ហ៊ុន សែន និង​ប្រធានកិត្តិយស គឺ​សម្តេច ហេង សំរិន​។ នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​ផង​បានប្រកាស​សេចក្តីសម្រេច​ចិត្ត​មួយ​ដែល​មិន​អនុញ្ញាតឱ្យ​គ្រប់​ប្រភេទ​នៃ​កងកម្លាំងប្រដាប់អាវុធ រួមទាំង​កង​អង្គរក្ស​ផង មិនអាច​មាន​ងារ​ជា​ឧកញ៉ា ឬ​ផ្ទុយទៅវិញ បើសិនជា​ពួកគេ​សុខចិត្ត​យក​ងារ​ឧកញ៉ា ពួកគេ​ត្រូវ​បោះបង់​ឋានន្តរ​ស័​ក្ត​។​
 
​ឆ្លើយតប​នឹង​សំណួរ​របស់​សារព័ត៌មាន thmeythmey មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​បាន​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​៖«​ការមិន​ឲ្យ​មាន​វិសមិតភាព ឬ ការ​ឡូកឡំ​គ្នា​រវាង​ក្របខណ្ឌ​កងកម្លាំងប្រដាប់អាវុធ និង​ងារ​ជា​ឧកញ៉ា គឺ​ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​នៃ​កងកម្លាំងប្រដាប់អាវុធ ក្នុង​កិច្ច​ការបម្រើ​ជាតិ និង​ប្រជាជន​»​។ លោក ឈឹម ផល​វរុណ ដែល​អះអាងថា លោក​មិនបាន​ដឹងថា​តើ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ប៉ុន្មាន​រូប ទាំង​យោធា និង​នគរបាល ដែល​កំពុងមាន​ងារ​ជា​ឧកញ៉ា​នោះ បាន​សង្កត់ធ្ងន់ថា​៖«​សាមីខ្លួន​ត្រូវ​សម្រេចចិត្ត​ខ្លួនឯង ថា​យក​មួយណា​? យក​មួយ អត់​មួយ​!»​។​
 
​វិសមិតភាព​សំដៅថា មុខងារ​ឬ​តួនាទី​ពីរ ដែល​មនុស្ស​ម្នាក់ មិនអាច​មាន​ទាំង​ពីរបាន​។ ដូចជា រដ្ឋធម្មនុញ្ញ កំណត់ថា តំណាងរាស្ត្រ មាន​វិសមិតភាព​ជាមួយ​ការបំពេញ​មុខងារសាធារណៈ ដែល​មានន័យថា តំណាងរាស្ត្រ មិនអាច​ទៅធ្វើជា​មន្ត្រី​សាធារណៈ​ឡើយ​។​
 
​កាលពី​អំឡុង​ខែមេសា​ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ពី​គម្រោង​ធ្វើកំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​ម្តង​រួចមកហើយ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល សំដៅ​តែ​ទៅលើ​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ដោយ​ពុំបាន​និយាយ​ពី​ក្របខ័ណ្ឌ​នគរបាល ដែល​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ក្រសួងមហាផ្ទៃ​ឡើយ​។ 
 
​កាលនោះ ប្រមុខ​រដ្ឋាភិបាល បង្ហើប​ថា ទៅ​ថ្ងៃមុខ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ (​កងទ័ព កងរាជអាវុធហត្ថ និង កង​អង្គរក្ស​) ត្រូវ​ទុក​ឲ្យ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) មានតែ​ពីរ​នាក់​ប៉ុណ្ណោះ​៕
 
 

Tag:
 ហ៊ុន សែន​
  កំណែទម្រង់​
  កម្លាំងប្រដាប់អាវុធ​
  ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com