ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច​៖ របាយការណ៍ «​ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​បញ្ចាំ​» ជា​រឿង​នយោបាយ
29, Aug 2019 , 9:28 am        
រូបភាព
​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកឡើង​របស់​ស​ង្គ​ម​ស៊ីវិល​ជំវិញ​ករណី​ពលរដ្ឋ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាការ​លើកឡើង​បែប​នយោបាយ​។ លោក បានលើកឡើង​បែបនេះ​ក្នុង​កិច្ចពិភាក្សា​តុមូល ក្រោម​ប្រធានបទ «​ដំណើរ​ប្រព្រឹត្តទៅ និង​ភាពជា​ដៃគូ​នៃ​សេវាកម្ម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» នា​ថ្ងៃទី​២៨ ខែសីហា​នេះ​។

 
​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​ឲ្យ​ដឹងថា លោក​បាន​សិក្សារ​ស្រាវជ្រាវ​លើ​៩​ខេត្ត​- ក្រុង ដោយ​សម្ភាស​ពលរដ្ឋ​១០០០​នាក់ ហើយ​បាន​រកឃើញថា​ស្ថានភាព​កម្ចី​មាន​លក្ខណៈ​ល្អ​។ លោក​បន្តថា ចំពោះ​ករណី​មិន​ប្រក្រតី​មាន​ត្រឹមតែ​១​ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្តថា អាជ្ញាធរ​ក៏​មិនបាន​ចូលរួម​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុងការ​ទារបំណុល​ពី​ពលរដ្ឋ​ដូច​ពេលកន្លងមក​នោះទេ​។ 
 
​លោក​បាន​និយាយថា​៖«​ការព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល ជា​ទិដ្ឋភាព​នយោបាយ​ច្រើនជាង មិនមែនជា​ទិដ្ឋភាព​សង្គម​ទេ ព្រោះ​កាលណា​សង្គម គេ​យក​៥០​បូក​១​។ បើ​មាន​បញ្ហា ៥០​បូក​១ អាហ្នឹង​បាន​មាន​បញ្ហា​ចោទ តែបើ​១​ភាគរយ ហើយ​យើង​យកមក​...​ដូច​ឧបមា​ថា ឥឡូវ​គាត់​មាន​២៨​នាក់ មាន​បញ្ហា​ក្នុងចំណោម ២,៥​លាន​នាក់ អាហ្នឹង​វា​ជា​ស្អី​។ អាហ្នឹង​វា​អត់​ត្រូវ​ទេ សូម​ឲ្យ​សិក្សា ផ្អែកលើ​វិទ្យាសាស្ត្រ​ផង ហើយ​កុំ​យក​ចំណុច​នេះ​ទៅ​វាយ​គេ​»​។​
 
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បានបញ្ជាក់​ជំហរ​ថា  អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ជា​អង្គការក្រៅរដ្ឋាភិបាល​ដោយ​មិន​រកប្រាក់​កម្រៃ និង​មិន​បានធ្វើ​ការបម្រើ​ឲ្យ​បក្សនយោបាយ​ណាមួយ​នោះទេ​។ លោក​បន្តថា ការរកឃើញ​នេះ​ជា​ចំណុច​ចាប់ផ្ដើម​ក្នុង​ការជួយ​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត  ដើម្បី​កុំ​ឲ្យ​មាន​ករណី​អវិជ្ជមាន​ណាមួយ​កើតមានឡើង ដែល​អាចជួយ​រដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​តម្លាភាព និង​ចីរភាព​។ 
 
​លោក​បន្ថែមថា ករណី​សិក្សា​ពី​រឿង​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ ក៏​គ្មាន​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ ឬ​វាយប្រហា​ទៅលើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ​នៅ​កម្ពុជា​ដែរ ពោលគឺ​គ្រាន់តែ​ចង់​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បន្ថែម​លើ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ជាពិសេស​កសិករ​ក្នុងប្រទេស​កម្ពុជា ដោយ​ឈរលើ​គោលការណ៍​ស្តីពី «​ការវិនិយោគ ត្រូវ​ផ្សារភ្ជាប់​នឹង​សិទ្ធិមនុស្ស​» ប៉ុណ្ណោះ​។ 
 
​លោក​បាន​និយាយថា​៖«​របាយការណ៍​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ឲ្យ​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំងប្រទេស​នោះទេ​។ របាយការណ៍​នេះ​គ្រាន់តែ​រំលេច​នូវ​បញ្ហា​ដែល​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត យើង​បាន​រកឃើញ​នៅ​តំបន់​គោលដៅ ដែលមាន​១០​ឃុំ ហើយ ៤ ខេត្ត ១​រាជធានី​។ ហើយ​របាយការណ៍​នេះ​ក៏​មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​អង្គការ​ទាំងពីរ​នោះទេ គឺ​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ជីវភាព​ធូរធា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលបាន​ផលចំណេញ ប្រកបដោយ​ចីរភាព​តែប៉ុណ្ណោះ​»​។ 
 
​កាលពីពេល​ថ្មីៗ​នេះ អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា «​ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​» ដែល​អង្គការ​ទាំងពីរ​បាន​រកឃើញថា មាន​ហានិភ័យ​ដ៏​គួរឱ្យ​ព្រួយបារម្ភ គឺ ពលរដ្ឋ​បាន​ជំពាក់​បំណុល គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​វ័ណ្ឌក ហើយ​បាន​ជំរុញ​ឲ្យ​ពួកគេ​ទៅ​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ឯកជ​ន​បន្ថែមទៀត  ដើម្បី​យកប្រាក់​ទៅ​សងបំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ទំហំ​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​បណ្ដាល​ឲ្យ​កូនៗ​ពួកគេ​ឈប់រៀន ដើម្បី​រកប្រាក់​ជួយ​ដោះបំណុល​ទាំងនោះ​។ លើសពីនេះ គ្រួសារ​ទាំងមូល​ត្រូវ​កាត់បន្ថយ​ការ​ទទួលទាន​ម្ហូបអាហារ ដែល​មិនមាន​ជីវជាតិ​គ្រប់គ្រាន់ ដើម្បី​សន្សំ​ប្រាក់​ដោះបំណុល​៕ 
 

Tag:
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com