អន្តរជាតិ
ការហាត់​ប្រាណ​អាចធ្វើ​ឲ្យ​អ្នក​រីករាយ​ជាង​ការ​មាន​លុយ​ទៅទៀត
31, Aug 2019 , 7:59 pm        
រូបភាព
ប្រភពរូប៖ វេបសាយព័ត៌មាន independent.co.uk
ប្រភពរូប៖ វេបសាយព័ត៌មាន independent.co.uk
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​ការហាត់​ប្រាណ គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព​ផ្លូវចិត្ត ជាជាង​ស្ថានភាព​សេដ្ឋកិច្ច​របស់​អ្នក​។ ចំពោះ​អ្នក​ដែល​បាន​ហាត់ប្រាណ​ជាប្រចាំ អាចមាន​អារម្មណ៍មិនល្អ​ប្រហែល ១៨​ថ្ងៃ​ក្នុង​មួយឆ្នាំ ចំណែកឯ​អ្នក​ដែល​ហាត់ប្រាណ​មិនបាន​ទៀងទាត់​មាន​អារម្មណ៍មិនល្អ ច្រើនជាង ៣៥​ថ្ងៃជា​មធ្យម​។ លើសពីនេះ កីឡា​មួយចំនួន​ដែល​ទាក់ទង​នឹង​ការចូលរួម​ក្នុងសង្គម អាចមាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ច្រើនជាង​កីឡា​ដទៃ​។ នេះ​បើតាម​ការស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Yale និង​សកល​វិទ្យាល័យ​Oxford​។


 
​ការធ្វើ​លំ​ហាត់ប្រាណ ផ្តល់​អត្ថប្រយោជន៍​ទាំង​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ​។ យោងតាម​ការសិក្សា​ដែល​បានចេញ​ផ្សាយ​នៅក្នុង​កាសែត The Lancet អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ទិន្នន័យ​អំពី​ឥរិយាបថ​រាងកាយ និង​អារម្មណ៍​ផ្លូវចិត្ត​របស់​ពលរដ្ឋ​អាមេរិក​ជាង ១,២ លាន​នាក់​។ 
 
​អ្នកចូលរួម​ត្រូវបាន​គេ​សួរថា តើ​អ្នកមាន​អារម្មណ៍មិនល្អ ដូចជា​ស្ត្រេ​ស​, បាក់​ទឹកចិត្ត ឬ​មាន​បញ្ហា​អារម្មណ៍​ប៉ុន្មាន​ដង​រយៈពេល ៣០​ថ្ងៃ​ចុង​ក្រោយនេះ ហើយក៏​មាន​សំណួរ​ពាក់ព័ន្ធ​ពី ប្រាក់ចំណូល និង​សកម្មភាព​រាងកាយ​ផងដែរ​។ ពួកគេ​អាច​ជ្រើសរើស​សកម្មភាព​រាង​កា​យ​ដូចជា កាត់​ស្មៅ​, ថែទាំ​កុមារ​, ធ្វើ​ការងារ​ផ្ទះ​, ការរត់​, និង​ការ​ជិះ​កង់​ជាដើម​។​
 
​ការហាត់​ប្រាណ ពិតជា​បានផ្តល់​ផល​ល្អ​ដល់​សុខភាព​ផ្លូវចិត្ត ក៏ប៉ុន្តែ ការធ្វើ​វា​ច្រើន​ហួសពេក​នឹង​អាចធ្វើ​ឲ្យ​ជួប​បញ្ហា​ទៅវិញ​។ ការសិក្សា​បាន​រកឃើញថា សកម្មភាព​រាងកាយ​អាចជួយ​ដល់​សុខភាព​ផ្លូវចិត្ត​បានល្អ​ប្រសើរ លុះត្រា​នៅក្នុង​ពេលវេលា​ជាក់លាក់​មួយ​។ ជាការ​ល្អ ក្នុង​មួយ​សប្តាហ៍​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​៣ ទៅ​៥​ដង ដែល​ក្នុង​១​ដង ប្រហែល​៣០​នាទី ទៅ មួយ​ម៉ោង​។​
​លើសពីនេះទៅទៀត សម្រាប់​អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​លើសពី​៣​ម៉ោង​ក្នុង​មួយថ្ងៃ អាច​នឹងរង​គ្រោះ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ជាង​អ្នក​ដែល​មិនបាន​ហាត់ប្រាណ​ទៅទៀត​។​
 
​អ្នក​វិ​ទ្យ​សាស្ត្រ បាន​កត់សម្គាល់ថា កីឡា​ដែល​ទាក់ទង​នឹង​ការចូលរួម​ក្នុងសង្គម​ដូចជា ពពួក​កីឡា​ជា​ក្រុម អាចមាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សុខភាព​ផ្លូវ​ចិត្តបាន​ច្រើនជាង​កីឡា​ដទៃទៀត​។ តែបើ​ទោះជា ការ​ជិះ​កង់​,​លំ​ហាត់ប្រាណ​តាម​ភ្លេង​, និង​ការហាត់​កាយសម្បទា មិនបាន​រាប់​ប​ញ្ជូ​ល​ជា​កីឡា​ដែល​លេង​ជា​ក្រុម​ក្តី សកម្មភាព​ទាំងនេះ​ក៏​អាច​ចាត់ទុកថា​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​សុខភាព​ផ្លូវចិត្ត​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com