អន្តរជាតិ
បារី​អេឡិចត្រូនិក ជា​កត្តា​ជំរុញ​អ្នក​ផ្តាច់​បារី​ឲ្យ​ត្រលប់មក​ជក់​វិញ​
31, Aug 2019 , 5:59 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​បារី​អេឡិចត្រូនិក អាច​នឹង​ជំរុញ​អតីត​ក្រុម​អ្នក​ជក់បារី ឲ្យ​ត្រលប់​មករក​ទម្លាប់​ដើម​របស់គេ និង​ធ្វើជា​អ្នក​ជក់បារី​ជាថ្មី​ម្តងទៀត​។ នេះ​បើ​យោងតាម​លេខាធិការ​ប្រតិបត្តិ​នៃ​មូលនិធិ​សកម្មភាព​ជក់បារី​និង​សុខភាព​ថៃ លោក Prakit Vathesatogkit ។​


 
​លោក​វេជ្ជបណ្ឌិត Prakit Vathesatogkit បាន​និយាយថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក​អាចជា​ការចាប់ផ្តើម​នៃ​ការជក់បារី​។ មាន​របាយការណ៍​ស្តីពី​សុខភាព​នៃ​សហរដ្ឋអាមេរិក​ជាច្រើន​បង្ហាញថា បារី​អេឡិចត្រូនិក​អាច​នឹង​ជំរុញ​អតីត​ក្រុម​អ្នក​ជក់បារី ឲ្យ​ត្រលប់មក​ជក់បារី​ម្តងទៀត​។​
 
​ដោយ​យោងទៅលើ​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​របាយការណ៍​សុខភាព​សាធារណៈ​នៅ​អាមេរិក​នៅ​ខែសីហា លោក Prakit បន្តថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក​មិនល្អ​ចំពោះ​សុខភាព ហើយ​មិនបាន​ជួយ​ផ្តាច់​បារី​បាន​នោះទេ​។ អំឡុង​ឆ្នាំ ២០១៣ ដល់​២០១៥ មាន​អ្នក​ដែល​ផ្តាច់​បារី​បានសម្រេច​ជាច្រើន​នាក់ ប្រើប្រាស់​បារី​អេឡិចត្រូនិក ហើយក៏​ត្រឡប់​ទៅ​ជក់បារី​កញ្ចប់​ដូចដើម​វិញ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​ដោ​យម​ជ្ឈ​ម​ណ្ដ​ល​គ្រប់គ្រង​និង​បង្កា​ជម្ងឺ​កាលពី​ចុង​សប្ដាហ៍​បង្ហាញថា​ថា មាន​ជំងឺថ្លើម​កើតឡើង​១៩៣​ករណី​ក្នុង​រដ្ឋ​ចំនួន​២២ នៅ​អាមេរិក​ដោយសារ​ការប្រើ​បារី​អេឡិចត្រូនិក​គិត​ត្រឹម​ចុងខែ​មិថុនា​។ យោងតាម​អង្គការ​សុខភាព​ពិភពលោក ថ្នាំជក់​បានសម្លាប់​ប្រជាជន​ជុំវិញ​ពិភពលោក​ជាង ៨​លាន​នាក់​ក្នុង​មួយឆ្នាំ​។​
 
​វ​ត្ដុ​រាវ​ដែល​នៅក្នុង​បារី​អេឡិចត្រូនិក ត្រូវបាន​ផ្សំ​ឡើង​ពី​សារជាតិ​នីកូទីន ដែល​គេ​យកមក​សិក្សា​ឃើញថា​មាន​សារជាតិ​ញៀន​ខ្ពស់ ហើយ​ក៏មាន​សារធាតុ​ចម្រុះ​ជាច្រើន​ទៀត​ដែលជា​របស់​ហាមឃាត់​។ នេះ​បើតាម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ជាតិ​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com