អន្តរជាតិ
អូស្ត្រាលី ចាប់​ទូក​ដឹក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ស្រីលង្កា​ចំនួន​១៣​នាក់​
02, Sep 2019 , 10:59 pm        
រូបភាព
រូបភាព The Australian
រូបភាព The Australian
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​កង​កម្លាំងយោធា​អូស្ត្រាលី បាន​ឃាត់​ទូក​មួយ​របស់​ស្រីលង្កា​ជាមួយ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ចំនួន ១៣​នាក់​នៅលើ​ទូក​នោះ កាលពី​ខែសីហា​កន្លងទៅ​។ រដ្ឋមន្ត្រី​មហាផ្ទៃ លោក Peter Dutton បាន​និយាយ​បែបនេះ​នៅ​ថ្ងៃទី​២ ខែកញ្ញា  ខណៈ​ទីក្រុង​កង់​បេ​រ៉ា កំពុង​ការពារ​ចំណាត់ការ​របស់ខ្លួន​ក្នុងការ​តាំងទី​លំនៅ​ថ្មី​នៃ​ពួក​តា​មិ​ល (Tamil) មួយ​គ្រួសារ​ទៅកាន់​មន្ទីរឃុំឃាំង​នៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន​។​

 
​រដ្ឋមន្ត្រី​មហាផ្ទៃ​អូស្ត្រាលី លោក Peter Dutton និយាយថា ទូក​ស្រីលង្កា ត្រូវគេ​ចាប់បាន​នៅ​កោះ Cocos ដែលជា​តំបន់​ដាច់ស្រយាល​របស់​ប្រទេស​អូស្ត្រាលី នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ នេះ​គឺជា​ទូក​ទី​១៣​ហើយ​ដែល​ចេញពី​ស្រីលង្កា ចូលមកក្នុង​ទឹកដី​អូស្ត្រាលី​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន ក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​សមុទ្រ​ពេល​មិនទាន់​មកដល់​ប្រទេស​អូស្ត្រាលី ត្រូវបញ្ជូន​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ​។ រីឯ​អ្នក​ដែល​បាន​មកដល់​អូស្ត្រាលី​ហើយ ត្រូវបាន​បញ្ចូនទៅ​ជំរុំ​ឃុំឃាំង​របស់​អូស្ត្រាលី នៅ​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​, កោះ Nauru នៃ​មហាសមុទ្រ​បា​ស៊ី​ហ្វិ​ក​ខាងត្បូង និង​កោះ Christmas ដែល​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អង្គការ​ជាច្រើន ក្នុងនោះ​ក៏មាន​អង្គការសហប្រជាជាតិ​ផងដែរ​។​
 
​មនុស្ស​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​អូស្ត្រាលី បានធ្វើ​បាតុកម្ម​នៅ​ចុង​សប្តាហ៍​នេះ​ប្រឆាំងនឹង​សេចក្តីសម្រេច​ខាងលើ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី Scott Morrison បាន​និយាយ​នៅ​ថ្ងៃទី​២ ខែកញ្ញា​ដែរ​ថា ការអនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​តា​មិ​ល​ស្នាក់នៅ​បន្ត ដែល​ប្រៀបដូចជា​លើក​ទឹក​ដល់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ឲ្យ​កើនឡើង​បន្ថែមទៀត​។ មជ្ឈមណ្ឌល​ឃុំឃាំង​មួយ​នៅ​កោះ Christmas ដែលមាន​ចម្ងាយ​ប្រមាណ ១,៥៥០ គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ​ដីគោក​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ នៅ​ដើម​ឆ្នាំនេះ​បន្ទាប់ពី​វា​បាន​ទុកចោល​អស់​រយៈពេល​១០​ឆ្នាំ​។​
 
​លោក Dutton បាន​និយាយថា​ក្រុម​តា​មិ​ល នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​បន្ត​នោះទេ បន្ទាប់ពី​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​ត្រូវបាន​បដិសេធ​៕

© រក្សាសិទ្ធិដោយ thmeythmey.com