អន្តរជាតិ
សិង្ហ​បុរី​ព្រមាន​ពលរដ្ឋ​ខ្លួន​៖ ទៅលេង​កូរ៉េខាងជើង អាច​បំពាន​ទណ្ឌកម្ម UN
04, Sep 2019 , 8:39 pm        
រូបភាព
​ដោយ៖ ងួន សុ​ភាវ​ត្តី​
 
​ក្រសួងការបរទេស​សិ​ង្ហ​បុរី នៅ​ថ្ងៃទី​៣ ខែកញ្ញា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ណែនាំ​អោយ​ប្រជាជន​ខ្លួន​មានការ​ប្រ​យ​ត្ន័​ប្រយែង​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ខណៈពេលដែល​សភាពការណ៍​នៅ​ទីនោះ មានការ​ប្រែប្រួល​មិនអាច​កំណត់​បាន​។​


 
​កូរ៉េខាងជើង ជា​គោលដៅ​ទេសចរណ៍​មួយ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​។ ខណៈដែល​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​មិន​សមប្រកប រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្លួន​មានការ​ប្រុងប្រយ័ត្ន​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​សិង្ហ​បុរី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖ «​ប្រជាជន​សិង្ហ​បុរី​ដែល​ធ្វើដំណើរ​កំសាន្ត​នៅ​កូរ៉េខាងជើង​គួរតែ​យល់ដឹង​អំពី​ហានិភ័យ​និង​បញ្ហា​មួយ​ដែល​អាច​កើតឡើង​ដោយ​ចៃដន្យ​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ការចូលរួម​គោរព​ច្បាប់​របស់​សិង្ហ​បុរី​»​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល ក្រសួងការបរទេស​សិ​ង្ហ​បុរី​ក៏បាន​បន្ត​ប្រាប់​ប្រជាជន​ខ្លួន​ថា នៅពេល​ទៅដល់​កូរ៉េខាងជើង ពួកគេ​អាច​នឹងមិន​ទទួលបាន​ជំនួយ​ពី​ស្ថានទូត​ខ្លួន​បានទេ​ព្រោះ​ប្រទេស​ទាំងពីរ​គ្មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​។​
 
​ទន្ទឹមនឹង​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន សិង្ហ​បុរី​ក៏បាន​ចោទ​កូរ៉េខាងជើង​ថា​កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ដើម្បី​ប្រមូលយក​រូបិយវត្ថុ​បរទេស ខណៈ​សេដ្ឋកិច្ច​ខ្លួន​កំពុង​ធ្លាក់ចុះ​ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​ផ្សេងៗ​។ បច្ចុប្បន្ន កូរ៉េខាងជើង រង​ទណ្ឌកម្ម​រាប់សិប​ពី​សំណាក់​អង្គការសហប្រជាជាតិ ហើយ​វិស័យ​ទេសចរណ៍​នេះ ជា​ប្រភព​ចំណូល​សំខាន់​មួយ​របស់​ប្រទេស​នេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com