ជាតិ
នយោបាយជាតិ
លោក កឹម សុខា ខានទៅភ្ជុំបិណ្ឌ៤ឆ្នាំជាប់គ្នា លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា ជំនួយការលោក កឹម សុខា
× ដូច៣ឆ្នាំមុនដែរ លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពុំមានឱកាសបានទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តណាមួយឡើយ សម្រាប់ឆ្នាំនេះ។ មូលហេតុ គឺដោយសារតែ លោក ត្រូវបានចៅក្រមស៊ើបសួរ កំណត់មិនឲ្យចេញទៅណាឆ្ងាយពីផ្ទះ។
លោក ផែង ហេង មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«គាត់ ទៅណាមិនកើតទេ។ ចេញតែពីមុខផ្ទះបន្តិច គឺដល់ព្រំដែនកំណត់ហើយ ហើយនៅជិតៗហ្នឹង គ្មានវត្តទេ»។
ក្រៅពីហាមលោក កឹម សុខា មិនឲ្យចេញឆ្ងាយពីផ្ទះ ចៅក្រមស៊ើបសួរ នៅមិនឲ្យលោក ជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និង មិនឲ្យជួបជនបរទេសណា ដែលពាក់ព័ន្ធនឹងសំណុំរឿង។ វា មានរយៈពេល២ឆ្នាំហើយ បើគិតទាំងពេលដែលលោក ជាប់ពន្ធនាគារត្រពាំងផ្លុង និងទាំងពេលដែលោក ត្រូវបានដាក់ស្ថិតនៅក្នុងផ្ទះ ក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក ត្រូវបានចោទប្រកាន់ថា លួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
នេះជាឆ្នាំទី៤ ដែលលោក កឹម សុខា មិនបានទៅវត្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ កាលពីរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ លោក ខានទៅវត្ត ដោយសាតែលោក ជាប់បម្រាប់នេះឯង។ ហើយកាលពីរដូវភ្ជុំបិណ្ឌឆ្នាំ២០១៧ លោក ខកខាន ដោយសារតែពេលនោះ លោក ជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ច បានចាប់លោក កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺ នៅមុនតែពី២-៣ថ្ងៃប៉ុណ្ណោះ នៃការមកដល់ពិធីបុណ្យភ្ជុំបិណ្ឌ។
ចំណែក កាលពីរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦ លោក កឹម សុខា ក៏មិនបានទៅវត្តដែរ ដោយសារតែលោក ឃុំខ្លួនឯងក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ មូលហេតុ ដែលលោក ឃុំខ្លួនឯង គឺដោយសារតែលោក មិនចង់ចូលទៅបំភ្លឺនៅតុលាការ ក្នុងសំណុំរឿងមួយ។
ការសម្ងំក្នុងទីស្នាក់ការ ដោយមិនព្រមចូលទៅបំភ្លឺនៅតុលាការតាមការកោះហៅ បានធ្វើឲ្យអតីតប្រធានគណបក្សប្រឆាំង រងបទចោទ «បដិសេធក្នុងការចូលខ្លួន»។ កាលនោះ តុលាការ បានកាត់ទោសលោក ឲ្យជាប់ពន្ធនាគារ៥ខែ តែត្រូវបានព្រះមហាក្សត្រ លើកលែងទោស តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
ភ្ជុំបិណ្ឌ
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com