ខ្មែរ​ក្រហម
ជាតិ
ភាគី​ជាតិ​សាលាក្ដី​ខ្មែរក្រហម​មាន​ថវិកា​វិញ​ហើយ
18, Sep 2013 , 11:22 am        
រូបភាព
ដោយ:
ក្រោយពី​មាន​វិបត្តិ​ថវិកា​អស់​រយៈពេល​ជាង​បី​ខែ​មកនេះ ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​បានទទួល​ដំណឹង​ថា នៅថ្ងៃនេះ​ភាគី​ខាង​អង្គការសហប្រជាជាតិ នឹង​ផ្ដល់នូវ​មូលនិធិ​សង្គ្រោះបន្ទាន់​មួយ ដើម្បី​ជួយ​ដល់​ខាង​ផ្នែក​ភាគី​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ថវិកា​នេះ​ផងដែរ។


អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេ​ត ភក្ត្រា បាន​ប្រាប់​គេហទំព័រថ្មីៗថា៖«នៅថ្ងៃនេះ អង្គការសហប្រជាជាតិ បាន​ផ្ដល់នូវ​មូលនិធិ​សង្គ្រោះបន្ទាន់​មកដល់​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម នូវ​ទឹកប្រាក់​ចំនួន ១ ១៥០ ០០០ ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​ភាគី​ជាតិ​ដើម្បី​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រី បុគ្គលិក​របស់ខ្លួន​ដែល​ខកខាន​ក្នុង​ការបើក អស់​រយៈពេល៣ខែ​មកហើយ​នោះ»។

លោក​បាន​បន្តថា៖«ទោះជា​មានការ​ផ្ដល់នូវ​ទឹកប្រាក់​សង្គ្រោះបន្ទាន់​នេះ​ក្ដី ក៏​ថវិកា​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ គឺថា​យើង​នៅ​ត្រូវការ​ថវិកា​ចំនួន ១,៨លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ឲ្យ​បាន​ចប់សព្វគ្រប់»។

លោក​ក៏បាន​បន្ថែមទៀតថា៖«យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​អង្គការសហប្រជាជាតិ ប្រទេស​ម្ចាស់ជំនួយ និង​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមគ្នា​ក្នុង​ការរក​ដំណោះស្រាយ នូវ​វិបត្តិ​ថវិកា​នេះ។ ហើយ​លោក​សង្ឃឹមថា បន្ទាប់ពី​ការជូនដំណឹង​ស្ដីពី​ការ​មាន​ថវិកា​នេះ​ទៅ មន្ត្រី បុគ្គលិក នៃ​ភាគី​ជាតិ​ក្នុង​សាលាក្ដី​ទាំងអស់​នឹង​ត្រឡប់​ចូលមក​ធ្វើការ​ដូចដើម​វិញ​ផងដែរ»៕




© រក្សាសិទ្ធិដោយ thmeythmey.com