អន្តរជាតិ
កូរ៉េខាងត្បូង ស្នើ​កែប្រែ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ទៅជា​តំបន់​សន្តិភាព​វិញ
25, Sep 2019 , 3:30 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ថ្លែងនាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ថ្លែងនាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បានស្នើ​ទៅ​អង្គការសហប្រជាជាតិ​អោយ​បង្កើត​តំបន់​សន្តិភាព​មួយ​ដើម្បី​ជំនួស​អោយ​តំបន់​គ្មាន​យោធា​នៅ​ឧបទ្វីប​កូរ៉េ​។ លោក មូ​ន បាន​លើកឡើងថា គំនិត​នេះ​នឹង​ជំរុញ​សន្តិភាព​ក្នុង​តំបន់ ក៏ដូចជា​ការធានា​សន្តិសុខសម្រាប់​កូរ៉េខាងជើង​ផងដែរ​។



​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​បាន​ត្រួសត្រាយ​ផ្លូវការ​ទូត​ដល់​កិច្ច​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ថ្មី​មួយ​សំរាប់​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​។ លោក មូ​ន បាន​ស្នើអោយ​សហគមន៍​អន្តរជាតិ​គាំទ្រ​ដល់​ការបង្កើត​តំបន់​សន្តិភាព​អន្តរជាតិ​មួយ​ដើម្បី​ជំនួស​អោយ​តំបន់​គ្មាន​យោធា (DMZ) ប្រវែង​២៥០​គីឡូ​ម៉ែត​ដែល​បាន​ពុះ​ចែក​កូរ៉េ​ជា​ពីរ​ជាង​៦០​ឆ្នាំ​មកនេះ​។​

​តំបន់​សន្តិភាព​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​បន្ថែម​ដល់​កូរ៉េខាងជើង​អោយ​បោះបង់​អាវុធ​នុយក្លេអ៊ែរ ដែល​វា​ជា​ចំនុច​ស្នូល​នៃ​កិច្ច​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជាង​មួយឆ្នាំ​កន្លងមកនេះ​។ ថ្លែង​នា​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​លោក មូ​ន បញ្ជាក់ថា​៖ «​ការបង្កើត​តំបន់​សន្តិភាព​ថ្មី​នេះ​នឹង​ផ្តល់នូវ​ការធានា​ដល់​សុវត្ថិភាព​កូរ៉េខាងជើង​។ ទន្ទឹម​នឺង​នោះដែរ កូរ៉េខាងត្បូង​នឹង​ទទួលបាន​សន្តិ​ភាពជា​និរន្ត​ភាព​»​។​    ​

​ជាមួយគ្នានេះ មេដឹកនាំ​កូរ៉េខាងត្បូង​រំពឹងថា តំបន់​ថ្មី​ដែលមាន​ទំហំ​៤​គីឡូ​ម៉ែត​នេះ​នឹង​ក្លាយជា​ទីតាំង​ដោះស្រាយ​ជម្លោះ​និង​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​។ លោក​ក៏​សង្ឃឹមថា តំបន់​នោះ​នឹង​ត្រូវបាន​ចាត់ទុកជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ UNESCO ផងដែរ​។ បើទោះបី​ជាមាន​ជំរំ​យោធា​នៅ​សងខាង​ក៏ដោយ លោក មូ​ន​បាន​លើកឡើងថា វា​នឹង​ក្លាយជា​តំបន់​អេកូឡូស៊ី​ដ៏​មានតម្លៃ​មួយ​។​

​នៅពេលដែល​តំបន់​គ្មាន​យោធា​បានប្រែក្លាយ​ទៅជា​តំបន់​សន្តិភាព​វិញ នោះ​ឧបទ្វីប​កូរ៉េ​នឹង​ក្លាយទៅជា​ស្ពាន​សម្រាប់​ផ្សារភ្ជាប់​ប្រទេស​ផ្សេងៗ និង ផ្សារភ្ជាប់​សន្តិភាព​នឹង​ភាព​រីកចម្រើន​។ នេះ​ជាការ​បញ្ជាក់​របស់លោក​មូ​ន មុន​បន្ថែមថា លោក​បាន​និយាយ​ជាមួយ​លោក គីម ជុង​អ៊ី​ន ពី​រឿង​ត​ភ្ជាប់​ផ្លូវ​រទេះភ្លើង​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៥០ ‌​‌​ដល់​ឆ្នាំ​១៩៥៣ ឡើងវិញ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com