ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួង​អប់រំ មិន​តម្រូវ​ឲ្យ​សិស្ស​ភ្ជាប់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​ក្នុង​ពាក្យសុំ​ចូលរៀន​នៅ​ឧ​ត្ត​មសិ​ក្សា​ទៀតឡើយ​
25, Sep 2019 , 8:39 pm        
រូបភាព
​បេក្ខជន​ដែល​ទៅ​​មើល​លទ្ធ​ផល​​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង​កាលពី​ថ្ងៃទី​​​៩ ខែ​កញ្ញា ឆ្នាំ​​២០១៩
​បេក្ខជន​ដែល​ទៅ​​មើល​លទ្ធ​ផល​​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង​កាលពី​ថ្ងៃទី​​​៩ ខែ​កញ្ញា ឆ្នាំ​​២០១៩
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា លែង​ឲ្យ​បេក្ខជន​ដែល​ទើបតែ​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំនេះ យក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន សម្រាប់​ភ្ជាប់​ជាមួយ​ពាក្យ​ប្រឡង​ចូលរៀន នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទៀតហើយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ដែល​ចង់​ឲ្យ​សម្រួល​ដល់​សិស្ស​ដែល​រួសរាន់​ដាក់ពាក្យ​ចូល​ប្រឡង​អាហា​រូប​រណ៍​ផ្សេងៗ​នៅតាម​គ្រឹះស្ថានសិក្សា​។



​កន្លងមក​ក្រសួង​អប់រំ កត់សម្គាល់​ឃើញថា សិស្ស និស្សិត ដែល​ប្រឡង​ជាប់​បាក់​ឌុប តែង​ប្រញាប់ប្រញាល់ មក​ស្នើសុំ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​មូលហេតុ​ផ្សេងៗ ដូចជា​ការបំពេញ​សំណុំ​ឯកសារ ពាក្យស្នើសុំ​ចូលរៀន​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ពាក្យស្នើសុំ​ប្រឡង​អាហារូបករណ៍ និង​ប្រឡង​ចូល​ក្របខណ្ឌ​គ្រូ​គ្រប់​កម្រិត​។ 

​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សិស្ស ក្នុងការ​ដាក់ពាក្យ​ចូលរៀន​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា ក្រសួង​អប់រំ ពុំ​តម្រូវ​ឲ្យ​ភ្ជាប់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ក្នុង​សំណុំលិខិត​ស្នើសុំ​ទៀតឡើយ​។ ក្រសួង​អប់រំ បាន​បញ្ជាក់ថា សិស្ស និស្សិត អាច​យក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ជូន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ឬ​សាលា​គរុកោសល្យ នៅក្រោយពេល​ចូលរៀន​ក៏បាន​៕


Tag:
 ក្រសួង​អប់រំ​
 ​ឧ​ត្ត​មសិ​ក្សា​
 ​វិញ្ញាបនបត្រ​
 ​បាក់​ឌុប​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com