អន្តរជាតិ
ប្រធានាធិបតី​ប្រេ​ស៊ី​ល​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​កុហក​ពី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្ស៉ូ​ន​
25, Sep 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ថ្លែងនាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ។ រូបភាព AFP
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ថ្លែងនាកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ។ រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ខែកញ្ញា ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) បាន​និយាយថា វា​គឺជា​រឿង​កុហក​ដែលថា ព្រៃ​អា​ម៉ា​ហ្ស៉ូ​ន​បាន​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​។ លោក​និយាយ​បែបនេះ​នា​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ក្រោយ​ពេលដែល​រង​ការរិះគន់​ធ្ងន់ៗ​លើ​ចំណាត់ការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នេះ​។  លោក​ក៏​ឆ្លៀត​បាន​ចោទប្រកាន់​ប្រទេស​ដែល​បាន​រិះគន់​លោក​ថា មាន​គោល​គំនិត​អាណានិគម​ទៅទៀត​។​



​នៅក្នុង​កិច្ច​ជំនួប​ប្រចាំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ បាន​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​រាយការណ៍​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រេ​ស៊ី​ល​។ ដោយ​ភ្លើង​ឆេះ​នេះ លោក បុល​សូ​ណា​រ៉ូ ផ្ទាល់ បាន​រង​ពាក្យរិះគន់​ពី​សហគមន៍​អន្តរជាតិ​។ មានតែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ម្នាក់​ប៉ុណ្ណោះ ដែល​សរសើរ​លោក បុល​សូ​ណា​រ៉ូ ពាក់ព័ន្ធ​វិធានការ​ទប់ស្កាត់​ភ្លើង​រាលដាល​។​

​លោក បុល​សូ​ណា​រ៉ូ បាន​សរសើរ​សម​ភាគី​សហរដ្ឋអាមេរិក​រប​ស់លោក​ដែល​បាន​គោរព​អធិបតេយ្យភាព​ប្រទេស​ប្រេ​ស៊ី​ល​។ ការ​ថ្លែង​របស់លោក Bolsonaro​បានធ្វើ​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី ក្រុម​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​រូបលោក​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ និង​អ​សម្ថ​ភាព​ក្នុងការ​ការពារ ព្រៃ​អា​ម៉ា​ហ្ស៉ូ​ន​នេះ​។

​ចំពោះមុខ​មេដឹកនាំ​ប្រទេស​ជាច្រើន ប្រធានាធិបតី​ប្រេ​ស៊ី​ល និយាយ​ច្បាស់ៗ​ថា អា​ម៉ា​ហ្ស៉ូ​ន​មិន​ត្រូវបាន​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុងតែ​កុហក​ប៉ុណ្ណោះ​។ លោក​ក៏បាន​បន្តថា វា​គឺជា​រឿង​ខុស​ដែលថា អា​ម៉ា​ហ្សូ​ន​ជា​ទ្រព្យសម្បត្តិ​ពិភពលោក និង​ជាការ​ភាន់ច្រឡំ​ពី​អ្នកវិទ្យាសាស្ត្រ​ដែលថា​ព្រៃ​អា​ម៉ា​ហ្ស៉ូ​ន​ជា​សួ​តនៃ​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

«​ជាមួយនឹង​ការប្រើប្រាស់​និង​ការចោទប្រកាន់​ដោយ​ផ្អែកលើ​រឿង​ខុស​បែបនេះ ប្រទេសមួយ​ចំំ​នួន មិនបាន​ជួយ​អ្វី​ឡើយ តែ ជា​ធ្វើ​អត្តចរិត​មិនគួរ​អោយ​គោរព និង​មាន​មាន​គោល​គំនិត​អាណានិគម​»​។ លោក បុល​សូ​ណា​រ៉ូ និយាយ​បែបនេះ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ឡើយ​។ បន្ទាប់មក លោក​ក៏​និយាយ​ចំឈ្មោះ​បារាំង​ថា ប្រទេសមួយ​ក្នុងចំណោម​ប្រទេស G7 ហ៊ាន​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​ប្រេ​ស៊ី​ល​ដោយ​មិនបាន​ពិគ្រោះ​យោបល់ ឬ​សូម្បីតែ​ស្តាប់​ប្រេ​ស៊ី​ល​ឡើយ​។​

​ក្នុង​កិច្ច​ជំនួប G7 បារាំង​និង​អៀរ​ឡង់​បាន​គំរាម​បិទ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​បណ្តា​ប្រទេស​អាមេរិក​ខាងត្បូង​រួមទាំង​ប្រេ​ស៊ី​ល​ដោយសារតែ​គោលនយោបាយ​បរិស្ថាន​របស់លោក បុល​សូ​ណា​រ៉ូ ។ ទន្ទឹមនឹង​នេះដែរ លោក បុល​សូ​ណា​រ៉ូ និយាយថា លោក​សប្បាយ​ចិត្តនឹង​សម្តី​លោក ត្រាំ​ដែល​ប្រកាន់​ស្មារតី​ដែល​គួរតែមាន​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ គឺ​ការគោរព​សេរីភាព និង​អធិបតេយ្យភាព​នៃ​ប្រទេស​សមាជិក​នីមួយៗ​។​

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​វាយបក​ទៅ​លោក បុល​សូ​ណា​រ៉ូ វិញ នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ដោយ​បញ្ជាក់​ជាថ្មី​ថា ភពផែនដី​មានការ​ចាប់អារម្មណ៍​រួមគ្នា​លើ​ព្រៃ​អា​ម៉ា​ហ្សូ​ន ដោយសារតែ​ផលប៉ះពាល់​របស់​វា​ទៅលើ​អាកាសធាតុ​។ លោក ម៉ា​ក្រុង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​ខ្ញុំ​នឹងមិន​គាំទ្រ​មេដឹកនាំ​ដែល​ចោទសួរ​ការពិត​នៃ​វិទ្យាសាស្ត្រ​។ យើង​ត្រូវតែ​គោរព​ប្រជាជន​ប្រេ​ស៊ី​ល​ក៏ដូចជា​ការពិត​ដើម្បី​ធ្វើឱ្យមាន​ការរីកចម្រើន​»​។​

​បើ​យោងតាម​របាយការណ៍​ផ្លូវការ ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បាន​កើនឡើង​ជិត​ពីរដង​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំនេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៨ គឺ​ដល់​ទៅ ៦,៤០៤ គីឡូម៉ែត្រ​ក្រឡា​ដែល​ធំ​ជាង​ពីរដង​នៃ​ទំហំ​ប្រទេស​លុច​សំបួ​៕


© រក្សាសិទ្ធិដោយ thmeythmey.com