អន្តរជាតិ
ក្លាយជា «យក្សសេដ្ឋកិច្ច» ជប៉ុន ប្រើយុទ្ធសាស្ត្រចម្បងៗអ្វីខ្លះ? ប្រភពរូបពី AFP
× ដោយសារតែកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ កាលពីអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សន៍ទី២០ ប្រទេសជប៉ុន បានរួចផុតពីក្រញាំអាណានិគមរបស់បណ្តាប្រទេសចក្រពតិ្តអឺរ៉ុប ។ ក្នុងឆ្នាំ១៨៦៨ ជប៉ុន បានឆ្លងកាត់ដំណាក់កាលកំណែទម្រង់ស៊ីជម្រៅដែលបានដឹកនាំអធិរាជ ម៉ីជី។ អំឡុងពេលនេះ ជប៉ុន បានចាប់ផ្តើមកសាងប្រជាជាតិទំនើបមួយ ក្រោមយុទ្ធសាស្ត្រ fukoku kyohei ដែលមានន័យជាថា «អភិវឌ្ឍប្រទេសទៅមុខ , ពង្រឹងសមត្ថភាពយោធា» និង shokusan kogyo ដែលមានន័យថា «លើកស្ទួយវិស័យឧស្សាហកម្ម»។
ឈានដល់សង្គ្រាមលោកលើកទីមួយ (១៩១៤-១៩១៨) ជប៉ុន បានប្រកៀកស្មាជាមួយមហាអំណាចសម្ព័ន្ធមិត្ត និងទទួលបានកៅអីអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សានៃសម្ព័ន្ធប្រជាជាតិ អមជាមួយចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី។ ទោះជាបែបនេះក៏ដោយ ជប៉ុន បានទ្រេតទៅរករបបដឹកនាំបែបយោធានិយម ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ។ កាលនោះ ជប៉ុន បានបង្កាត់សង្គ្រាមដ៏វែងអន្លាយមួយជាមួយចិន ក្នុងឆ្នាំ១៩៣៧ និងចុងក្រោយត្រូវបានបិទបញ្ចប់ តាមរយៈការប្រកាសចុះចេញក្នុងសង្គ្រាមលោកលើកទីពីរដោយគ្មានលក្ខខណ្ឌ ក្នុងឆ្នាំ១៩៤៥។
សង្គ្រាមនេះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងទៅលើប្រទេសជប៉ុន ហើយគ្រាប់បែកបរមាណូពីរគ្រាប់របស់អាមេរិក ធ្វើឲ្យជប៉ុនកាន់ខ្ទេចខ្ទាំ។ ជប៉ុន ត្រូវចាប់ផ្តើមកសាងប្រទេសខ្លួនឡើងវិញ ដោយអាចនិយាយបានថា «ពីបាតដៃទទេ»។ ជប៉ុន បានចំណាយពេលអស់ជិត១០ឆ្នាំ ទម្រាំតែអាចស្រោចស្រង់ផលិតកម្មខ្លួន ឲ្យវិលត្រឡប់មកដូចទៅនឹងស្ថានភាពប្រទេសជប៉ុននៅមុនពេលផ្ទុះសង្គ្រាមវិញ។
យ៉ាងណាមិញ ជប៉ុន បានសម្រេចកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លា ក្នុងចន្លោះឆ្នាំ ១៩៥៥ ដល់ ឆ្នាំ១៩៧៣ ដោយបានក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខពីរ រហូតដល់ឆ្នាំ២០១១ ពេលចិនវ៉ាដាច់វិញ។ ក្នុងអំឡុងពេលសន្ទុះសេដ្ឋកិច្ចខ្លាំងក្លានេះ ជប៉ុន បានប្រើយុទ្ធសាស្ត្រចម្បងមួយ ដោយជំរុញសេដ្ឋកិច្ចខ្លួនឆ្ពោះទៅកាន់ឧស្សាហូបនីយកម្មពេញលេញ។
ជប៉ុន គឺជាប្រទេសមិនមែនលោកខាងលិចទីមួយដែលសម្រេចឧស្សាហូបនីយកម្មដោយជោគជ័យ។ យោងតាមកិច្ចការស្រាវជ្រាវជាច្រើន ប្រវត្តិសេដ្ឋកិច្ចជប៉ុន ពិតជាមិនខុសប្លែកអ្វីពីការអភិវឌ្ឍសេដ្ឋកិច្ចជាទូទៅរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតូច នាពេលបច្ចុប្បន្ន ផ្សេងៗដទៃទៀតឡើយ។ កត្តាចម្បងៗចំនួនបី ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជប៉ុន គឺមានដូចជា សារៈសំខាន់នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។
យ៉ាងណាមិញ យើងគួរកត់សម្គាល់ដែរជុំវិញលក្ខខណ្ឌសេដ្ឋកិច្ចខាងក្រៅ ដែលខុសគ្នាពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតូចសព្វថ្ងៃនេះ។ ក្នុងអំឡុងពេលទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ វាពុំទាន់ ទទួលរងឥទ្ធិពលពីបាតុភូតសាកលភាវូបនីយកម្មនៅឡើយទេ។ កាលនោះ ការខ្ចីបុលពីបរទេស មានការលំបាកខ្លាំង ហើយប្រទេសម្ចាស់ផ្ទះ យល់ឃើញអវិជ្ជមានច្រើន លើការទទួលការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ។ ទន្ទឹមនឹងគ្នានេះ ការសង្កត់ធ្ងន់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេស កាលពីសម័យនោះ គឺចង់ឲ្យមានការអភិវឌ្ឍដែលកើតមានក្នុងស្រុក ដោយពឹងផ្អែកតិចតួចបំផុតលើកម្លាំងសេដ្ឋកិច្ចបរទេស។
ក្រោយពីសង្គ្រាមលោកលើកទីពីរ ជប៉ុន បានប្រឈមមុខនឹងកត្តាមួយចំនួន ដែលបង្អាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចទៅនឹងបណ្តាប្រទេសអភិវឌ្ឍន៍តិចតូចសព្វថ្ងៃដែរ។ ក្នុងកិច្ចការស្រាវជ្រាវមួយរបស់លោក Fukunari Kimura ដែលមានចំណងជើងថា «គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជប៉ុន» ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០០៩ បានពិភាក្សាពីធាតុផ្សំអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួនបីរបស់ជប៉ុន រួមមាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ជារឿងដែលមិនអាចប្រកែកបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំ ហើយជប៉ុន បានផ្តោតសំខាន់លើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចខ្លាំង ដ្បិតកាលនោះលក្ខខណ្ឌខាងក្រៅមិនអំណោយផលល្អ។
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៤០ មានសភាពយ៉ាប់យ៉ឺនខ្លាំង ដែលក្នុងនោះរួមមាន ការផ្គត់ផ្គង់ទំនិញមានការស្រុតចុះជាខ្លាំង រោងចក្រឧស្សាហកម្មជាច្រើនផ្តើមបិទទ្វារ ព្រមទាំងខ្វះខាតសម្ភារ និងវត្ថុធាតុដើមយ៉ាងធ្ងន់ធ្ងរផងដែរ។ បញ្ហាទាំងនេះ គួបផ្សំជាមួយនឹងការបាត់បង់ម្ចាស់ការលើប្រព័ន្ធរូបិយបណ្ណ និងអតិផរណាខ្ពស់កប់ពពក បានបង្កឲ្យ តម្លៃប្រើប្រាស់ និងតម្លៃលក់ជារួម បានហក់ឡើងខ្ពស់យ៉ាងខ្លាំងនៅចន្លោះពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ និងខែមេសា ឆ្នាំ១៩៤៩។
ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននេះ ជប៉ុន ដែលស្ថិតក្រោមការកាន់កាប់របស់មហាអំណាចសម្ព័ន្ធមិត្តនៅឡើយ បានដាក់ចេញផែនការស្ថិរភាពសេដ្ឋកិច្ចមួយ ក្នុងឆ្នាំ១៩៤៩ ដែលហៅថា «Dodge Line» ។ គម្រោងនេះ បានកំណត់គោលការណ៍នៃកញ្ចប់ថវិការដ្ឋាភិបាលដែលមានតុល្យភាព ក៏ដូចជា ការសម្រួបសម្រួលលើអត្រាផ្លាស់ប្តូររូបិយបណ្ណបរទេសជាដើម។
ចាប់ពីឆ្នាំ១៩៥១ ជប៉ុន មានសេរីភាពបង្កើតប្រព័ន្ធពន្ធថ្មី។ បន្ថែមពីនេះ ផ្អែកលើច្បាប់គ្រប់គ្រងការនាំចូល ប្រព័ន្ធបែងចែកមូលនិធិ (FA) និងប្រព័ន្ធបែងចែកស្វ័យប្រវត្តិ ត្រូវបានបង្កើតឡើង។ ប្រព័ន្ធ FA នេះ បានអនុវត្តលើផលិតផលសម្រេច និងចុងក្រោយស្ទើរតែទាំងស្រុង ក៏ដូចជា វត្ថុធាតុនានាដែលជាប់ទៅនឹងប្រព័ន្ធកូតានាំចូល។
ជប៉ុន បានស្នើចូលជាសមាជិកជាមួយកិច្ចព្រមព្រៀងជាទូទៅស្តីពីពាណិជ្ជកម្ម និងពន្ធ (GATT) និងបានអនុញ្ញាតឲ្យក្លាយជាភាគីកិច្ចសន្យាក្នុងឆ្នាំ១៩៥៥។ ទោះបីជាបែបនេះក្តី ប្រទេសជាច្រើន លើកលែងតែសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ខាងលិច អ៊ីតាលី បានបដិសេធគោរពតាមកាតព្វកិច្ច ដែលចែងក្នុងកិច្ចព្រមព្រៀង GATT របស់ពួកគេសម្រាប់ប្រទេសជប៉ុន ។ ការរើសអើងផ្នែកពាណិជ្ជកម្មលើជប៉ុនបែបនេះ បានបង្កើតជាអតីតកាលដ៏ជូរចត់មួយសម្រាប់ជប៉ុន។ ទោះបី អាមេរិកដែលជាប្រទេសគាំទ្រជប៉ុនខ្លាំងក្នុងកិច្ចព្រៀមព្រៀង GATT ក៏បានស្នើឲ្យជប៉ុនរឹតបន្តឹងការនាំចេញរបស់ខ្លួនដោយស្ម័គ្រចិត្តផងដែរក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០។
ចុងក្រោយ ស្ថានភាពពាណិជ្ជកម្មអន្តរជាតិ មានលក្ខណៈល្អប្រសើរ បន្ទាប់ពីគោលការណ៍ណែនាំនៃពាណិជ្ជកម្ម និងសេរីភាវូបនីយកម្មការដោះដូររូបិយបណ្ណ ត្រូវបានបង្កើត ក្នុងឆ្នាំ១៩៦០។ បរិយាកាសសេដ្ឋកិច្ចខាងក្រៅសម្រាប់ជប៉ុន មានភាពល្អធម្មតា ចាប់តាំងដើមទសវត្សរ៍ឆ្នាំ១៩៦០។ យ៉ាងណាមិញ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ពុំមែនជារឿងងាយស្រួលឡើយ។ បន្តិចម្តងៗ ជប៉ុន បានបង្កើតផែនការអត្រាប្រាក់សន្សំក្នុងស្រុកមួយ ដែលជំរុញដល់ការវិនិយោគ។ ដ្បិតមានឱកាសតិចតូចសម្រាប់ការខ្ចីបុលពីបរទេស ការវិនិយោគ និងប្រាក់សន្សំក្នុងស្រុក ចាំបាច់ត្រូវតែមានតុល្យភាព។
យ៉ាងវិញទៀត ការគ្រប់គ្រងរូបិយបណ្ណបម្រុងបរទេស និងជញ្ជីងទូទាត់ នៅតែជាបញ្ហា។ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៦០ ជប៉ុន តែងតែប្រឈមនឹងហានិភ័យចំពោះកង្វះខាតរូបិយបណ្ណបរទេស ក្រោមកិច្ចព្រមព្រៀងអត្រាប្តូរប្រាក់ដែលនឹងនរមួយ។
ការអភិវឌ្ឍធនធានមនុស្ស
អ្នកប្រវត្តិវិទូជាច្រើន បានអះអាងថា ជប៉ុន មានអត្រាអក្ខរកម្មខ្ពស់រួចមកហើយ អំឡុងពេលយុគសម័យ Tokugawa (១៦០៣-១៨៦៨) ។ ប៉ុន្តែ ប្រព័ន្ធអប់រំរបស់ជប៉ុនចាប់តាំងពីយុគសម័យ ម៉ីជី (ពាក់កណ្តាលសតវត្សរ៍ទី ១៩) មានភាពល្អប្រសើរខ្លាំង។ យ៉ាងណាមិញ យោងតាមស្ថិតិមួយចំនួន ជប៉ុន បានប្រឈមមុខនឹងបញ្ហាកង្វះខាតការអភិវឌ្ឍធនធានមនុស្ស ក្នុងសម័យកាលក្រោយសង្គ្រាម។
ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៤០ និងដើមទសវត្សរ៍ឆ្នាំ១៩៥០ ជប៉ុន មានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអប់រំទូទៅ (ថ្នាក់បឋមសិក្សា) ប៉ុន្តែពុំទាន់មានការបង្កើតពេញលេញលើការអប់រំកម្រិតថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់ឧត្តមសិក្សានៅឡើយទេ។ ជប៉ុន ត្រូវប្រើរយៈពេលពី ២០ ទៅ ២៥ឆ្នាំ ពោលគឺរហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីសម្រេចកម្រិតអប់រំទាំងនេះដោយត្រឹមត្រូវ។
ពិតណាស់ អត្ថន័យនៃការអប់រំក្នុងទសវត្សរ៍ឆ្នាំ១៩៤០ និងឆ្នាំ១៩៥០ ប្រហែលជាខុសប្លែកពីការអប់រំនាពេលសព្វថ្ងៃនេះ ព្រោះតែការផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធឧស្សាហកម្ម និងមូលដ្ឋានគ្រឹះវប្បធម៌។ ប៉ុន្តែ យើងអាចលើកឡើងថា ការពង្រឹងប្រព័ន្ធអប់រំរបស់ជប៉ុនដែលមានគុណភាព រហូតមកដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ គឺជាកត្តាចម្បងមួយក្នុងដំណើរការឧស្សាហូបនីយកម្មរបស់ប្រទេសនេះ។
ម្យ៉ាងវិញទៀត កំណើននៃចំនួនអ្នកស្រាវជ្រាវនៅតាមបណ្តាក្រុមហ៊ុនឯកជន ស្ថាប័នស្រាវស្រាវ និងសកលវិទ្យាល័យ ក្រោយសង្គ្រាមលោកលើកទី២ ក៏បញ្ជាក់ឲ្យឃើញថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស កម្រិតឧត្តមសិក្សា គឺជាធាតុផ្សំដ៏មានសារៈសំខាន់នៃការធ្វើឧស្សាហូបនីកម្មជោគជ័យ និង ត្រៀមលក្ខណៈសម្រាប់ដំណាក់កាលថ្មីផ្សេងទៀតនៃការប្រកួតប្រជែង ក្រោយទសវត្សរ៍ឆ្នាំ១៩៧០។
ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច
ហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច ក៏ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុន ក្នុងរយៈជាច្រើនឆ្នាំក្រោយសង្គ្រាមផងដែរ ក៏ដូចជាអ្វីដែលបណ្តាប្រទេសអភិវឌ្ឍន៍តិចតូចសព្វថ្ងៃកំពុងជួបប្រទះ។ យ៉ាងណាមិញ លក្ខខណ្ឌខាងក្រៅ មានភាពខុសគ្នា ដ្បិតឱកាសក្នុងការខ្ចីបុលពីបរទេស មានកម្រិត ។ លើសពីនេះ ភាពជាដៃគូឯកជន-សាធារណៈ (PPP) នៅពុំទាន់មានភាពច្បាស់លាស់ ហើយការវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ក្លាយជាបន្ទុកទាំងស្រុងរបស់រដ្ឋាភិបាលជប៉ុន។
កាលនោះ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការវិនិយោគក្នុងហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនបានប្រើប្រាស់កម្មវិធីកម្ចី និងការវិនិយោគនៃសារពើពន្ធ (FILP) ។ កម្មវិធី FILP សំដៅលើប្រព័ន្ធថវិកា ដែលត្រៀមរៀបចំបន្ថែមពីកញ្ចប់ថវិកាទូទៅរបស់រដ្ឋាភិបាលកណ្តាល និងត្រូវបានផ្តល់ហិរញ្ញវត្ថុយ៉ាងធំដោយប្រាក់សន្សំ Postal រហូតដល់ឆ្នាំ២០០០។ យោងតាមតួលេខនៃការប្រើប្រាស់កម្មវិធី FILP អំឡុងឆ្នាំ១៩៥៥-១៩៨៤ ការចំណាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គម មានកម្រិតតិចតូចនៅឡើយ ប្រមាណ ៣០ភាគរយ ខណៈបរិមាណមួយចំនួនធំ ត្រូវបានបែងចែកទៅកាន់ផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។
ជប៉ុន ទទួលបានកម្ចីពីធនាគារពិភពលោក ក្នុងឆ្នាំ ១៩៥៣ ដល់ ឆ្នាំ១៩៦៦ សម្រាប់ការវិនិយោគសំខាន់លើវិស័យការសាងសង់ផ្លូលថ្នល់ រថភ្លើងល្បឿនលឿន រោងចក្រស្លដែកថែប និងរោងចក្រផលិតថាមពលអគ្គិសនីជាដើម។ ទោះជាបែបនេះក្តី បរិមាណលុយកម្ចីសរុប អំឡុងពេលនេះ មានត្រឹមតែ ៨៦២,៩លានដុល្លារ ដែលស្មើនឹង២ ឬ ៣ភាគរយប៉ុណ្ណោះនៃការវិនិយោគសរុបរបស់ជប៉ុន។
ធនាការអភិវឌ្ឍន៍ជប៉ុន (JDB) ត្រូវបានបង្កើតឡើង ក្នុងខែមេសា ឆ្នាំ១៩៥១ ដើម្បីផ្តល់កម្ចីរយៈពេលវែងសម្រាប់ការអភិវឌ្ឍ។ យោងតាមតួលេខនៃការប្រើប្រាស់កម្ចីធនាគារ JDB លុយរាប់ពាន់លានយេន ត្រូវបានបង្វិលទៅកាន់វិស័យដឹកជញ្ជូនតាមសមុទ្រ និងវិស័យថាមពលក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ឆ្នាំ១៩៦០ ។ នេះ បង្ហាញយ៉ាងច្បាស់ពីការឲ្យតម្លៃខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ ចំណែក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ និងផ្លូវល្បឿន) បានចាប់ផ្តើមមានសន្ទុះខ្លាំង ចាប់តាំងពីពាក់កណ្តាល់ទសវត្សរ៍១៩៥០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com