អន្តរជាតិ
សកម្មជន​បរិស្ថាន Greta Thunberg ឈ្នះ​ពានរង្វាន់ Right Livelihood
28, Sep 2019 , 9:29 am        
រូបភាព
សកម្មជនបរិស្ថានស៊ុយអែត Greta Thunberg
សកម្មជនបរិស្ថានស៊ុយអែត Greta Thunberg
ដោយ:
​សកម្មភាព​បរិស្ថាន​ស៊ុយអែត Greta Thunberg ជាប់​ឈ្មោះ​ជា​អ្នកឈ្នះ​ពានរង្វាន់ Right Livelihood សម្រាប់​ឆ្នាំ​២០១៩ ដែល​ស្រដៀង​គ្នា​នឹង «​រង្វាន់​ណូបែល​» ។ យុវតី​រូបនេះ ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​បួន​នាក់ ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។

 
​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​ពុធ ទី​២៥ កញ្ញា មូលនិធិ Right Livelihood បាន​បញ្ជាក់ថា យុវតី Thunberg បានឈ្នះ​ពានរង្វាន់​នេះ​សម្រាប់​បំផុសគំនិត និង​ជំរុញ​ការទាមទារ​នយោបាយ ដើម្បី​សកម្មភាព​អាកាសធាតុ​បន្ទាន់ ដែល​ឆ្លុះបញ្ចាំង​ពី​អង្គហេតុ​វិទ្យាសាស្ត្រ​។  
 
​តាម​ការចុះផ្សាយ​របស់​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មូលនិធិ​ខាងលើ គូសបញ្ជាក់ថា​៖«​ជាមួយ​ពានរង្វាន់ Right Livelihood ប្រចាំឆ្នាំ​២០១៩ យើង​ផ្តល់​កិត្តិយស​ដល់​មនុ​ស្សមាន​ចក្ខុវិស័យ​៤​នាក់​ដែល​ភាពជា​អ្នកដឹកនាំ​ពួកគេ​ជំរុញ​មនុស្ស​រាប់លាន​នាក់​ចេញ​ការពារ​សិទ្ធិ និង​តស៊ូ​សម្រាប់​អនាគត​សម្រាប់​មនុស្ស​ទាំងអស់​ដែល​កំពុង​រស់នៅ​លើ​ផែនដី​»​។ យុវតី Thunberg និង​៣​នាក់​ផ្សេងទៀត នឹង​ទទួល​ប្រាក់រង្វាន់​ម្នាក់ ១០៣ ០០០​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា អាយុ​ត្រឹម ១៦​ឆ្នាំ សកម្មជន​បរិស្ថាន Thunberg កាលពី​ថ្ងៃ​ដើម​សប្តាហ៍​នេះ បាន​រិះគន់​មេដឹកនាំ​យ៉ាង​ចាស់ដៃ​សម្រាប់​ភាព​អសកម្ម​របស់​ពួកគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ក្នុង​សុន្ទរកថា នៅ​ដើម​ជំនួប​កំពូល​UN​ស្តីពី​អាកាសធាតុ នា​ក្រុង ញូវយ៉ក​។​
 
Right Livelihood Award ត្រូវបាន​បង្កើត​ឡើងលើ​ក​ដំបូង​នៅ​ឆ្នាំ​១៩៨០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក Jakob von Uexkull អតីត​អ្នកនយោបាយ និង​ជា​សកម្មជន​បរិស្ថាន​អាល្លឺម៉ង់​ដើមកំណើត​ស៊ុយអែត​។ ពានរង្វាន់​នេះ មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុមមនុស្ស​ដែល​ប្រឹងប្រែង​រាល់​ការ​ប្រឈម​ក្នុងសង្គម​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​៕

Tag:
 ស៊ុយអែត​
  Greta Thunberg
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com