អន្តរជាតិ
ចិន​ចាប់ដៃ​ជាមួយ​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​ស រៀបចំ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​បានសម្រេច​នាពេលខាងមុខ​ដ៏​ខ្លី​
29, Sep 2019 , 7:39 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ចិន មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ព្រមព្រៀងគ្នា​ក្នុងកា​រៀបចំ​ការបញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​កន្លះ​លាន​នាក់ ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ជំរំរ​បស់បង់​ក្លា​ដែ​ស​ឲ្យ​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ប្រកបដោយ​ជោគជ័យ​។ ការព្រមព្រៀង​គ្នា​នេះ បន្ទាប់ពី ផែនការ​បញ្ជូន​ជនភៀសខ្លួន​ត្រលប់​ទៅ​ស្រុក​ដើម​វិញ បាន​បរាជ័យ​ជា​បន្តបន្ទាប់​។​



​នា​ជំនួប​ក្រៅផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ តំណាង​រដ្ឋាភិបាល​ទាំងបី ដែលមាន​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស AK  Abdul Momen និង​រដ្ឋមន្ត្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា Kyaw Tint Swe បាន​ឯកភាពគ្នា​ក្នុងការ​ធ្វើការ​រួមគ្នា​ដំណើរការ​ផែនការ​មាតុភូមិនិវត្តន៍​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​កើតឡើង​ឆាប់រហ័ស​។​

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Myanmar Times ដើម្បី​បង្ក​ទំនុក​ដល់​ជនភៀសខ្លួន ភាគី​ទាំងបី បាន​យល់​ស្របគ្នា​ក្នុងការ​អនុវត្ត​ជំហាន​បន្តបន្ទាប់​ធានា​ឲ្យ​បាន​ស្ថិរភាព និង​ការអភិវឌ្ឍ​នៅ​តំបន់​ព្រំដែន ហើយ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ឲ្យ​សុខមាលភាព​របស់​ប្រជាជន​ជាពិសេស​ជនភៀសខ្លួន ដែល​វិល​ត្រលប់​ទៅ​ស្រុក​វិញ រស់នៅ​បាន​សុខ​ស្រួល​។

ក្នុងជំនួប​ដដែល​នោះ លោក​រដ្ឋមន្ត្រី Wang Yi បាន​ទទូច​ឲ្យ​គ្រប់ភាគី​ទាំងអស់​ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា និង​ពិគ្រោះ​យោបល់​គ្នា ក៏ដូចជា​ជំរុញ​ឲ្យ​ដំណើរការ​លើ​បញ្ហា​នេះ​សម្រេចបាន​ឲ្យ​បាន​ឆាប់រហ័ស​។ លោក​រដ្ឋមន្ត្រី ក៏បាន​អះអាង​ផងដែរ​ថា លក្ខខណ្ឌ​សម្រាប់​ដំណោះ​ស្រា​យា​មាតុភូមិនិវត្តន៍​រប​ស់ជន​ភៀសខ្លួន នឹងត្រូវ​ធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​មុន​។​
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងបី ធ្វើឡើង​បន្ទាប់ពី​ផែន​ការរៀប​បញ្ជូន​ជនភៀសខ្លួន ដែល​ធ្វើឡើង​ដោយ មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ ត្រូវបាន​បរាជ័យ ដោយសារតែ​ជនភៀសខ្លួន មិន​ព្រម​វិល​ត្រលប់​។ ពួកគេ នៅ​មិនទាន់មាន​អារម្មណ៍​សុវត្ថិភាព ខណៈដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏​មិនទាន់​ហ៊ាន​ផ្តល់​ភាពជា​ប្រជាជន​ស្របច្បាប់​សម្រាប់​ពួកគេ​ផងដែរ​។​

គួរ​ជម្រាប​ជាថ្មី​ថា វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ផ្ទុះឡើង​តាំងពី​ចុងឆ្នាំ​២០១៧ មក​នោះ នៅ​មិនទាន់មាន​ដំណោះស្រាយ ដែល​អាច​ទទួលបាន​ទាំង​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ជនភៀសខ្លួន​រ៉ួ​ហ៊ីង​យ៉ា​ជាង​៧០​ម៉ឺន​នាក់​នៅឡើយ​នោះទេ​។ ជនភៀសខ្លួន​ដែល​រស់នៅ​ក្រោម​ការ​គាំពារ​ដោយ​ជំនួយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ជួបនឹង​លំបាក​ច្រើន ខណៈ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏ត្រូវ​រង​សម្ពាធ​កាន់តែច្រើន​ដូចគ្នា​ដោយសារតែ​បញ្ហា​នៅតែ​អូសបន្លាយ​៕ 


Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com