ជាតិ
លោក​សម រង្ស៊ី​គ្រោង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន​បី​លាន​ជំទាស់​លទ្ធផល​បោះឆ្នោត
28, Sep 2013 , 2:17 pm        
រូបភាព
ដោយ:
មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា លោក សម រង្ស៊ី បានប្រកាសថា ពេលនេះ​ក្រុមការងារ​របស់ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ប្រ​ប្រមូល​ញត្តិ​ពី​ប្រជាពលរដ្ឋ​អ្នកគាំទ្រ ឲ្យ​បាន​យ៉ាងតិច ៣,៣០០,០០០ (បី​លាន បី​សែន) ស្នាម​មេដៃ ដើម្បី​ជំទាស់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល ប្រកាស​ដោយ គ. ជ. ប. កាលពីពេល​កន្លងទៅ។
 


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ បាន​សរសេរ​នៅលើ​ទំព័រ​Facebook របស់លោក​ថា មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុងតែ​រៀបចំ​ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រមូល​ញត្តិ ដែលមាន​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ឲ្យ​បាន យ៉ាងតិចណាស់​ក៏​ជាង ៣ លាន ៣ សែន​នាក់។ ការប្រមូល​ស្នាម​មេដៃ​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យ​សហគមន៍ជាតិ និង​អន្តរជាតិ បានដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​ប្រកាស ដោយ គ.ជ.ប កាលពីពេល​កន្លងទៅ​ទេ។

នៅលើ​បណ្តាញ​សង្គម​facebookនោះ របស់លោក សម រង្ស៊ី ក៏បាន​បញ្ជាក់ទៀតថា ការប្រកាស​លទ្ធ ផល រប​ស់គ.ជ.ប កាលពីពេល​កន្លងទៅ ដែល​ឲ្យ​គណបក្ស​ប្រជា​ជនក​ម្ព​ជា​បានទទួល​ជ័យជំនះ លើ គណបក្ស​សង្គ្រោះ​ជាតិ ដោយមាន​សំឡេងឆ្នោត​សរុប​ជាង ៣ លាន ២ សែន សំឡេង​នោះ ជាការ​ប្រកា​សទាំង​ងងឹត​ងងុល​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី ៣ របស់ខ្លួន នៅក្រោយ​ថ្ងៃបុណ្យ ភ្ជុំបិណ្ឌ​បញ្ចប់ ដើម្បី​ប្រឆាំង​ទៅនឹង​លទ្ធផល​បោះឆ្នោត និង​ទាមទារ​រក​យុត្ត​ធម៌​ជូន​ម្ចាស់ឆ្នោត ដែល​គណបក្ស​នេះ អះអាងថា មាន​ភាពមិនប្រក្រតី​ពេល​បោះឆ្នោត​នោះ។

ទោះជាយ៉ាងណាក៏ដោយ នាពេល​កន្លងមក​លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប ធ្លាប់បាន​អះអាងថា អ្វីដែល​គ.ជ.ប បានធ្វើ គឺ​ស្របតាម​នីតិវិធី​ជានិច្ច និង​មិនមាន​និន្នាការ​គាំទ្រ​ខាង​ណោះ នោះទេ។ មិនតែប៉ុណ្ណោះ លោក មិនមាន​ការភ្ញាក់ផ្អើល​នឹង​ការធ្វើសកម្មភាព​ប្រឆាំង​ទៅនឹង លទ្ធផល​បោះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com