អន្តរជាតិ
សាកសព​ជនជាតិ​វៀតណាម​១៦​នាក់ បាន​ដឹក​ទៅដល់​ទឹកដី​កំណើត​វិញ​
27, Nov 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​សាកសព​ពលរដ្ឋ​វៀតណាម​១៦​នាក់ ដែល​ត្រូវបាន​រកឃើញថា​ស្លាប់​ក្នុង​ទូ​កុង​ទឺ​ន័​រ​ក្នុង​ចក្រភព​អង់គ្លេស បាន​ដឹក​ទៅដល់​ទឹកដី​កំណើត​វិញ​។ ពួកគេ ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ទាំង​៣៩​នាក់ ដែល​ក្នុងនោះ​មនុស្ស​ស្រី​៨​នាក់ និង​ប្រុស​៣១​នាក់ ។

 
​សាកសព​ទាំង​១៦​នាក់​នេះ ត្រូវ​ដឹក​តាមរយៈ​យន្តហោះ​ទៅកាន់​អាកាសយានដ្ឋាន​មួយ​ក្នុង​រដ្ឋធានី ហាណូយ ហើយនឹង​ត្រូវ​ដឹក​បន្ត​តាមរយៈ​ឡានពេទ្យ​ឆ្ពោះទៅកាន់​ផ្ទះ​គ្រួសារ​ពួកគេ​រៀងៗ​ខ្លួន​។ ក្រោយពី​សាកសព​ពួកគេ​ត្រូវបាន​រកឃើញ​ក្នុង​ទូ​កុង​ទឺ​ន័​រ​មួយ​ក្នុង​ក្រុង Essex នៃ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​២៣ តុលា ការស៊ើបអង្កេត​កំពុង​បន្ត​អនុវត្ត​ទាំង​ក្នុង​ចក្រភព​អង់គ្លេស​និង​វៀតណាម ហើយ​ខណៈ​នេះ មនុស្ស​មួយក្រុម ត្រូវបាន​ចាប់ខ្លួន​ឬ​ចោទប្រកាន់​។ 
 
«​យើង ទន្ទឹងរង់ចាំ​ពេលវេលា​នេះ​ជា​យូរណាស់​មកហើយ​។ យើង​នឹង​រៀបចំ​បុណ្យសព​ភ្លាមៗ​នៅពេលដែល​កូន​គាត់​មកដល់​»​។ នេះ​ជាស​ម្តី​របស់លោក Vo Van Binh ឪពុក​របស់​ជនរងគ្រោះ​ម្នាក់ ឈ្មោះថា Vo Van Linh ។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ពី​ខេត្ត Ha Tinh លោក និយាយថា ក្រុមគ្រួសារ​លោក មានទុក្ខ​សោកសៅ​ជាខ្លាំង ក៏ប៉ុន្តែ​សប្បាយចិត្ត​នៅពេល​ដឹង​ដំណឹង​ថា សព​កូនលោក​ត្រលប់មក​ទឹកដី​កំណើត​វិញ​។ 
 
​ចំពោះ​សាកសព​ជនជាតិ​វៀតណាម​ដែល​នៅ​សេសសល់ ពួកគេ​នឹងត្រូវ​ដឹក​ត្រលប់មក​ប្រទេស​វៀតណាម​វិញ នាពេល​ឆាប់ៗ​ខាងមុខ​។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទ​ពុំទាន់​បានបញ្ជាក់​ជា​សាធារណៈ​នៅឡើយ​។ បើតាម​ការអះអាង​រប​ស់​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម សម្រាប់​ការដឹក​សាកសព​តាមរយៈ​យន្តហោះ​ក្នុង​មួយ​នាក់  គ្រួសារ​ជនរងគ្រោះ នឹងត្រូវ​បង់លុយ​ជាង​២៨៥៦​ដុល្លារ​។ 
 
​រដ្ឋាភិបាល​វៀតណាម បានផ្តល់​កម្ចី​ដល់​សាច់ញាតិ​ជនរងគ្រោះ​ជាបឋម ខណៈ​ក្រុមគ្រួសារ​ខ្លះ បាន​ត្អូញត្អែរថា ការបង់ថ្លៃ​លើ​ការដឹក​សាកសព​នេះ នឹង​បង្កើន​បំណុល​ដល់​ពួកគេ​ច្រើន​ថែមទៀត ខណៈ​ពួកគេ​បាន​ខ្ចីបុល​បងប្អូន​ឬ​ធនាគារ​ដើម្បី​បញ្ជូន​កូន​ទៅ​អង់គ្លេស​។ ទោះជា​បែបនេះ​ក្តី អង្គការ​ក្នុងស្រុក​វៀតណាម​មួយចំនួន បាន​រៃ​ប្រាក់​ជួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​៣៩​នាក់​នោះ​។ បច្ចុប្បន្ន លុយ​ជាង​១១​ម៉ឺន​ដុល្លារ ត្រូវ​ប្រមូលបាន​ដើម្បី​ជួយ​គាំទ្រ​ពួកគេ​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃ ២៣ តុលា កន្លងទៅ ប៉ូលិស​អង់គ្លេស បាន​រកឃើញ​សាកសព​៣៩​នាក់​នៅក្នុង​ទូ​កុង​ទឺ​ន័​រ​ក្លាសេ ក្នុង​ក្រុង Essex ភាគ​ខាងកើត​នៃ​ប្រទេស​អង់គ្លេស​។ ក្នុង​ហេតុការណ៍​រកឃើញ​សាកសព​មនុស្ស​៣៩​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស ពីដំបូង​ឡើយ​ត្រូវបាន​សមត្ថកិច្ច​អង់គ្លេស កំណត់​អត្តសញ្ញាណ​ថា គឺជា​ជនជាតិ​ចិន​។ ប៉ុន្តែ​មាន​ជនជាតិ​វៀតណាម​បួន​ទៅ​ប្រាំ​គ្រួសារ ជឿថា សាច់ញាតិ​របស់​ពួកគេ​ក៏​នៅបាន​បាត់បង់​ជីវិត​នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ​៕

Tag:
 វៀតណាម​
  ចក្រភព​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com