អត្ថបទពាណិជ្ជកម្ម
មន្ត្រី​ជំនាញ និង​ជាងសំណង់​ជ័យលាភី​ពី​ការប្រកួត​ជំនាញ អេស​ស៊ីជី ឆ្នាំ​២០១៩ ជំរុញ​ឲ្យ​យុវជន​ងាក​មក​រៀន​ជំនាញ​ដែល​ទីផ្សារ​ត្រូវការ​
29, Nov 2019 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​, ថ្ងៃទី​២៨ វិច្ឆិកា ២០១៩៖ មន្ត្រី​ជំនាញ​ជាន់ខ្ពស់ និង​មេជាង​សំណង់​ដែល​ឈ្នះ​ជ័យលាភី​ពី​ការប្រកួតប្រជែង​ជំនាញ​របស់​ក្រុមហ៊ុន អេស​ស៊ីជី ឆ្នាំ​២០១៩ បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​នាំគ្នា​រៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ដែល​ទីផ្សារការងារ​កំពុង​ត្រូវការ ក្នុងនោះ​រួមទាំង​ជំនាញ​ផ្នែក​សំណង់​។​
 
​លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បញ្ជូន​កូនចៅ​ឲ្យ​ចូលរៀន​នៅក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ឲ្យ​មាន​ជំនាញ​មួយ​ពិតប្រាកដ​។ 
​លោក​អគ្គនាយក ហ៊ីង ស៊ី​ដេ​ត ថ្លែង​យ៉ាង​ដូច្នេះ​ថា «​កាលណា​យើង​មាន​ជំនាញ​មួយ​ពិតប្រាកដ យើង​នឹងមាន​ចំណូល​សមស្រប បម្រើ​ដល់​ជីវភាព​ក្នុង​គ្រួសារ ក៏ដូចជា ជួយ​កសាង​ប្រទេសជាតិ​»​។ 


 
​លោក ហ៊ីង ស៊ី​ដេ​ត លើកឡើង​បែបនេះ នៅឯ​ពិធី​បិទ​ការប្រកួតប្រជែង​ជំនាញ​របស់​ក្រុមហ៊ុន អេស​ស៊ីជី លើក​ទី​២ ឆ្នាំ​២០១៩ ដែល​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន អេស​ស៊ីជី និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃទី​២៨ វិច្ឆិកា  ដែល​ក្នុងនោះ ជ័យលាភី លេខ​១, លេខ​២ និង​លេខ​៣ ត្រូវបាន​ប្រកាស​សម្រាប់​មុខជំនាញ​សំណង់ ៣​ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ជំនាញ​ការងារ​បូក​, ប្រក់​ដំបូល និង​ស្មា​តបត​។ 
 
​បើតាម​លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក TVET នៃ​ក្រសួង​ការងារ បាន​ឲ្យ​ដឹងថា ជំនាញ​ចំនួន ៥ ដែល​ទីផ្សារការងារ​កំពុង​ត្រូវការ រួមមាន ផ្នែក​សំណង់​, ផ្នែក​រថយន្ត​, ផ្នែក​អេឡិចត្រូនិក​, ផ្នែក​អគ្គិសនី​, និង​ផ្នែក​កា​ម្មន្ត​សាល​។ លោក​បន្ថែមថា នៅ​ទូទាំងប្រទេស​បច្ចុប្បន្ន ក្រសួង​ការងារ​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ៣៨​គ្រឹះស្ថាន ក្នុងនោះ ២០​គ្រឹះស្ថាន ទទួលបាន ISO ធានា​ផ្នែក​ការគ្រប់គ្រង​។ 


 
​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅក្រោយពេល​ប្រកាស​លទ្ធផល​ប្រកួត​, ជ័យលាភី​លេខ​១ លើ​ជំនាញ​ប្រក់​ដំបូល លោក ខាត់ ធុច មកពី​ខេត្តសៀមរាប បាន​អំពាវនាវ​ទៅកាន់​
​យុវជន​ទូទៅ​ថា ធ្វើយ៉ាងណា ត្រូវ​ចាប់​ជំនាញ​អ្វីមួយ​ឲ្យ​ច្បាស់លាស់​។ 
 
​លោក ខាត់ ធុច និយាយ​យ៉ាង​ដូច្នេះ​ថា «​ឲ្យ​តែ​ចេះ​ជាង ជាង​អី​ក៏ដោយ ឲ្យ​តែ​ចេះ​ប្រាកដ​។ ខ្ញុំ​រស់​ដោយសារ​របរ​ជាង​នេះ​ជាង ១៧​ឆ្នាំ​ហើយ ... ក្នុង​មួយខែ ជា​មធ្យម ខ្ញុំ​រកបាន​ចំណេញ​ពី ៥០០ ទៅ ៧០០​ដុល្លារ ខែ​ណា​សម្បូរ​ការងារ អាច​ដល់​បាន ១០០០ ឬ ១២០០​ដុល្លារ​»​។​
 
​គួរ​បញ្ជាក់ថា ការប្រកួតប្រជែង​ជាងសំណង់​ប្រចាំឆ្នាំ​លើក​ទី​២​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់ អេស​ស៊ីជី ដែលមាន​គោលបំណង​ជួយ​លើកស្ទួយ​វិស័យ​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល​វែង ។ 


 
​អេស​ស៊ីជី សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បានរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ជំនាញ​មេជាង​សំណង់​នេះ ចាប់តាំងពី​ឆ្នាំ​២០១៨​មក​។ 
 
​លោក វី​រុត ផានិត​ភុតចាម៉ាន (Wirot Phanitphotchamarn) នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​​ការលក់​របស់ SCG នៅ​កម្ពុជា ថ្លែងថា កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់ អេស​ស៊ីជី បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា ខណៈដែល​ប្រទេស​នេះ​កំពុង​ត្រូវការ​ចាំបាច់​នូវ​ពលកម្ម​ជំនាញ​ច្រើន​ថែមទៀត ជាពិសេស នៅក្នុង​វិស័យ​សំណង់​។ 
 
​លោក វី​រុត បាន​និយាយ​ដូច្នេះ​ថា «​អេស​ស៊ីជី សង្ឃឹមថា កម្មវិធី​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា មិនមែន​តែ​នៅក្នុង​វិស័យ​សំណង់​នោះទេ ប៉ុន្តែ ក៏​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​រស់នៅ​របស់​ម្ចាស់​លំនៅដ្ឋាន និង​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ ផងដែរ​»៕ 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com