អន្តរជាតិ
ប៉េ​រូ ពិន័យ​ហាង McDonald ចំនួន​២៥​ម៉ឺន​ដុល្លារ​ជុំវិញ​ការស្លាប់​របស់​បុគ្គលិក​
27, Dec 2019 , 9:39 pm        
រូបភាព
រូបភាពAFP
រូបភាពAFP
​អាជ្ញាធរ​ប៉េ​រូ នៅ​ថ្ងៃទី​២៦ ខែធ្នូ បាន​ពិន័យ​ហាង McDonald  មួយកន្លែង​ក្នុង​ទំហំ​ទឹកប្រាក់ ២៥​ម៉ឺន​ដុល្លារ​ពីបទ​បំពាន​ន​បទដ្ឋាន​សុវត្ថិភាព បន្ទាប់ពី​បុគ្គលិក​ចំនួន​ពីរ​នាក់​បាន​បាត់​បង់ជីវិត​ដោយសារតែ​ភ្លើង​ឆក់​។


 
​បុគ្គលិក​ធ្វើការ នៅក្នុង​ហាង McDonald មួយកន្លែង ក្នុង​ខេត្ត Lima ប្រទេស​ប៉េ​រូ  បាន​ស្លាប់​ភ្លាមៗ​ដោយសារតែ​ខ្សែភ្លើង​ឆក់​។  បុគ្គលិក​ប្រុស​ស្រី​ពីរ​នាក់ បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ខណៈពេល​កំពុងធ្វើការ​នៅក្នុង​ហាង​។ បើតាម​មន្ត្រី​ប៉ូលីស​ប្រចាំ​ស្រុក បុគ្គលិក​ជានា​រី បាន​ឆក់​ស្លាប់​ដោយ​ដៃ​ម្ខាង​របស់​នាង បាន​កាន់​ម៉ាស៊ីន​ទឹកក្រូច​។ ពេល​ឃើញ​ដូច្នេះ បុគ្គលិក​ប្រុស ក៏​ទៅ​ជួយ ប៉ុន្តែ​បុរស​រូបនេះ ក៏ត្រូវ​ភ្លើង​ឆក់​ដែរ​។​
 
​បើតាម​លោក Juan Carlos Requejo ប្រធាន​ស្ថាប័ន​ត្រួតពិនិត្យ​ស្តង់ដា​ការងារ​ជាតិ (Sunafil) បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា អាជ្ញាធរ បាន​រកឃើញ​កំហុស​ចំនួន ៦ ដែល​បាន​បំពាន​បទដ្ឋាន​សុវត្ថិភាព​ការងារ ហើយ​មួយ​ក្នុងចំណោម​នោះ គឺជា​កំហុស ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​។ ប៉ុន្តែ​លោក Requejo មិន​និយាយ​អំពី​កំហុស​ចំនួន ៥​ទៀត​នោះ គឺជា​អ្វី​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ជុំវិញ​បញ្ហា​នេះ ស្ថាប័ន Sunafil បាន​ពិន័យ​អាជីវកម្ម​ដែល​ទិញ​សិទ្ធិ​ពី McDonald មួយ​នេះ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ២៥​ម៉ឺន​ដុល្លារ ព្រោះ​បាន​បំពាន​បទដ្ឋាន​សុវត្ថិភាព​ការងារ ព្រោះ​ម្ចាស់​អាជីវកម្ម​មួយ​នេះ ដឹងថា​ម៉ាស៊ីន​ទឹកក្រូច​មួយ​នេះ ឆ្លងភ្លើង​ក៏ដោយ ប៉ុន្តែ​នៅតែ​មិន​ជុស​ជុល​ដែរ​៕ 

Tag:
 ប៉េ​រូ​
© រក្សាសិទ្ធិដោយ thmeythmey.com