អន្តរជាតិ
មហាសេដ្ឋី​លំដាប់​ពិភពលោក​ទាំង ១០​រូប ក្នុង​ឆ្នាំ ២០១៩
29, Dec 2019 , 1:29 pm        
រូបភាព
មហាសេដ្ឋីលំដាប់ពិភពលោកទាំង១០រូប ក្នុងឆ្នាំ ២០១៩
មហាសេដ្ឋីលំដាប់ពិភពលោកទាំង១០រូប ក្នុងឆ្នាំ ២០១៩
​តាម​ការចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី​អាមេរិក​ដ៏​ល្បីល្បាញ Forbes ក្នុង​ឆ្នាំ ២០១៩ លោក Jeff Bezos ជា​មហាសេដ្ឋី បាន​កើន​ទ្រព្យសម្បត្តិ​រហូត​ជាង ១​រយ​ពាន់​លាន​ដុល្លារ ហើយ​បាន​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទីមួយ​របស់​ពិភពលោក​។ ខណៈពេល​អ្នក​តាម​ពីក្រោយ គឺជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates​។ ក្នុង​បញ្ជី​អ្នកមាន​ជាងគេ​បង្អស់​ទាំង​១០ លើ​ពី​ភព​លោក មានតែ ៣​រូប​តែប៉ុណ្ណោះ ដែល​មិនមែនជា​ជនជាតិ​អាមេរិក​។​

 
​ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ទាំង​១០ នៅលើ​ពិភពលោក​៖ 
 
១០. Larry Page 

​លោក Larry Page គឺជា សហ​ស្ថា​និក និង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google​។ មាន​វ័យ​ត្រឹមតែ ៤៦ ឆ្នាំ លោក Larry Page មានទ្រព្យ​សម្បត្តិ​សរុប ៥០,៨​ពាន់​លាន​ដុល្លារ​។ ក្នុង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​បែបនេះ លោក Larry បាន​ក្លាយជា​មហាសេដ្ឋី​អាមេរិក​លំដាប់​ទី ១០​របស់​ពិភពលោក​។ 
 
៩. Michael Bloomberg 

​លោក Michael Bloomberg គឺជា​សហ​ស្ថា​និក ក្រុមហ៊ុន​ព័ត៌មាន​ហិរញ្ញវត្ថុ និង​សារព័ត៌មាន Bloomberg LP​។ ជា​មហាសេដ្ឋី​វ័យ ៧៧​ឆ្នាំ ជនជាតិ​អាមេរិក​រូបនេះ មានទ្រព្យ​សម្បត្តិ​សរុប​រហូតដល់​ជាង ៥៥​ពាន់​លាន​ដុល្លារ​។ មិន​ត្រឹមតែ​ជា​មហាសេដ្ឋី​ទេ លោក Bloomberg ក៏​ជា​អតីត​អភិបាលក្រុង​ញូវយ៉ក​ផងដែរ​។ ពោលគឺ​លោក បាន​កាន់តំណែង​ចាប់ពី ២០០២ រហូតដល់​ឆ្នាំ ២០១៣​។ កាល​នេះ លោក​គឺជា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​។ រហូតមកទល់​ពេលនេះ លោក​មហាសេដ្ឋី បានប្រកាស​ចូល​ប្រកួតប្រជែង​ក្នុងនាម​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ដើម្បី​ដណ្តើមយក​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២០​ថែមទៀត​។ 
 
៨. Mark Zuckerberg

​លោក Mark Zuckerberg គឺជា​បុគ្គល​ម្នាក់ ដែលមាន​ប្រជាជន​ស្ទើរតែ​ជុំវិញ​សកលលោក បាន​ស្គាល់​បុរស​រូបនេះ​ថា ជា​អ្នកបង្កើត​បណ្តាញ​សង្គម Facebook​។ ជា​មហាសេដ្ឋី​វ័យ ៣៥​ឆ្នាំ លោក Mark Zuckerberg គឺជា​នាយក​ប្រតិបត្តិ Facebook និង​កាន់កាប់​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ​ជាង ៦២​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
៧. Larry Ellison

​លោក Larry Ellison គឺជា​នាយក​បច្ចេកវិទ្យា និង​ជា​សហ​ស្ថាបនិក ក្រុមហ៊ុន Oracle ចាប់តាំងពី​ឆ្នាំ ១៩៧៧ មក​។ ក្នុង​ឆ្នាំ​២០១៤ បុរស​រូបនេះ បាន​បោះបង់ចោល​តំណែង​ជានា​យក​ប្រតិបត្តិ ប៉ុន្តែ​នៅតែ​រក្សា​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Oracle ដដែល​។ រហូតមកទល់​ពេលនេះ លោក Larry ដែលមាន​វ័យ ៧៥ ឆ្នាំ បាន​កាន់កាប់​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ ៦២,៥​ពាន់​លាន​ដុល្លារ​។ ក្រៅពី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Oracle ជនជាតិ​អាមេរិក​រូបនេះ ក៏​សមាជិក​ក្រុមប្រឹក្សាភិបាល នៅក្នុង​ក្រុមហ៊ុន​Tesla ចាប់តាំងពី​ឆ្នាំ ២០១៨​មក​។ 
 
៦. Amancio Ortega

​លោក Amancio Ortega គឺជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Inditex ដែលជា​ក្រុមហ៊ុន​លក់ ចែកចាយ​សំលៀកបំពាក់​ដ៏​ធំ​មួយ​។ ក្នុងពេល​បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ មានទ្រព្យ​សម្បត្តិ​រហូត​ដល់​ទៅ ៦២,៧​ពាន់​លាន​ដុល្លារ​។ មាន​វ័យ ៨៣​ឆ្នាំ បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ក៏បាន​វិនិយោគ​ផ្នែក​អចលនវត្ថុ នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ទីក្រុង​បា​សេ​ឡូ​ណា ទីក្រុង​ឡុង​ដ៍ និង​ញូវយ៉ក​ជាដើម​។ 
 
៥. Carlos Slim 

​លោក Carlos Slim គឺជា​អ្នកមាន​ម្នាក់​របស់​ម៉ិ​ក​ស៊ិ​ក​។ តាមរយៈ​ការគ្រប់គ្រង​លើ​ក្រុមហ៊ុន​បំរើ​សេ​វ៉ា​ទូរ​សព្ទ​ដ៏​ធំ​របស់​អាមេរិក​ឡាទីន  America Movil បុរស​វ័យ ៧៩​ឆ្នាំ​រូបនេះ បាន​កាន់កាប់​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ ៦៤​ពាន់​លាន​ដុល្លារ​។ ក្រៅពី​ក្រុមហ៊ុន​ទូរ​សព្ទ បុរស​រូបនេះ ក៏មាន​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន​សាងសង់​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក ក្រុមហ៊ុន​អចលនវត្ថុ និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។ 
 
៤. Bernard Arnualt

​លោក Bernard Arnualt ជា​បុរស​ដែល​គេ​មិនសូវ​ស្គាល់ឈ្មោះ ប៉ុន្តែ​ភាគច្រើន​គេ​ស្គាល់​ផលិតផល LV ឬ Louis Vuitton ជាង​។ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទំនិញ​ប្រណីតៗ LVMH ឬ Moet Hennessy Louis Vuitton បុរស​ជនជាតិ​បារាំង​រូបនេះ បាន​កាន់កាប់​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ ៧៦​ពាន់​លាន​ដុល្លារ​ឯណោះ ខណៈពេល​លោក​មាន​វ័យ ៧០​ឆ្នាំ​។ 
 
៣. Warren Buffett

​លោក Warren Buffett ត្រូវបាន​គេ​ចាត់ទុកថា គឺជា​អ្នកវិនិយោគ​ដ៏​ជោគជ័យ​ជាទីបំផុត តាមរយៈ​បទពិសោធ​របស់លោក​ក​ន្ល​ង​មក​។ ត្រឹមតែ​អាយុ ១១​ឆ្នាំ​តែប៉ុណ្ណោះ លោក Warren បាន​ទិញ​ហ៊ុន​ជា​លើកដំបូង ហើយ​លោក​បាន​បង់ពន្ធ​តាំងពី​អាយុ ១៣​ឆ្នាំ​មក​ម្លេះ​។ បុរស​វ័យ ៨៩​ឆ្នាំ​រូបនេះ គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway ដែលមាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ពន្ធ​ជាង ៦០ ក្នុងនោះ​មាន​ចាប់ពី ក្រុមហ៊ុន​ថ្មពិល រហូតដល់ ភោជនីយដ្ឋាន​។ 
 
​ដោយសារ​តែមាន​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ដៃ បុរស​សញ្ជាតិ​អាមេរិក​រូបនេះ បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ​ជាង ៨២​ពាន់​លាន​ដុល្លារ​ឯណោះ​។ បើទោះបី​ជាមាន​មែន ប៉ុន្តែ​លោក​មិន​ទុក​លុយ​ឲ្យ​គរ​ចោល​ទេ​។ ក្នុង​២០១៩​នេះ លោក​បាន​បរិចាគ​ទឹក​ប្រាក់ ៣,៦​ពាន់​លាន​ដុល្លារ​ចូល​មូ​និ​ធិ Bill and Melinda Gates របស់​មហាសេដ្ឋី​លំដាប់​ទី​ពីរ Bill Gates​។​
២. Bill Gates

Bill Gates បុរស ដែល​ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​ក្មេងៗ រហូតដល់​មនុស្ស​ចាស់​ថា​ជា​អ្នកមាន​លំដាប់​ពិភពលោក​។ លោក Bill Gate គឺជា​សហ​ស្ថាបនិក ក្រុមហ៊ុន Microsoft និង​មូលនិធិ Bill & Melinda Gates​។ មូលនិធិ​នេះ ត្រូវបាន​បុរស​វ័យ​៦៤​ឆ្នាំ​រូបនេះ បង្កើតឡើង ក្នុង​គោលបំណង​កែលម្អ​សុខភាព​ប្រជាជន​ទូទាំង​សកលលោក​។ ត្រូវបាន​គេ​ស្គាល់​ថា​ម្ចាស់​ក្រុមហ៊ុន Microsoft​មែន ប៉ុន្តែ​លោក​មាន​ភាគហ៊ុន​ត្រឹមតែ ១​ភាគរយ​ប៉ុណ្ណោះ ព្រោះ​លោក​បាន​បរិចាគ និង​លក់​ស្ទើរតែ​អស់​ទៅហើយ​។ ជា​អ្នកមាន​ចិត្តធម៌ Bill Gate បាន​កាន់កាប់​ទ្រព្យសម្បត្តិ​ជាង ៩៦​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
១. Jeff Bezos 

​លោក Jeff Bezos បុរស​ដែល​មនុស្ស​ជាច្រើន​មិនសូវ​ចាំ​ឈ្មោះ ប៉ុន្តែ​ស្គាល់​ក្រុមហ៊ុន​។ Amazon គឺជា​ក្រុមហ៊ុន ដែល​គេ​ស្គាល់​ស្ទើរតែ​ពេញ​ពិភពលោក ត្រូវបាន​បង្កើត​ដោយ​បុរស​ម្នាក់នេះ និង​ដៃគូ​របស់គាត់​ផ្សេងទៀត​។ គ្រាន់តែ​ក្រុមហ៊ុន​Amazon លោក Jeff Bezos បាន​កើប​លុយ​ជាង ២៣០​ពាន់​លាន​ដុល្លារ​(​ប្រាក់ចំណូល​) ដែល​រកប្រាក់​ចំណេញ​បាន​រហូតដល់​ទៅ ១០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៨​។ ដោយសារតែ​ជានា​យក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក ក្រុមហ៊ុន Amazon បុរស​វ័យ ៥៥​ឆ្នាំ​រូបនេះ មានទ្រព្យ​សម្បត្តិ​រហូត​ដល់​ទៅ​១៣១​ពាន់​លាន​ដុល្លារ​ឯណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com