ពីនេះ ពីនោះ
សំណាង ឌឺ​ឲ្យ អា សុធី​៖ ចៀសវាង​ឆ្នាំ​ថ្មី គំនិត​ចាស់​ណា៎ អា​ម៉ាក​!
01, Jan 2020 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​សុធី និង​សំណាង មិនសូវ​បាន​សម្រាន្ត​ស្រួលបួល​ប៉ុន្មាន​ទេ ព្រោះ ពួកគេ​ទាំងពីរ​នាក់​ចំណាយពេល​ឆ្លង​ឆ្នាំ​២០១៩​ចូលឆ្នាំ​២០២០​ដូច​គេ​ដូច​ឯង​ដែរ​កាលពី​យប់មិញ​។ ដូច្នេះ នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នេះ មិត្តភក្តិ​ទាំងពីរ​មក​ហាង​កាហ្វេ​នៅ​ម៉ោង​១០​ព្រឹក​។ មកដល់​ភ្លាម ទាំងពីរ​នាក់​ជជែក​គ្នា​ពី​គម្រោង​ឆ្នាំ​ថ្មី​។

 
​សំណាង​៖ អា សុធី ឆ្លង​ឆ្នាំ​យប់មិញ​សប្បាយ​ទេ​? អ្ហែង​ធ្វើ​អី​ស៊ី​ខ្លះ​? 
 
​សុធី​៖ មានអី​សប្បាយ​តើ​។ ក្រុម​អញ​ផឹក​ច្រើន​ដល់ក​ហើយ​។ អា​ខ្លះ ផឹក​ឡើង​ដេក​តែម្តង​!​។ ចុះ​អ្ហែង​វិញ​? 
 
​សំណាង​៖ អញ​ឆ្លង​ឆ្នាំ​នៅផ្ទះ​ជាមួយ​កូនចៅ​ហូបបាយ​តិចតួច​ហ្នឹង​ណា ហើយ​គ្មាន​ផឹកស៊ី​អី​ធំដុំ​ទេ​។ 
 
​សុធី​៖ អ៊ីចឹង គ្មាន​សប្បាយ​អី​ទេ​? 
 
​សំណាង​៖ ធម្មតាៗ​។ អញ​ឃើញ​អ្ហែង និង​ក្រុម​អ្ហែង​សប្បាយ​មែនទែន​។ ក្រៅពី​សប្បាយ​ផឹកស៊ី តើ​នៅ​ឆ្នាំ​ថ្មី អ្ហែង​មាន​គម្រោង​អី​ថ្មី​ដែរឬទេ​? 
 
​សុធី​៖ (​មុខ​រាង​ខ្មាស​បន្តិច ពេលលឺ​សំណួរ​នេះ​)​។ អា សំណាង អ្ហែង​សួរ​អញ​ហ្នឹង ចង់​ឌឺ​អញ​មែន​ទេ​? 
 
​សំណាង​៖ ណូ ណូ​។ អត់​ចង់​ឌឺ​អី​ទេ​។ សួរ​មែនទែន​តើ អា ធី​។ 
 
​សុធី​៖ តាមពិតទៅ អញ​មិនទាន់​បានគិត​អ្វី​អោយ​ពិតប្រាកដ​នៅ​
​ឡើយ​ទេ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។ មែនទែនទៅ​អញ​ខ្មាស​ខ្លួនឯង​ដែរ ព្រោះ អញ​រិះគន់​គេ​ច្រើនណាស់ តែ​ខ្លួន​អញ នៅ​ឆ្នាំ​ថ្មី​នេះ គ្មាន​គំនិត​ថ្មី​អ្វី​បន្តិច​សោះ​សម្រាប់​ស្ថាប័ន​អញ​។ 
 
​សំណាង​៖ បើ​អ្ហែង​ដឹង​ហើយ គួរ​កុំ​សូវ​រិះគន់​គេ​ខ្លាំងពេក តែ​គួរ​រិះរក​គំនិត​ច្នៃប្រឌិត​ល្អៗ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​ស្ថាប័ន​ខ្លួនឯង​ឲ្យ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​។ កុំ​ចូលឆ្នាំថ្មី តែ​គំនិត​ចាស់ៗ​ណា អា ធី​។ នាំគ្នា​ជូនពរ​ជាការ​ល្អ តែ​សូម​ឲ្យ​កូន​ខ្មែរ​ទាំងអស់​នាំគ្នា​បង្កើត​ថ្មី គំនិត​ច្នៃប្រឌិត​ថ្មី កសាង​ថ្មី ឆន្ទៈ​ថ្មី​។​ល​។ នៅក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ 
 
​សុធី​៖ សំណាង ពេល​អ្ហែង​និយាយ​ដល់​រឿងនេះ អញ​ដូចជា​ខ្មាស​អ្ហែង​ណាស់ ព្រោះ អញ​អត់​ទាន់​បានគិត​អ្វីដែល​ថ្មី​ទេ​។ ឆ្នាំ​ថ្មី​មកដល់ អញ​គិតតែ​ពី​រឿង​ផឹក ផឹក ផឹក និង​ស៊ី​។ យប់មិញ អញ​ស្រវឹង ឡើង​លែង​ដឹងខ្លួន​។ អញ​ខ្មាស​នឹង​សម្តី​អ្ហែង​ណាស់​។ 
 
​សំឡាញ់​ទាំងពីរ​បែក​គ្នា​ពី​ហាង​កាហ្វេ​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០ ហើយ​ទាំងពីរ​នាក់​សន្យា​ជួបគ្នា​នៅ​ថ្ងៃស្អែក​បន្តទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com