ជាតិ
សង្គមជាតិ
លោក កឹម សុខា ចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់អគារនៅកែប
04, Jan 2020 , 10:47 am        
រូបភាព
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃអ្នកបាត់បង់ជីវិតនិងអ្នករងរបួស ពីការបាក់រលំអគារ៦ជាន់នៅក្រុងកែប។ លោក បង្ហោះសាររំលែកទុក្ខនេះ លើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។



ប្រធានអតីតគណបក្សប្រឆាំង សម្តែងសមានចិត្តដូច្នេះថា៖«ខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិតនិងរងរបួសយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប....»។ 

ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរ ក្នុងនាមអតីតគណបក្សសង្គ្រោះជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍នោះ អតីតគណបក្សប្រឆាំង សម្តែងសេចក្តីតក់ស្លុតនិងសេចក្តីសោកស្តាយ៉ាងខ្លាំងចំពោះហេតុការណ៍បាក់រលំអគារនេះ។ 

សេចក្តីថ្លែងការណ៍ សរសេរបែបនេះថា៖«គណបក្សសង្គ្រោះជាតិ ទាមទារឲ្យរដ្ឋាភិបាល ទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ដោយត្រូវផ្តន្ទាទោសបុគ្គលដែលពាក់ព័ន្ធទាំងអស់...»។ 

អគារដែលកំពុងដំណើរការសាងសង់នេះ បានបាក់រលំនៅម៉ោងជាង៤ល្ងាច ថ្ងៃទី៣ ខែមករា។ គិតមកដល់ម៉ោង៥ព្រឹកថ្ងៃទី៤ ខែមករា សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះជាកម្មករសំណង់២៥នាក់ហើយ ដោយក្នុងនោះ មាន៧នាក់ បានស្លាប់។ 

លោក កែន សត្ថា អភិបាលខេត្តកែប ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែមករាថា សមត្ថកិច្ច បានចាប់លោក ឯក សារុន និង ភរិយា ដែលជាម្ចាស់អគារនេះ ទៅសួរនាំហើយ។ ទន្ទឹមនឹងនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យចំពោះការសាងសង់អគារនេះ៕ 

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com