ជាតិ
លោក ពន្លឺចិត្តករុណា បង្កើតសិប្បកម្ម «ម្នាស់ទឹកឃ្មុំ» ខណៈទីផ្សារម្នាស់មិនសូវទៀងទាត់ ![](https://image.thmeythmey.com/pictures/2020/01/12/front_pineapple.jpg)
×![]()
ភ្នំពេញ៖ អស់រយៈពេលមួយឆ្នាំមកហើយ ដែលលោក សាយ ពន្លឺចិត្តករុណា បានចម្រាញ់ម្នាស់យកទឹកដោយមានការវេចខ្ចប់ល្អត្រឹមត្រូវដាក់លក់នៅលើទីផ្សារ។ ម្នាស់ដែល លោក ពន្លឺចិត្តករុណា ចម្រាញ់យកទឹកនោះ គឺជាប្រភេទម្នាស់ទឹកឃ្មុំ ដែល ដាំដុះដោយខ្លួនឯង តាមបច្ចេកទេសនិងស្តង់ដារត្រឹមត្រូវ ដោយធានាបាននូវសុវត្ថិភាព និងរសជាតិឈ្ងុញឆ្ងាញ់ ដល់អ្នកទទួលទាន។
បើតាមលោក សាយ ពន្លឺចិត្តករុណា សិប្បកម្មកែច្នៃម្នាស់គ្រៀបយកទឹកលក់«ទឹកម្នាស់ទឹកឃ្មុំ»នេះ បង្កើតឡើងក្នុងគោលបំណង កែប្រែពីការដាំដុះបែបគ្រួសារទៅជាកសិដ្ឋានឬសិប្បកម្មដើម្បីលើកកម្ពស់ជីវភាពកសិករ ពិសេសអ្នកដាំម្នាស់នៅក្នុងតំបន់តែម្តង។ ហើយកត្តាដែលជំរុញទឹកចិត្ត លោក ពន្លឺចិត្តករុណា ខ្លាំងក្នុងការបង្កើតសិប្បកម្មកែច្នៃម្នាស់នេះឡើងទាំងមិនមានដើមទុនគ្រប់គ្រាន់ រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែ តម្លៃម្នាស់ស្រស់នៅលើទីផ្សារមិនទៀងទាត់ និងមានការប្រកួតប្រជែងខ្លាំងជាមួយម្នាស់នាំចូលពីបរទេស ពិសេសម្នាស់នាំចូលពីវៀតណាម។
![](https://image.thmeythmey.com/pictures/2020/01/12/thumb2/honey_pineapple_1.jpg)
អតីតនិស្សិតកសិកម្មលើជំនាញកែច្នៃផលិតផលកសិកម្មរូបនេះ បាននិយាយប្រាប់សារព័ត៌មានThmeyThmey25 ថា៖ «ម្នាស់ដែលកសិករយើងដាំ ថ្វីដ្បិតថាមិនមានរូបរាងធំល្អ ដូចម្នាស់នាំចូលដោយឡើយ ប៉ុន្តែរសជាតិ និងគុណភាព គឺយើងល្អជាងគេ និងឆ្ងាញ់ជាងគេ។ យើងមិនគួរចោលរបស់ល្អ ទៅយករបស់មិនល្អនោះទេ ព្រោះតម្លៃដំណាំយើងក៏មិនថ្លៃជាងគ្នាប៉ុន្មានដែរ»។ អស់ពេល១១ឆ្នាំមកហើយ ដែល លោក ពន្លឺចិត្តករុណា ដាំម្នាស់ទឹកឃ្មុំ នៅលើផ្ទៃដីជាង១០ហិកតា ក្នុងឃុំអូរឫស្សី ស្រុកសៀមបូ ខេត្តស្ទឹងត្រែង ទៅតាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ដោយធានាបាននូវសុវត្ថិភាព ព្រមទាំងមានរសជាតិឆ្ងាញ់ជាងម្នាស់នាំចូលពីប្រទេសជិតខាងទៀតផង។ នេះជាការអះអាងរបស់លោក សាយ ពន្លឺចិត្តករុណា។
![](https://image.thmeythmey.com/pictures/2020/01/12/thumb2/honey_pineapple_2.jpg)
បច្ចុប្បន្ន លោក ពន្លឺចិត្តករុណា លែងព្រួយបារម្ភចំពោះការគ្មានអ្នកទិញម្នាស់ដូចឆ្នាំមុនៗឡើយ ប៉ុន្តែលោកបារម្ភពីការផ្គត់ផ្គង់ទឹកម្នាស់ឱ្យអតិថិជនមិនទាន់ទៅវិញ ព្រោះលទ្ធភាពនៃការកែច្នៃទឹកម្នាស់នេះ មានកម្រិតនៅឡើយ។ ទឹកម្នាស់ទឹកឃ្មុំដែលលោកផលិតបាន ក្រៅពីផ្គត់ផ្គង់តម្រូវក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ទីផ្សារធំនៃការផ្គត់ផ្គង់ គឺ រាជធានីភ្នំពេញ សៀមរាប និងកំពត ជាដើម។
![](https://image.thmeythmey.com/pictures/2020/01/12/thumb2/honey_pineapple_3.jpg)
បើតាមកសិករវ័យ៣៦ឆ្នាំរូបនេះ រយៈពេលមួយឆ្នាំនៃការបង្កើតសិប្បកម្មកែច្នៃទឹកម្នាស់នេះឡើងនៅដើមឆ្នាំ២០១៩ រហូតដល់ខែមករា ឆ្នាំ២០២០ លោកលក់ទឹកម្នាស់បាន៥ម៉ឺនដប ដោយមួយដបមានតម្លៃ៤០០០រៀល ដែលមានចំណុះ២៧០មីលីលីត្រ។ ទឹកម្នាស់មួយដប បានចំណាយម្នាស់់ស្រស់ជិតមួយគីឡូក្រាម។ នេះជាការបញ្ជាក់របស់លោក សាយ ពន្លឺចិត្តករុណា ដែលបានបន្ថែមថា ម្នាស់ទឹកឃ្មុំមួយផ្លែ មានតម្លៃពី៤០០០រៀល ដល់១៥,០០០រៀល អាស្រ័យទៅទំហំធំតូចនៃផ្លែនីមួយៗ។ ប៉ុន្តែជាទូទៅម្នាស់នេះ មានតម្លៃពី៤០០០ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម។
![](https://image.thmeythmey.com/pictures/2020/01/12/thumb2/honey_pineapple_4.jpg)
សកម្មភាពកម្មករ ជ្រលក់ទឹកដើមម្នាស់ទឹកឃ្មុំ ទុកសម្រាប់ដាំ។ រូបថត៖ លោក សាយ ពន្លឺចិត្តករុណា។
សព្វថ្ងៃ លោក សាយ ពន្លឺចិត្តករុណា កំពុងស្វែងរកដៃគូវិនិយោគនៃការផលិតកម្មកែច្នៃម្នាស់ និងបង្កើតសហគមអ្នកដាំម្នាស់នេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅបរទេសផងដែរ៕
![](https://image.thmeythmey.com/pictures/2020/01/12/thumb2/honey_pineapple_5.jpg)
Tag:
ម្នាស់
ទីផ្សារ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com