ជាតិ
នយោបាយជាតិ
តុលាការ ឲ្យមនុស្សជាង៣០នាក់ប៉ុណ្ណោះ ចូលរួមសវនាការលោក កឹម សុខា ![រូបពី AFP](https://image.thmeythmey.com/pictures/2020/01/13/________________afp.jpg)
រូបពី AFP
×![]()
សាលាដំបូងរាជធានីភ្នំពេញ ផ្តល់ដំណឹងថា បន្ទប់បើកសវនាការ លើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំង អាចដាក់មនុស្សបានប្រមាណជាង៣០នាក់ប៉ុណ្ណោះ។ តាមរយៈសេចក្តីជូនដំណឹង ដែលចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ ប្រាប់សាធារណជនឲ្យចុះឈ្មោះជាមុន បើចង់ចូលរួមសវនាការនេះ។
ការតម្រូវឲ្យចុះឈ្មោះជាមុននេះ គឺដើម្បីឲ្យសវនាការ ប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់ល្អ។ នេះបើតាមសេចក្តីជូនដំណឹងដដែល ដោយបញ្ជាក់ថា ការចុះឈ្មោះ ត្រូវឡើងចាប់ពីថ្ងៃទី១០ដល់ម៉ោង១១កន្លះព្រឹកថ្ងៃទី១៤ ខែមករា។
លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ និងលោក សួស វិទ្យារ៉ាន់ឌី ជាអនុប្រធាន មិនផ្តល់ព័ត៌មានឡើយថា មកដល់ពេល មានអ្នកទៅចុះឈ្មោះប៉ុន្មាននាក់ ដោយលោកទាំងពីរ បានត្រឹមតែប្រាប់ថា រដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការចុះឈ្មោះនេះ។
រដ្ឋាភិបាលបរទេសមួយចំនួន ដូចជា អាមេរិក និង ស្វីស ជាដើម បានប្រកាសថា នឹងតាមដានមើលសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។ លោក កឹម សុខា ប្រកាសតាមរយៈមេធាវីរួចហើយថា លោក នឹងចូលរួមសវនាការ នៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា។ សវនាការនេះ គឺជាសវនាការអង្គសេចក្តី ដើម្បីសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏គ្មាន។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋាន កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនលោក ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថាលោក លួចគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ តុលាការ ចាត់ទុកបទល្មើសនេះ ថាជាអំពើក្បត់ជាតិ។
ជាប់ឃុំបានមួយឆ្នាំ តុលាការ ក៏អនុញ្ញាតឲ្យលោក រស់នៅក្រៅឃុំបណ្តោះអាសន្ន ដោយបញ្ជូនទៅផ្ទះរបស់លោកវិញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨។ តែតុលាការ បានដាក់បម្រាមយ៉ាងតឹងរ៉ឹងចំពោះលោក។ រហូតដល់ចុងឆ្នាំ២០១៩ ទើបតុលាការ បន្ធូរបន្ថយបម្រាមខ្លះ ដោយអនុញ្ញាតឲ្យលោកដើរហើរដោយសេរីក្នុងប្រទេសកម្ពុជា និងអាចជួបអ្នកណាក៏បាន។
ទោះទទួលបានសេរីភាពនេះហើយក៏ដោយ ក៏ លោក កឹម សុខា មិនទាន់បានដើរទៅណាដែរ ក្រៅតែបន្តសម្ងំនៅក្នុងផ្ទះ។ តែមានទូតបរទេសជាបន្តបន្ទាប់ បានទៅជួបលោក ដល់គេហដ្ឋាន។ លោក ស្នើឲ្យតុលាកា ទម្លាក់បទចោទចេញពីលោក ដោយអះអាងជាដដែលៗថា លោក ជាមនុស្សស្អាតស្អំ៕
© រក្សាសិទ្ធិដោយ thmeythmey.com