ជាតិ
២៥ខេត្ត/រាជធានី
កន្ធាយក្បាលកង្កែបដែលជិតផុតពូជ ត្រូវបានរកឃើញពង៤៤៤ លើឆ្នេរខ្សាច់នៅក្រចេះ ![រូបភាពពីហ្វេសប៊ុកអង្គការ WCS](https://image.thmeythmey.com/pictures/2020/01/15/wcs.jpg)
រូបភាពពីហ្វេសប៊ុកអង្គការ WCS
×![]()
ភ្នំពេញ៖ ពងកន្ធាយក្បាលកង្កែបចំនួន១៣សំបុក ដែលមានចំនួន៤៤៤ពង ត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់តាមបណ្ដោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ ក្នុងចន្លោះខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ខែមករា ឆ្នាំ២០២០ នេះ ដោយអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការអភិរក្សសត្វព្រៃ (WCS) ។
បើតាមអង្គការ WCS ដែលបានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កន្ធាយក្បាលកង្កែប ជាសត្វដែលពិភពលោកយល់ថា ផុតពូជបាត់ទៅហើយ ប៉ុន្តែ ត្រូវបានគេប្រទះឃើញសាជាថ្មីនៅតាមដងទន្លេគង្គកម្ពុជា ចន្លោះពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម។
![](https://image.thmeythmey.com/pictures/2020/01/15/thumb2/wcs__2_.jpg)
(រូបភាពពីហ្វេសប៊ុកអង្គការ WCS)
អង្គការ WCS សហការជាមួយសហគមន៍នេសាទនានា ដើម្បីអនុវត្តកម្មវិធី«ការពារសំបុកអណ្ដើក» ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កម្មវិធីនេះ ទទួលបានការគាំទ្រពីសហភាពអ៊ឺរ៉ុប, ម៉ាហ្គារេត, ខាហ្គីល, ឧទ្យានសត្វព្រៃសឹង្ហបុរី និង Turtle Survival Alliance ផងដែរ។
សូមបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប ឬល្មិច (Pelochelys cantorii) ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់ IUCN ថា ជាប្រភេទសត្វដែលរងការគម្រាមគំហែងជាសកល៕
![](https://image.thmeythmey.com/pictures/2020/01/15/thumb2/wcs__1_.jpg)
(រូបភាពពីហ្វេសប៊ុកអង្គការ WCS)
© រក្សាសិទ្ធិដោយ thmeythmey.com