ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបំណងកែសម្រួលច្បាប់ការងារត្រង់ចំណុចខ្លះ ជាពិសេស ចង់ធ្វើឲ្យប្រាក់ខែរបស់កម្មករនិយោជិត ដែលធ្វើការងារពេលយប់ ស្មើនឹងប្រាក់ខែរបស់កម្មករនិយោជិត ដែលធ្វើការពេលថ្ងៃ ខណៈបច្ចុប្បន្ន អ្នកធ្វើការងាពេលយប់ អាចទទួលបានភាគរយនៃប្រាក់ខែ ច្រើនជាងអ្នកធ្វើការពេលថ្ងៃ។ លើសពីនេះ ក្រសួង ក៏ចង់លុបបំបាត់លែងឲ្យមានការលើកថ្ងៃសម្រាកបុណ្យជាតិ ដែលចំថ្ងៃសៅរ៍-អាទិត្យ ទៅថ្ងៃចន្ទដែរ។
ក្រសួងការងារ និងប្រធានសហជីព ដែលគាំទ្ររដ្ឋាភិបាល យល់ដូចគ្នាថា ការធ្វើវិសោធកម្មច្បាប់ស្ដីពីការងារត្រង់ចំណុចទាំងនេះ គឺជាការទាក់ទាញការវិនិយោគនិងបង្កើនការងារដល់កម្មករនិយោជិត។ ប៉ុន្តែប្រធានសហជីពខ្លះ ដែលឈរខាងកម្មករនិយោជិត អះអាងថា ការធ្វើវិសោធកម្មនេះ គឺខាតបង់ចំពោះកម្មករនិយោជិត ព្រោះច្បាប់បច្ចុប្បន្ន គិត១៥០ភាគរយលើការបន្ថែមម៉ោង ហើយ២០០ភាគរយលើការបន្ថែមម៉ោងពេលយប់ឬថ្ងៃឈប់សម្រាក។
លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ លើកឡើងថា ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររោងចក្រ សហគ្រាស និង គ្រឹះស្ថាន ដែលមានដំណើរការទាំង២វេន (វេនថ្ងៃនិងវេនយប់) «គឺជាការបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងកែច្នៃម្ហូបអាហារ» ជាដើម រួមទាំង «ជួយបង្កើនការងារដល់ប្រជាពលរដ្ឋ» ផងដែរ។ ការថ្លែងរបស់លោក អ៊ិត សំហេង ធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគី លើគម្រោងធ្វើវិសោធកម្មច្បាប់ស្ដីពីការងារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វេ។
វិសោធកម្មច្បាប់ការងារ ដែលក្រសួងការងារលើកឡើងក្នុងកិច្ចពិភាក្សា មាន៣ចំណុច គឺ ទី១ ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ទី២ ការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល និងទី៣ ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ។
លោក ជួន មុំថុល សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលមាននិន្នាការខាងរដ្ឋាភិបាល ថ្លែងប្រាប់ ក្រុមសារព័ត៌មានថា ច្បាប់ការងារបច្ចុប្បន្ន ដែលធ្វើឡើងកាលពីមុន គឺមិនវិវត្តតាមសេដ្ឋកិច្ចបច្ចុប្បន្នឡើយ។ លោក បន្ថែមថា ដោយមើលឃើញពីកំណើនការងារច្រើន ទើបលោកយល់ថា ការធ្វើវិសោធកម្មច្បាប់នេះ គឺចាំបាច់ត្រូវតែកែសម្រួល។
លោក ជួន មុំថុល (រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
លោក បញ្ជាក់បែបនេះថា៖«ច្បាប់ដែលយើងធ្វើកាលពីមុន មិនវិវត្តតាមសេដ្ឋកិច្ចបច្ចុប្បន្ន ឥឡូវយើងឈានដល់ឧស្សហកម្ម៤.០។ ច្បាប់ការងារយើង គឺមានមាត្រាដែលធ្វើការងារយប់គិតប្រាក់ខែខុសពីពេលថ្ងៃ។ ហេតុនេះ ធ្វើឲ្យថៅកែ ឲ្យតែដល់ម៉ោងហ្នឹងគឺអត់ធ្វើ ព្រោះប៉ះពាល់ដល់ការចាយលុយរបស់គេ។ អ៊ីចឹង ប្រសិនបើយើងធ្វើវិសោធកម្មច្បាប់លើមាត្រាហ្នឹង បងប្អូនកម្មករយើងជាង៣០ទៅ៤០ម៉ឺននាក់មានការងារធ្វើ ដោយសារមាត្រាហ្នឹង ហើយក្នុងមួយឆ្នាំៗកើនជាង៣០ម៉ឺននៃចំនួនការងារ។»
លោក ជួន មុំថុល ដែលជាទីប្រឹក្សាក្រសួងការងារដែរនោះ បន្តថា ប្រសិនបើមិនធ្វើវិសោធកម្មច្បាប់ការងារនេះ គឺជាកត្តាខាតបង់ ដោយលោក ពន្យល់ថា ថៅកែឬនិយោជក ខាត់បង់ពេលនិងការចំណាយថវិកា ហើយកម្មករនិយោជិតដែលចង់រកការងារក៏អត់មានការងារធ្វើ រួមទាំងរដ្ឋាភិបាលក៏បាត់ចំណូល។ លោក និយាយទៀត ការធ្វើវិសោធកម្មច្បាប់នៅមាត្រានេះ គឺអាចទាក់ទាញអ្នកវិនិយោគថ្មីៗ និងអ្នកវិនិយោគចាស់ៗបើវេនការងារបន្តទៀត។ លើសពីនេះ លោក យល់ថា បច្ចុប្បន្ន អ្នកធ្វើការងារពេលថ្ងៃក្នុងវិស័យកាត់ដេរមានប្រហែល១លាននាក់ ប្រសិនបើមានវេនយប់អាចនឹងបង្កើតការងារសម្រាប់និយោជិតប្រហែល១លាននាក់ទៀត។
ការធ្វើវិសោធកម្មច្បាប់នេះ ក្នុងអន្តរប្បញ្ញត្តិនឹងលើកឡើងថា កម្មករកាលពីមុននៅតែអាចទទួលបន្ត ដោយយមិនឲ្យបាត់ផលប្រយោជន៍នរណាម្នាក់ឡើយ។ ប៉ុន្តែអ្នកចូលធ្វើការបន្ទាប់ពីច្បាប់ចូលជាធរមានគិតតាមច្បាប់ថ្មី ដែលបានធ្វើវិសោធកម្មនេះ។ ចំណែកការឈប់សម្រាកការងារចំថ្ងៃសៅរ៍-អាទិត្យ គឺប៉ះពាល់ពាក់ព័ន្ធខ្លាំងដល់មន្ត្រីរាជការ។ ទាំងនេះជាការលើកឡើងរបស់លោក ជួន មុំថុល ដដែល ដោយលោក បន្ថែមថា កម្មករមិនដែលមានថ្ងៃឈប់ជំនួសទេ។ សម្រាប់លោក ចំណុចនេះជាមូលហេតុ ដែលរដ្ឋាភិបាលមើលឃើញថា បន្ទាប់ពីថ្ងៃសៅរ៍ឬអាទិត្យឈប់សម្រាក ហើយដល់ថ្ងៃចន្ទត្រូវសម្រាកមួយថ្ងៃទៀត គឺត្រូវស្ទះការងារនិងឯកសារមួយថ្ងៃទៀត ហើយករណីនេះ គឺស្មើរនឹងស្ទះលុយរាប់លានដែរ។
លោក អាត់ ធន់
យ៉ាងណា លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលមាននិន្នាការខាងកម្មករ មើលឃើញថា ការធ្វើវិសោធកម្មច្បាប់នេះ គឺមិនចំណេញដល់កម្មករទេ ដោយសារការងារវិនិយោគ «ត្រូវកាត់ពី១៣០ភាគរយ មកនៅ១០០ភាគរយ»។ លោក មានប្រសាសន៍ថា៖«ក្រសួងអះអាងថា ចំណេញដល់កម្មករ ខ្ញុំអត់ដឹង ព្រោះមើលឃើញជាក់ស្ដែងឃើញថាខាតព្រោះនិយោជកនឹងបន្ថែមវេនការងារ ដោយវេនយប់និងថ្ងៃទទួលបានស្មើរគ្នា»។
លោក អាត់ ធន់ វែកញែកឲ្យដឹងទៀតថា ច្បាប់ការងារបច្ចុប្បន្ន ប្រសិនកម្មករធ្វើថែមម៉ោងទទួលប្រាក់បន្ថែម១៥០ភាគរយ ហើយប្រសិនបើថែមម៉ោងចំថ្ងៃឈប់សម្រាក គឺទទួលបាន២០០ភាគរយ។ ប៉ុន្តែប្រសិនធ្វើវិសោធកម្មច្បាប់ការងារ ដោយបន្ថែមវេនការងារគិត១០០ភាគស្មើរ គឺមានន័យថា «ធ្វើការថ្ងៃនិងយប់បានប្រាក់ខែស្មើរគ្នា»។ ទន្ទឹមនឹងនេះ លោក សង្កត់ធ្ងន់ថា៖«ភាគីនិយោជកនឹងអាចបញ្ឈប់អ្នកការងារចាស់វេនយប់កាលពីមុន រើសចូលថ្មីដើម្បីគិតតាមច្បាប់ថ្មី»។
លោក អាត់ ធន់ បានស្នើរឲ្យរដ្ឋាភិបាលគួរតែរក្សាច្បាប់ណា ដែលចំណេញដល់កម្មករនិយោជិត៕