ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ - ថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងប្រទេសកម្ពុជា និងថ្នាក់ដឹកនាំរបស់ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មធំជាងគេនៅក្នុងប្រទេស បានជួបជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធខួប ៧ ឆ្នាំ នៃភាពជាដៃគូរយុទ្ធសាស្ត្រ ដែលតាមរយៈភាពជាដៃគូនេះ ប្រជាពលរដ្ឋខ្មែរយើងអាចទទួលបានការការពារ ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុនព្រូដិនសល នៅគ្រប់សាខាធនាគារ អេស៊ីលីដា ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ពិធីជួបជុំពិសារអាហារពេលល្ងាច ដើម្បីអបអរសាទរខួប ៧ ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ មានមានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់ មកពី ធនាគាអេស៊ីលីដា ក្រុមហ៊ុនព្រូដិនសល ព្រមទាំងមន្ត្រីតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។
ចាប់តាំងពី ក្រុមហ៊ុនព្រូដិនសល បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣មក ភាពជាដៃគូជាមួយ ធនាគាអេស៊ីលីដា មានសារៈសំខាន់បំផុត ហើយបាននាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងបានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រូដិនសល នៅតាមសាខាធនាគាអេស៊ីលីដា គឺជាបណ្តាញចែកចាយដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនព្រូដិនសល ហើយផលិតផលធានារ៉ាប់រងដូចគ្នានេះ ក៏ត្រូវបានដាក់ឱ្យចែកចាយដោយទីប្រឹក្សាអាយុជីវិតឯករាជ្យ នៅតាមសាខាក្រុមហ៊ុនព្រូដិនសលដោយផ្ទាល់ នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងក្រចេះផងដែរ។
ចាប់ពីឆ្នាំ ២០១៣មក ព្រូដិនសល មានទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន ប្រចាំការតាមសាខាធនាគារអេស៊ីលីដាតែ ៣៥ សាខាប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ព្រូដិនសល មានទីប្រឹក្សាហិរញ្ញវត្ថុប្រចាំការដល់ទៅ ១៥១ សាខារបស់ធនាគារអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា។
![](https://image.thmeythmey.com/pictures/2020/02/11/prodencail__2_.jpg)
ភាពជាដៃគូដ៏រឹងមាំមួយនេះ បានបង្កើនការចែកចាយផលិតផលធានារ៉ាប់រង ដល់ទៅ១៨ដង គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៣។ នេះជាសញ្ញាណដ៏ប្រពៃមួយដែលបង្ហាញពីភាពជាដៃគូកាន់តែរឹងមាំរវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុនព្រូដិនសល ក៏ដូចជាការកើនឡើងនៃតម្រូវការសេវាធានារ៉ាប់រងអាយុជីវិត ក្នុងទីផ្សារកម្ពុជា ដែលកំពុងរីកលូតលាស់ខ្លាំង។
លោក David Nutman អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖«វាពិតជាត្រឹមត្រូវណាស់ ដែលពួកយើងនិយាយថា ភាពជាដៃគូរបស់យើងជាមួយ ធនាគារអេស៊ីលីដា គឺជាបេះដូងនៃភាពជោគជ័យ នៃអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជា ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ហើយក្រុមហ៊ុនយើង នឹងមិនអាចទទួលបានជោគជ័យ ដូចបច្ចុប្បន្នឡើយ បើគ្មានការគាំទ្រ ពីលោកបណ្ឌិត អ៊ិន ចាន់នី និងក្រុមការងារប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈរបស់លោក នៅឯធនាគារអេស៊ីលីដា»។
លោក Nutman បានបន្ថែមទៀតថា៖ «ជោគជ័យរបស់យើងមួយទៀតនោះ គឺទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងភាគច្រើនពីប្រទេសកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Million Dollar Round Table ដែលស្មើនឹង ៦% នៃចំនួនភ្នាក់ងារចែកចាយផលិតផលធានារ៉ាប់រង ប្រកបដោយវិជ្ជាជីវៈ មកពីទូទាំងពិភពលោក។ ហើយពួកគេទាំងនោះ គឺសុទ្ធតែជាទីប្រឹក្សាហិរញ្ញវត្ថុ ដែលប្រចាំការនៅសាខាអេស៊ីលីដា ក្នុងប្រទេសកម្ពុជាយើងនេះឯង»។
លោក ហេង បូមករា អគ្គនាយករង ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលស្របតាមគោលនយោបាយជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩ ដល់ ២០២៥។ ក្នុងនាមធនាគារជាតិនៃកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ ដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បុគ្គលិកអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះសមិទ្ធផលរបស់ពួកគេ»។
![](https://image.thmeythmey.com/pictures/2020/02/11/prodencail__3_.jpg)
ថ្លែងក្នុងកម្មវិធីជួបជុំអាហារពេលល្ងាចនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនព្រូដិនសល និងកោតសសើរពីវិជ្ជាជីវៈ និងចំណេះដឹងរបស់ពួកគេ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង ដែលមានការការពារ និងសន្សំ ហើយជាផលិតផលថ្មីថ្មោង សម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយនោះ។
(អត្ថបទពាណិជ្ជកម្ម)