អន្តរជាតិ
ស​.​រ​.​អា​.​និង​ពួក​តា​លី​បង់​កំណត់​ថ្ងៃខែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​
22, Feb 2020 , 2:59 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​សាព័ត៌មាន ​ជាមួយ​លោករដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ ២០១៨។
រូបឯកសារ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​សាព័ត៌មាន ​ជាមួយ​លោករដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ ២០១៨។
ដោយ: VOA
​នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅពេល​ដំណាលគ្នា លោក​រដ្ឋមន្ត្រីការបរទេស​ស​.​រ​.​អា​. Mike Pompeo និង​ពួក​តា​លី​បង់​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ចព្រមព្រៀង​មួយ​រវាង​ស​.​រ​.​អា​.​និង​ពួក​តា​លី​បង់​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ដែល​នឹង​បើកផ្លូវ​ឱ្យមាន​ការបញ្ចប់​សង្គ្រាម​អាមេរិកាំង​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

 
​កិច្ចព្រមព្រៀង​នេះ​អំពាវនាវ​ឱ្យមាន​ការដក​កងកម្លាំង​ស​.​រ​.​អា​.​ទាំងអស់​តាម​ដំណាក់កាល​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ថ្នូរ​នឹង​ការធានារ៉ាប់រង​ពី​ពួក​តា​លី​បង់​ថា ពួកគេ​នឹងមិន​អនុញ្ញាតឱ្យ​ដែនដី​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​ប្រើប្រាស់​សម្រាប់​ការធ្វើ​ភេរវកម្ម ហើយ​ថា​ពួកគេ​នឹងចូលរួម​ក្នុង​ដំណើរការ​ផ្សះផ្សា​គ្នា​ជាមួយ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ឯទៀតៗ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់លោក Pompeo បាន​និយាយថា​៖ «​កិច្ចចរចា​រវាង​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន នានា​នឹង​ចាប់ផ្តើម​ធ្វើ​ឆាប់ៗ​នេះ ហើយនឹង​បន្ត​ពី​ជំហាន​ជា​មូលដ្ឋាន​នេះ​ដើម្បី​ធ្វើឱ្យមាន​កិច្ច​ឈប់​បាញ់​គ្នា​ទូលំទូលាយ​និង​អចិន្ត្រៃយ៍​មួយ ព្រមទាំង​អនាគត​ផែនទី​បង្ហាញផ្លូវ​ខាង​នយោបាយ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ​»​។​
 
​នៅមុន​ពិធី​ចុះ​ហត្ថា​លេខា​លើ​កិច្ចព្រមព្រៀង​នេះ នឹងមាន​រយៈពេល​៧​ថ្ងៃ​សម្រាប់​ការកាត់បន្ថយ​អំពើហិង្សា​ដោយ​ចាប់ផ្តើម​នៅ​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ​ដែល​នឹងត្រូវ​សង្កេត​ការ​ដោយ​ភាគី​ទាំងអស់​ក្នុង​សង្គ្រាម​នេះ​,
 
​កងកម្លាំង​ស​.​រ​.​អា​., ពួក​តា​លី​បង់ និង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ភាគី​ទាំងអស់​បាន​និយាយ​បំភ្លឺថា ពួកគេ​រក្សា​សិទ្ធិ​ក្នុង​ការតបត​នឹង​ការវាយប្រហារ​ណាមួយ​។​
 
​រយៈពេល​នេះ​ជា​វិធាន​ការកសាង​ការទុកចិត្ត​គ្នា ព្រមទាំង​ជាការ​ស្ទង់​ប្រមាណ​ឱ្យដឹងថា តើ​ពួក​តា​លី​បង់​មានការ​ត្រួតត្រា​ពេញលេញ​លើ​កងកម្លាំង​ប្រយុទ្ធ​របស់​ពួកគេ​ឬទេ​។​
 
​សេចក្តី​ថ្លេ​ង​ការណ៍​មួយ​របស់​ពួក​តា​លី​បង់​បាន​ចែងថា​៖ «​នៅពេលនេះ​ភាគី​ទាំងពីរ​បង្កើតឱ្យមាន​ស្ថានភាព​សន្តិសុខ​មួយ​នៅមុន​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​បានធ្វើ​សេចក្តី​អញ្ជើញ​ដល់​ពួក​អ្នកតំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​និង​អង្គការ​មួយចំនួន​ឱ្យ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​»​។​
 
​ពិធី​ចុះហត្ថលេខា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​រដ្ឋធានី​ដូ​ហា នៃ​ប្រទេស​កាតា ដែល​នៅ​ទីនោះ​ពួក​តា​លី​បង់​មាន​ការិយាល័យ​នយោបាយ​ក្រៅផ្លូវការ​មួយ​ជាច្រើន​ឆ្នាំ​មកហើយ​។ ភាគី​ទាំងពីរ​ក៏បាន​ធ្វើការ​ចរចា​ជិត​១៨​ខែ​នៅក្នុង​ក្រុង​នោះដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com