COVID-19
អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីល ចោទរដ្ឋមន្ត្រីសុខាភិបាលនិយាយបំផ្លើសរឿងប្រព័ន្ធសុខាភិបាលខ្សោយ ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro (កណ្ដាល), រដ្ឋមន្ត្រីសុខាភិបាល Luiz Henrique Mandetta (ស្តាំ) និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីល Paulo Guedes នៅសន្និសីទព័ត៌មានមួយ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២០ (Reuters)
× ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានច្រានចោលការអះអាងថា ប្រព័ន្ធសុខាភិបាលប្រទេសលោក នឹងដួលរលំនាខែក្រោយ ។ ការលើកឡើងរបស់មេដឹកនាំក្នុងប្រទេសអាមេរិកខាងត្បូងរូបនេះ គឺផ្ទុយនឹងរដ្ឋមន្ត្រីសុខាភិបាលលោក ខណៈចំនួនអ្នកស្លាប់ហក់ឡើងជិតទ្វេដង ហើយករណីឆ្លងឡើងហួស១៥០០នាក់ហើយនោះ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN ប្រចាំប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃសៅរ៍ទី ២១ ខែមីនា លោកប្រធានាធិបតី Jair Bolsonaro លើកឡើងថា៖«ខ្ញុំគិតថា លោក Mandetta បាននិយាយបំផ្លើស»។ លោក Bolsonaro និយាយសំដៅរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោក Luiz Henrique Mandetta ដែលកាលពីថ្ងៃសុក្រសប្តាហ៍មុន បាននិយាយថា ប្រព័ន្ធសុខាភិបាលដ៏ពុកផុយរបស់ប្រេស៊ីល នឹងដួលរលំ ដោយសារទម្ងន់នៃ COVID-19 ត្រឹមដំណាច់ខែមេសាខាងមុខ។
ទាក់ទិននឹងសម្ដីនេះ លោក Bolsonaro អះអាងថា ពាក្យថា «ដួលរលំ» គឺជាជម្រើសខុសនៃការប្រើពាក្យ។ លោកនិយាយដូច្នេះថា៖«អ្វីដែលយើងកំពុងធ្វើគឺកាត់បន្ថយការឆ្លង។ ខ្ញុំមិនជឿថា ប្រព័ន្ធសុខាភិបាលលោកនឹងដួលរលំឡើយ»។
ម្យ៉ាងវិញទៀត លោកប្រធានាធិបតីរូបនេះ តាមរយៈបណ្ដាញសង្គម Twitter បានសរសេរទៀតថា រដ្ឋាភិបាលលោក កំពុងផ្ដល់ប្រដាប់ធ្វើតេស្ត COVID-19 សម្រាប់មនុស្សប្រមាណ១០លាននាក់ទៀត ដែលពាក់កណ្ដាលត្រូវបានផ្ដល់រួចរាល់នៅតាមមន្ទីរពេទ្យនានាក្នុងខែនេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រដ្ឋ Sao Paulo ដែលជារដ្ឋមានប្រជាជនច្រើនបំផុត និងមាន បំផុតរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ បានប្រកាសថា បទបញ្ជាដាក់ប្រទេសទាំងមូលឲ្យនៅដាច់ដោយឡែក នឹងចូលជាធរមាន នាថ្ងៃអង្គារ ទី២៤ ខែមីនា។ ចំណាត់ការនេះ នឹងត្រូវអនុវត្តរហូតថ្ងៃទី៧ ខែមេសាខាងមុខ ដោយបិទរាល់ការដើរហើរ សេវាកម្ម និងអាជីវកម្មមិនចាំបាច់មួយចំនួន។
សូមបញ្ជាក់ថា តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអាទិត្យ ២២ ខែមីនា បានបង្ហាញថា អ្នកស្លាប់ដោយសារ COVID-19 នៅប្រេស៊ីល បានឡើងដល់២៥នាក់ ខណៈអ្នកឆ្លងសរុបឡើងដល់ ១៥៤៦នាក់ ក្រោយពីរកឃើញជាង៤០០ករណីថ្មី៕
Tag:
ប្រេស៊ីល
Jair Bolsonaro
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com